ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបំប៉នស្តីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាលា និងគ្រូបង្រៀន

Date : 2019-01-19
Facebook Twitter Google+ LinkedIn Addthis

គម្រោងសហសាលាកម្ពុជា ហៅកាត់ថា (USC) គឺជាគម្រោងថ្មីមួយរបស់អង្គការខេប ដែលផ្តោតលើការងារអប់រំទាំង​មត្តេយ្យ សិក្សា និងបឋមសិក្សា ហើយគម្រោងនេះបានទទួលមូលនិធិ Kinchan ពីប្រទេសអាល្លឺម៉ង់ ដើម្បីរៀបចំបំប៉នចំនួន៣វគ្គ រួមមាន៖ ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាលាលើការរៀបចំបញ្ជីស្នាមរដ្ឋបាល, ការពង្រឹងសមត្ថភាពគ្រូក្រុមប្រឹក្សាកុមារ និងការតម្រង់ទិសគ្រូទទួលបន្ទុកផ្នែកសិទ្ធិកុមារ ដល់សាលាគោលដៅទាំង៧ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅក្នុងកំឡុងខែមករា ឆ្នាំ២០១៩នេះ ដោយមានសិក្ខាកាមចំនួន ២៧នាក់ចូលរួម ដូចជានាយកសាលា នាយករង គ្រូបង្រៀនថ្នាក់ទី៥ និងទី៦ និងគ្រូដឹកនាំក្រុមប្រឹក្សាកុមារ។

 

វគ្គបំប៉នទី១ស្តីពីការរៀបចំឯកសារបញ្ជីស្នាមរដ្ឋបាលមានគោល បំណងពង្រឹងលើដំណើរការប្រើប្រាស់ថវិកាអំណោយសាលារៀនថប្រកបដោយប្រសិទ្ធភាព វិធីសាស្រ្តរៀបចំសំណើសុំបុរេប្រទាន ការទូទាត់ កាត់បន្ថយភាពរាំងស្ទះ និងបង្កើនការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យឯកសារ ដើម្បីឈានទៅរកការអនុវត្តន៍ការប្រើប្រាស់ថវិកាឱ្យកាន់តែប្រសើរឡើងប្រកបដោយតម្លាភាព។

 

លោក ឃោន សុឡុញ ជានាយកសាលាបឋមសិក្សាទួលមាឌ បានមានប្រសាសន៍ថា “ជាការពិតណាស់ការរៀបចំ និងការ គ្រប់គ្រងឯកសារតាមសាលារៀនកន្លងមក ជាពិសេសសាលា​ទួលមាឌនៅមានចំណុចខ្វះចន្លោះច្រើនដោយសារមិនបានស្វែង យល់ស៊ីជម្រៅលើឯកសារណែនាំរដ្ឋបាល។ ម្យ៉ាងទៀត កិច្ចការ សាលាច្រើន ដូចច្នេះ ធ្វើឱ្យពួកគាត់មិនបានទុកដាក់ឯកសារត្រឹមត្រូវតាមការណែនាំរបស់ថ្នាក់ដឹកនាំអប់រំ។ ក្រោយពីចូលរួមវគ្គបំប៉នេះហើយ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីរបៀបរៀបចំឯកសារ ជាពិសេសគឺឯកសារពាក់ព័ន្ធអង្គការ ខេប”។

 

ចំណែកវគ្គបំប៉នទីពីរស្តីពីការពង្រឹងសមត្ថភាពគ្រូក្រុមប្រឹក្សាកុមារមានគោលបំណងឱ្យសិក្ខាកាមផ្តល់ឱកាសឱ្យកុមាររៀនធ្វើការងារជាក្រុម ការចូលរួមបញ្ចេញមតិយោបល់ធ្វើសកម្មភាពនានាដោយស្មគ្រ័ចិត្ត ប្រកបដោយស្មារតីម្ចាស់ការចំពោះខ្លួនឯង និងសង្គម ជាពិសេស លើកកម្ពស់ការយល់ដឹងពីការអនុវត្តន៍សិទ្ធិកុមារ និងគោលការណ៍ប្រជាធិបតេយ្យ។ សកម្មភាពវគ្គបំប៉ននេះបំផុសសំណួរជាច្រើនអំពីក្រុមប្រឹក្សាកុមារ និមិត្តសញ្ញាក្រុមប្រឹក្សាកុមារខ្លឹមសារ និងបង្ហាញអំពីរចនាសម្ព័ន្ធគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកុមារ ការជម្រុញឱ្យគ្រូទទួលបន្ទុកត្រូវពង្រឹងដំណើរការក្រុមប្រឹក្សាកុមារឱ្យមានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងសមាសភាគទីប្រាំនៃកម្មវិធីសាលាកុមារមេត្រី និងផ្តល់ឱកាសដល់កុមារក្នុងការចូលរួមអភិវឌ្ឍសាលារៀនរបស់ពួកគាត់។

 

នៅក្នុងវគ្គតម្រង់ទិសទី៣ស្តីពីការពង្រឹងសមត្ថភាពគ្រូទទួលបន្ទុកផ្នែក សិទ្ធិកុមារ មានគោលបំណងឱ្យសិក្ខាកាមរៀនពីការរៀបរាប់ពីកម្រងសិទ្ធិទាំងបួនរបស់កុមារបានត្រឹមត្រូវ ការកំណត់ឱ្យច្បាស់លាស់ពីតួអង្គពាក់ព័ន្ធក្នុងការអនុវត្តន៍អនុសញ្ញាស្តីពីសិទ្ធិកុមារ។ វគ្គនេះក៏បានបង្ហាញដល់គ្រូទទួលបន្ទុកឱ្យយល់ដឹងពីការរៀបចំផែនការបង្រៀនសិទ្ធិទាំង​បួនរបស់កុមារដល់សិស្ស និងការបង្កលក្ខណៈឱ្យកុមារទទួលបាននូវសិទ្ធិជាមូលដ្ឋានដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ។

 

គម្រោង USC បានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការគ្រួសារយើង ដែលទទួលខុសត្រូវលើការសាងសង់មត្តេយ្យសិក្សាក្នុងតំបន់ជនបទដាច់ស្រយាលជាមួយសហគមន៍ដែលគ្មានសាលាមត្តេយ្យសិក្សា។ ជារួមសាលាមត្តេយ្យចំនួន១២កន្លែងត្រូវបានបង្កើតឡើងរហូតដល់បច្ចុប្បន្ននៅក្នុងខេត្តចំនួន៣ (ក្នុងនោះ មត្តេយ្យសិក្សាចំនួន១កន្លែងនៅឃុំហាន់ជ័យ ខេត្តកំពង់ចាមគាំទ្រដោយអង្គការ ខេប។ ក្នុងឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះ អង្គការ ខេប បានព្រមព្រៀងជាមួយអង្គការគ្រួសារយើងគាំទ្រសាលាមត្តេយ្យ និងបឋមសិក្សាក្នុងគោលដៅជាមួយគ្នាសម្រាប់កែលម្អសកម្មភាពអំណានថ្នាក់ដំបូង ពង្រឹងសមត្ថភាពគ្រូបង្វឹកអំណាន អាហារូបកណ៍ កែលម្អការគ្រប់គ្រងសាលារៀន ពង្រឹងការចូលរួមរបស់សហគមន៍ និងក្រុមប្រឹក្សាកុមារជាដើម។

 

លោកជន បុប្ផា មន្ត្រីគម្រោងបានលើកឡើងថា “ក្រោយពេលទទួលបានវគ្គបំប៉ន ទាំងនាយកសាលា នាយករង គ្រូទទួលបន្ទុកក្រុមប្រឹក្សាកុមារ និងគ្រូទទួលបន្ទុកផ្នែកសិទ្ធិកុមារនៅសាលាគោលដៅទាំង៧នៅក្នុងខេត្តសៀមរាបមានការតាំងចិត្តខ្ពស់ចំពោះការអនុវត្តន៍ និងចែករំលែកចំណេះដឹងទាំងអស់ដែលពួកគាត់ទទួលបានពីវគ្កនេះ ជាពិសេស ផ្នែកឯកសាររដ្ឋបាលហិវញ្ញវត្ថុ ពួកគាត់នឹងធ្វើតាមការណែនាំរបស់មន្ត្រីជំនាញផ្នែកហិរញ្ញវត្ថុរបស់អង្គការ ខេប លើការរៀបចំទុកដាក់ឯកសារ ដំណើរការឯកសារ និងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងមានតម្លាភាព។ ជាចុងក្រោយ លោកបានណែនាំបន្ថែមដល់សាលាគោលដៅឱ្យយកចិត្តទុកដាក់រៀបចំតារាងតម្លាភាពដើម្បីបិទផ្សាយជាសាធារណៈទាំងក្នុងសាលា និងក្រៅសាលារៀន និងបានដឹកនាំធ្វើផែនការពង្រឹងការអនុវត្តតួនាទីរៀងៗខ្លួន។

 

បច្ចុប្បន្ននេះ គម្រោង USC មានបឋមសិក្សាគោលដៅចំនួន ១២សាលា ដែលក្នុងនោះចំនួន ៧សាលាស្ថិតក្នុងខេត្តសៀមរាប និងចំនួន ៤សាលាក្នុងខេត្តរនៈគិរី និង ១សាលាទៀតក្នុងខេត្តកំពង់ចាម ហើយនិងមត្តេយ្យគោលដៅ១សាលាក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមផងដែរ។

 

ជាលទ្ធផល វគ្គបំប៉ននេះបាននាំមកនូវវិធីសាស្រ្តល្អៗបន្ថែមសម្រាប់ដឹកនាំសាលារៀន ដឹកនាំក្រុមប្រឹក្សាកុមារ និងការបង្រៀនប្រកបដោយប្រសិទ្ធភាព និងមានគុណភាព។ លោកនាយក នាយករង និងលោកគ្រូអ្នកគ្រូមានសេចក្តីសប្បាយរីករាយដែលបានចូលរួមក្នុងសកម្មភាពបំប៉នរបស់គម្រោង ពួកគាត់បានយល់ដឹងច្រើនជាងមុន ហើយនឹងយកវិធីសាស្រ្តថ្មីៗងាយស្រួលទៅអនុវត្តនៅសាលារៀនរបស់ពួកគាត់ឱ្យបានល្អ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

7

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ