Alumni Events

5th Annual KAPE's Scholar Alumni Event

Date : 2019-06-10

អតីតសិស្សនិងនិស្សិតអាហារូបករណ៍របស់អង្គការ ខេប បានប្រមូលផ្តុំគ្នារៀបចំការប្រជុំប្រចាំឆ្នាំលើកទី៥ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងកំពង់ចាម ដោយមានអ្នកចូលរួមចំនួន១១២រូប ដែលមកពីស្ថានប័នផ្សេងៗគ្នា។ ការជួបជុំនេះមានគោលបំណងបង្ហាញសមាសភាពក្រុម Secretariat ចំនួន១១រូប ជាតំណាងក្រុមនិស្សិតអាហារូបករណ៍ទាំងអស់ ជាពិសេសផ្តល់ឱកាសដល់ពួកគាត់ធ្វើការផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកពីភាពជោគជ័យក្នុងអាជីពការងារ ការរស់នៅ ក្តីសុបិន្តនាពេលអនាគត និងបញ្ហាប្រឈមនានា រំលឹកអនុស្សាវរីយ៍ និងបង្កើនចំណមិត្តភាពយូរអង្វែង។ ម្យ៉ាងវិញទៀត កម្មវិធីនេះផ្តល់បរិយាកាសដល់ពួកគាត់ចូលរួមចំណែកធ្វើវីភាគទាន ផ្តល់កាលានុវត្តភាព និងពង្រឹងការជួយដល់យុវជនជំនាន់ក្រោយ ដើម្បីទទួលបានការអប់រំល្អប្រសើរ និងក្លាយជាអ្នកនាំគំរូក្នុងសហគមន៍របស់ពួកគាត់។

 

ការជួបជុំអតីតសិស្សនិងនិស្សិតនេះត្រូវបានរៀបចំឡើងចំនួន៥លើកហើយរួមទាំងថ្ងៃនេះផងក្នុងការផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងសិស្សនិងនិស្សិតអាហារូបករណ៍ពីជំនាន់មួយទៅជំនាន់មួយទៀត និងអង្គការ ខេប។ លោក ហ៊ិន ស៊ីមហួន នាយរងប្រតិបត្តិអង្គការ ខេប បានអញ្ជើញចូលរួមផ្តល់នូវអនុសាសន៍ និងចំណាប់អារម្មណ៍ដល់ប្អូនៗជាយុវជនទាំងអស់ឱ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់រៀនសូត្រ ធ្វើការងារ និងអភិវឌ្ឍខ្លួនជារៀងរាល់ថ្ងៃ។ ទោះបីទទួលជោគជ័យពីការសិក្សា និងកិច្ចការងារក៏ដោយ ក៏ត្រូវបង្កើតទម្លាប់ជួយបន្តទៅសិស្សជំនាន់ក្រោយៗទៀតឱ្យមានឱកាសទទួលបានការអប់រំល្អប្រសើរ និងមានអាជីពនៅក្នុងជីវិត។

 

មកដល់បច្ចុប្បន្ននេះ អង្គការ ខេប បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្រិតឧត្តមសិក្សាចំនួន១៧១រូប និងគរុសិស្សបឋមនិងមធ្យមចំនួន៦០រូប ដែលក្នុងនោះ៣០រូបកំពុងសិក្សានៅសាកលវិទ្យាល័យក្នុងខេត្តកំពង់ចាម និងមួយចំនួនទៀតកំពុងសិក្សានៅក្រុងភ្នំពេញ និងប្រទេសថៃ។ ក្រោយបញ្ចប់ការសិក្សាជោគជ័យ ពួកគាត់បានចេញបម្រើការងារនៅតាមស្ថាប័ននានា និងបើកអាជីវកម្មផ្ទាល់ខ្លួននៅកន្លែងផ្សេងៗគ្នា ដូចជា៖ គ្រូបង្រៀន អ្នកលក់ មន្ត្រីព័ត៌មានវិទ្យា អ្នកទីផ្សារ ពេទ្យ អ្នកទំនាក់ទំនង បេឡា គណនេយ្យករ វិស្វករព័ត៌មានវិទ្យា បុគ្គលិកក្រុមហ៊ុន អ្នកជំនួយការ អ្នកប្រឹក្សាយោបល់ អ្នកគ្រប់គ្រងធនធានមនុស្ស អ្នករចនាប្លង់ ពេទ្យព្យាបាលចលនា មន្ត្រីបណ្តុះបណ្តាលអង្គការ អាជីវករប្តូរនិងវេប្រាក់វីង ប្រធានគ្រប់គ្រងទូទៅ មន្រ្តីរដ្ឋបាល មន្ត្រីកម្មវិធី ប្រធានកម្មវិធី និងប្រធានក្រុម។

 

លោក អ៊ុន ដារ៉ូ ជាប្រធានគ្រប់គ្រងទូទៅនៅរមណីយដ្ឋាន ហាន់ជ័យ បានមានប្រសាសន៍ថា “នេះជាលើកទី១ ខ្ញុំមានសេចក្តីសប្បាយរីករាយដែលមានឱកាសមកជួបជុំមិត្តភ័ក្រ បងប្អូន លោកគ្រូអ្នកគ្រូ និងម្ចាស់ជំនួយ ជាពិសេសធ្វើឱ្យការជួបជុំគ្រួសារសិស្សនិស្សិតអាហារូបករណ៍អង្គការ ខេប បង្កើតការចែករំលែកចំណេះដឹង បទពិសោធន៍ និងរឿងរ៉ាវជាច្រើនទៀត។ មានការចែករំលែកពីរាមច្បងនូវបទពិសោធន៍សម្រាប់អនុវត្តបន្ត”។ លោកបានបន្តថា “នេះគឺជាចំណុចផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងជីវិត ព្រោះបើខ្ញុំមិនបានទទួលអាហារូបករណ៍ទេ ខ្ញុំប្រាកដជាបោះបង់ការសិក្សាកាលពីនៅថ្នាក់ទី៧មកម្លេះ។ អាហារូបករណ៍អង្គការ ខេប ធ្វើឱ្យខ្ញុំបានបន្តការសិក្សានៅប្រទេសថៃ និងធ្វើឱ្យធូរស្រាលដល់គ្រួសារខ្ញុំ ស្គាល់ពិភពលោកខាងក្រៅ និងជាពិសេសធ្វើឱ្យខ្ញុំទទួលបានការងារមួយដ៏ល្អ”។

 

“កម្មវិធីជួបជុំអតីតសិស្សនិស្សិតអាហារូបករណ៍អង្គការ ខេប ធ្វើឱ្យខ្ញុំរៀនបានច្រើនពីកម្មវិធីពីការចែករំលែកពីរាមច្បង និងមិត្តភ័ក្រផ្សេង និងធ្វើយមានមោទនភាព។ នៅកន្លែងការងារគឺជាសមរភូមិ ហើយសាលារៀនគឺជាកន្លែងហ្វឹកហាត់។ អង្គការ ខេប បានផ្តល់មាគា៌ដល់ពួកខ្ញុំបានចេញដើរប្រឡូកជាមួយពិភពលោកខាងក្រៅ ជួបមនុស្សថ្មីៗ និងឆ្លុះបញ្ចាំងភាពខុសគ្នាពេលសិក្សា និងពេលចេញបម្រើការងារ។ អ្វីដែលសំខាន់មួយទៀតនៅក្នុងការជួបជុំគ្នានេះ អង្គការ ខេប បានជំរុញឱ្យមានការបង្កើតវប្បធម៌ចែករំលែកដោយស្ម័គ្រចិត្តចូលរួមជាបដិភាគទៅក្នុងកញ្ចប់ថវិកាអតីតសិស្សនិងនិស្សិតសម្រាប់ជួយទ្រទ្រង់ដល់សិស្សក្រីក្រដទៃទៀត”។

Facebook Twitter Google+ LinkedIn Addthis

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders