ព័ត៌មាន និងព្រឹត្តិការណ៍

សិស្សថ្នាក់ទី១០ចំនួន៦៧នាក់ទទួលទទួលអាហារូបករណ៍ពីគម្រោង GEI

Date : 2018-11-20
Facebook Twitter Google+ LinkedIn Addthis

សិស្សថ្នាក់ទី១០ ចំនួន៦៧នាក់ ដែលមកពីវិទ្យាល័យ ក្រូចឆ្មារ វិទ្យាល័យ ប៉ើស២ និងវិទ្យាល័យ អម្ព័រវ័នជំនីក បានទទួលអាហារូបករណ៍ជាសម្ភារសម្រាប់សិក្សាពីគម្រោងអប់រំកុមារី ឬហៅកាត់ថា GEI រួមមាន៖ អាវ សំពត់ ខោ សម្ភារគណិតវិទ្យា សៀវភៅសរសេរ ប៉ិច និងសាក់កាដូនៅក្នុងឆ្នាំសិក្សា ២០១៨-២០១៩។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឪពុកម្តាយ លោកគ្រូអ្នកគ្រូ លោកនាយក សហគមន៍ គណៈកម្មាការទ្រទ្រង់សាលារៀន តំណាងពីការិយាល័យអប់រំ យុវជន និងកីឡាស្រុកក្រូចឆ្មារ មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ និងតំណាងម្ចាស់ជំនួយរបស់អង្គការមូលនិធិអូកទ្រី អូស្រ្តាលី។

 

លោក ហ៊ីម​ គង់ នាយកវិទ្យាល័យ ក្រូចឆ្មារ បានមានប្រសាសន៍ថា “ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយក្រៃលែងក្នុងកម្មវិធីចែកសម្ភារអាហារូបករណ៍ដល់សិស្សក្រីក្រនៅវិទ្យាល័យខ្ញុំ ហើយសូមថ្លែងអំណរគុណដល់អង្គការ ខេប អង្គការមូលនិធិអូកទ្រីដែលបានជួយដល់ការបង្រៀន និងរៀន។ ជាពិសេសសូមប្អូនៗខិតខំរៀនសូត្រឱ្យពូកែថែមទៀត”។

 

ជាការឆ្លើយតបនឹងកម្មវិធីនេះ លោក នូ ផល្លាភិរ័ត្ន អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានបង្ហាញចំណាប់អារម្មណ៍ថា “ខ្ញុំសូមអំពាវនាវគ្រប់សមាសភាពទាំងអស់ចូលរួមលើកស្ទួយការអប់រំខ្លាំងជាងមុន និងសូមអរគុណដល់ម្ចាស់ជំនួយអូកទ្រី អង្គការ ខេប លោកគ្រូអ្នកគ្រូ និងឪពុកម្តាយដែលបានចូលរួមនៅថ្ងៃនេះ​ ”។

 

កញ្ញា ហ៊ឹម ម៉ារី ប្រធានសម្របសម្រួលកម្មវិធីអប់រំបញ្ចូលគ្នាបានលើកឡើងថា “គម្រោងអង់រំកុមារីមានអាយុកាលវែងជាងគេបំផុតនៅក្នុងអង្គការ ខេប។ យើងមើលឃើញថា គម្រោងនេះបានធ្វើឱ្យយុវតីទទួលបានការអប់រំល្អ និងទទួលបានប្រាក់ខែពី៤០០ដុល្លាឡើងទៅ។ គម្រោងនេះបានជួយដល់សិស្សស្រីរៀនជំនាញបច្ចេកទេសដូចសិស្សប្រុសដែរ។ គម្រោងអប់រំកុមារីនេះនឹងត្រូវបិទបញ្ចប់នៅខែធ្នូ ឆ្នាំ២០១៨នេះ”។

 

ឆ្លើយតបនឹងតម្រូវការសិក្សារបស់សិស្សក្រីក្រ តំណាងអង្គការមូលនិធិអូកទ្រី កញ្ញា អេឌី ហ្វាហ៊ី បានលើកមតិថា “ ខ្ញុំបានជួបសិស្សជាច្រើនមានការសប្បាយចិត្តខ្លាំង និងក៏រីករាយដែលខ្ញុំបានធ្វើការជាមួយអង្គការ ខេប។ បន្ទាប់ពីខ្ញុំបានជួបអតីតសិស្សអាហារូបករណ៍អង្គការ ខេប ដែលបានចេញបម្រើការងារមក បានលើកទឹកចិត្តខ្ញុំដ៏រំភើបដើម្បីនឹងអាចចែករំលែកនូវប្រាក់ចំណូលរបស់ខ្ញុំមួយចំនួនជួយដល់សិស្សក្រីក្របន្តការសិក្សាទៀតបាន បើសិនពួកគេត្រូវការ ”។

 

សិស្សទាំង៣១រូបព្រមទាំងឪពុកម្តាយរបស់ពួកគាត់មានសេចក្តីរំភើបរីករាយដោយបានទទួលអាហាររូបករណ៍គាំទ្រដល់ការសិក្សារបស់ខ្លួន។ យុវតីឈ្មោះស្រីនិចជាសិស្សថ្នាក់ទី ១០ បាននិយាយថា “នាងខ្ញុំជាសិស្សអាហារូបករណ៍អង្គការ ខេប ពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ក្នុងកម្មវិធីចែកអារូបករណ៍ដល់សិស្សក្រីក្រនៅថ្ងៃនេះ។ ខ្ញុំបានទទួលអាហារូបករណ៍ពីអង្គការ ខេប រយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០១៥​ ដល់២០១៩ ដោយទទួលបានដូចជា៖ កង់ មក់ សម្ភារសិក្សា សម្លៀកបំពាក់ និងថវិកាប្រចាំខែ​ និងកម្មវិធីបំណិនជីវិតយកទៅអនុវត្តនៅផ្ទះ។ ម្យ៉ាងទៀត ខ្ញុំបានទទួលការបណ្តុះបណ្តាលផ្នែកប្រឹក្សាអាជីព ភាពជាអ្នកដឹកនាំ ការដោះស្រាយបញ្ហា ចក្ខុវិស័យ ការកំណត់ទិសដៅទៅអនាគតធ្វើជាអ្នកធុរកិច្ច ការនាម័យខ្លួនប្រាណ។ ខ្ញុំក៏បានប្រែប្រួលជីវិតខ្ញុំដែរ ដូចជា៖ ក្កាហាន ហ៊ានបញ្ចេញមតិយោបល់នៅចំពោះមុខលោកគ្រូអ្នកគ្រូ ការចេះចាយវាយលើសម្ភារសិក្សា និងសម្លៀកបំពាក់ ហើយក៏បានធ្វើឱ្យធូរស្រាលដល់ជីវភាពគ្រួសារបានមួយកម្រិតលើការសិក្សា ហើយសិស្សអាហារូបករណ៍ក៏ប្រែប្រួលដែរ។ ប្រសិនបើគ្មានអារូបករណ៍អង្គការ ខេប ទេ ខ្ញុំប្រហែលជាបោះបង់ការសិក្សាយូរមកហើយ ”។

 

តំណាងឪពុកម្តាយបានសម្តែងសេចក្តីថ្លែងអំណរគុណចំពោះអង្គការ ខេប និងអង្គការមូលនិធិអូកទ្រីដែលបានជួយផ្តល់អាហារូបករណ៍ដល់កូនៗរបស់ពួកគាត់បានបន្តការសិក្សា។ សិស្សអាហារូបករណ៍ទាំង៣១នាក់បានច្រៀងចម្រៀងជូនដល់កម្មវិធីទាំងមូលស្តាប់កំសាន្តផងដែរ។

 

ជាសរុប កម្មវិធីនេះពិតជាបង្កនូវភាពរីករាយដល់អ្នកចូលរួមទាំងអស់គ្នា ដែលជំរុញឱ្យប្អូនៗជាសិស្សដែលទទួលបានអារូបករណ៍ថ្ងៃនេះខិតខំប្រឹងប្រែងរៀនសូត្រឱ្យពូកែ មិនឱ្យលោកគ្រូអ្នកគ្រូ លោកនាយក និងឪពុកម្តាយខកបំណងឡើយ៕ 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ