ព័ត៌មាន និងព្រឹត្តិការណ៍
វគ្គបំប៉នស្តីពីការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាលា និងគ្រូបង្រៀន
Date : 2019-01-19គម្រោងសហសាលាកម្ពុជា ហៅកាត់ថា (USC) គឺជាគម្រោងថ្មីមួយរបស់អង្គការខេប ដែលផ្តោតលើការងារអប់រំទាំងមត្តេយ្យ សិក្សា និងបឋមសិក្សា ហើយគម្រោងនេះបានទទួលមូលនិធិ Kinchan ពីប្រទេសអាល្លឺម៉ង់ ដើម្បីរៀបចំបំប៉នចំនួន៣វគ្គ រួមមាន៖ ការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសាលាលើការរៀបចំបញ្ជីស្នាមរដ្ឋបាល, ការពង្រឹងសមត្ថភាពគ្រូក្រុមប្រឹក្សាកុមារ និងការតម្រង់ទិសគ្រូទទួលបន្ទុកផ្នែកសិទ្ធិកុមារ ដល់សាលាគោលដៅទាំង៧ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅក្នុងកំឡុងខែមករា ឆ្នាំ២០១៩នេះ ដោយមានសិក្ខាកាមចំនួន ២៧នាក់ចូលរួម ដូចជានាយកសាលា នាយករង គ្រូបង្រៀនថ្នាក់ទី៥ និងទី៦ និងគ្រូដឹកនាំក្រុមប្រឹក្សាកុមារ។
វគ្គបំប៉នទី១ស្តីពីការរៀបចំឯកសារបញ្ជីស្នាមរដ្ឋបាលមានគោល បំណងពង្រឹងលើដំណើរការប្រើប្រាស់ថវិកាអំណោយសាលារៀនថប្រកបដោយប្រសិទ្ធភាព វិធីសាស្រ្តរៀបចំសំណើសុំបុរេប្រទាន ការទូទាត់ កាត់បន្ថយភាពរាំងស្ទះ និងបង្កើនការប្រុងប្រយ័ត្នក្នុងការត្រួតពិនិត្យឯកសារ ដើម្បីឈានទៅរកការអនុវត្តន៍ការប្រើប្រាស់ថវិកាឱ្យកាន់តែប្រសើរឡើងប្រកបដោយតម្លាភាព។
លោក ឃោន សុឡុញ ជានាយកសាលាបឋមសិក្សាទួលមាឌ បានមានប្រសាសន៍ថា “ជាការពិតណាស់ការរៀបចំ និងការ គ្រប់គ្រងឯកសារតាមសាលារៀនកន្លងមក ជាពិសេសសាលាទួលមាឌនៅមានចំណុចខ្វះចន្លោះច្រើនដោយសារមិនបានស្វែង យល់ស៊ីជម្រៅលើឯកសារណែនាំរដ្ឋបាល។ ម្យ៉ាងទៀត កិច្ចការ សាលាច្រើន ដូចច្នេះ ធ្វើឱ្យពួកគាត់មិនបានទុកដាក់ឯកសារត្រឹមត្រូវតាមការណែនាំរបស់ថ្នាក់ដឹកនាំអប់រំ។ ក្រោយពីចូលរួមវគ្គបំប៉នេះហើយ សិក្ខាកាមទាំងអស់បានយល់ដឹងកាន់តែច្បាស់អំពីរបៀបរៀបចំឯកសារ ជាពិសេសគឺឯកសារពាក់ព័ន្ធអង្គការ ខេប”។
ចំណែកវគ្គបំប៉នទីពីរស្តីពីការពង្រឹងសមត្ថភាពគ្រូក្រុមប្រឹក្សាកុមារមានគោលបំណងឱ្យសិក្ខាកាមផ្តល់ឱកាសឱ្យកុមាររៀនធ្វើការងារជាក្រុម ការចូលរួមបញ្ចេញមតិយោបល់ធ្វើសកម្មភាពនានាដោយស្មគ្រ័ចិត្ត ប្រកបដោយស្មារតីម្ចាស់ការចំពោះខ្លួនឯង និងសង្គម ជាពិសេស លើកកម្ពស់ការយល់ដឹងពីការអនុវត្តន៍សិទ្ធិកុមារ និងគោលការណ៍ប្រជាធិបតេយ្យ។ សកម្មភាពវគ្គបំប៉ននេះបំផុសសំណួរជាច្រើនអំពីក្រុមប្រឹក្សាកុមារ និមិត្តសញ្ញាក្រុមប្រឹក្សាកុមារខ្លឹមសារ និងបង្ហាញអំពីរចនាសម្ព័ន្ធគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាកុមារ ការជម្រុញឱ្យគ្រូទទួលបន្ទុកត្រូវពង្រឹងដំណើរការក្រុមប្រឹក្សាកុមារឱ្យមានប្រសិទ្ធភាពក្នុងការឆ្លើយតបទៅនឹងសមាសភាគទីប្រាំនៃកម្មវិធីសាលាកុមារមេត្រី និងផ្តល់ឱកាសដល់កុមារក្នុងការចូលរួមអភិវឌ្ឍសាលារៀនរបស់ពួកគាត់។
នៅក្នុងវគ្គតម្រង់ទិសទី៣ស្តីពីការពង្រឹងសមត្ថភាពគ្រូទទួលបន្ទុកផ្នែក សិទ្ធិកុមារ មានគោលបំណងឱ្យសិក្ខាកាមរៀនពីការរៀបរាប់ពីកម្រងសិទ្ធិទាំងបួនរបស់កុមារបានត្រឹមត្រូវ ការកំណត់ឱ្យច្បាស់លាស់ពីតួអង្គពាក់ព័ន្ធក្នុងការអនុវត្តន៍អនុសញ្ញាស្តីពីសិទ្ធិកុមារ។ វគ្គនេះក៏បានបង្ហាញដល់គ្រូទទួលបន្ទុកឱ្យយល់ដឹងពីការរៀបចំផែនការបង្រៀនសិទ្ធិទាំងបួនរបស់កុមារដល់សិស្ស និងការបង្កលក្ខណៈឱ្យកុមារទទួលបាននូវសិទ្ធិជាមូលដ្ឋានដូចមានចែងនៅក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ។
គម្រោង USC បានធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការគ្រួសារយើង ដែលទទួលខុសត្រូវលើការសាងសង់មត្តេយ្យសិក្សាក្នុងតំបន់ជនបទដាច់ស្រយាលជាមួយសហគមន៍ដែលគ្មានសាលាមត្តេយ្យសិក្សា។ ជារួមសាលាមត្តេយ្យចំនួន១២កន្លែងត្រូវបានបង្កើតឡើងរហូតដល់បច្ចុប្បន្ននៅក្នុងខេត្តចំនួន៣ (ក្នុងនោះ មត្តេយ្យសិក្សាចំនួន១កន្លែងនៅឃុំហាន់ជ័យ ខេត្តកំពង់ចាមគាំទ្រដោយអង្គការ ខេប។ ក្នុងឆ្នាំសិក្សាថ្មី ២០១៨-២០១៩នេះ អង្គការ ខេប បានព្រមព្រៀងជាមួយអង្គការគ្រួសារយើងគាំទ្រសាលាមត្តេយ្យ និងបឋមសិក្សាក្នុងគោលដៅជាមួយគ្នាសម្រាប់កែលម្អសកម្មភាពអំណានថ្នាក់ដំបូង ពង្រឹងសមត្ថភាពគ្រូបង្វឹកអំណាន អាហារូបកណ៍ កែលម្អការគ្រប់គ្រងសាលារៀន ពង្រឹងការចូលរួមរបស់សហគមន៍ និងក្រុមប្រឹក្សាកុមារជាដើម។
លោកជន បុប្ផា មន្ត្រីគម្រោងបានលើកឡើងថា “ក្រោយពេលទទួលបានវគ្គបំប៉ន ទាំងនាយកសាលា នាយករង គ្រូទទួលបន្ទុកក្រុមប្រឹក្សាកុមារ និងគ្រូទទួលបន្ទុកផ្នែកសិទ្ធិកុមារនៅសាលាគោលដៅទាំង៧នៅក្នុងខេត្តសៀមរាបមានការតាំងចិត្តខ្ពស់ចំពោះការអនុវត្តន៍ និងចែករំលែកចំណេះដឹងទាំងអស់ដែលពួកគាត់ទទួលបានពីវគ្កនេះ ជាពិសេស ផ្នែកឯកសាររដ្ឋបាលហិវញ្ញវត្ថុ ពួកគាត់នឹងធ្វើតាមការណែនាំរបស់មន្ត្រីជំនាញផ្នែកហិរញ្ញវត្ថុរបស់អង្គការ ខេប លើការរៀបចំទុកដាក់ឯកសារ ដំណើរការឯកសារ និងការប្រើប្រាស់ថវិកាឱ្យមានប្រសិទ្ធភាព និងមានតម្លាភាព”។ ជាចុងក្រោយ លោកបានណែនាំបន្ថែមដល់សាលាគោលដៅឱ្យយកចិត្តទុកដាក់រៀបចំតារាងតម្លាភាពដើម្បីបិទផ្សាយជាសាធារណៈទាំងក្នុងសាលា និងក្រៅសាលារៀន និងបានដឹកនាំធ្វើផែនការពង្រឹងការអនុវត្តតួនាទីរៀងៗខ្លួន។
បច្ចុប្បន្ននេះ គម្រោង USC មានបឋមសិក្សាគោលដៅចំនួន ១២សាលា ដែលក្នុងនោះចំនួន ៧សាលាស្ថិតក្នុងខេត្តសៀមរាប និងចំនួន ៤សាលាក្នុងខេត្តរនៈគិរី និង ១សាលាទៀតក្នុងខេត្តកំពង់ចាម ហើយនិងមត្តេយ្យគោលដៅ១សាលាក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាមផងដែរ។
ជាលទ្ធផល វគ្គបំប៉ននេះបាននាំមកនូវវិធីសាស្រ្តល្អៗបន្ថែមសម្រាប់ដឹកនាំសាលារៀន ដឹកនាំក្រុមប្រឹក្សាកុមារ និងការបង្រៀនប្រកបដោយប្រសិទ្ធភាព និងមានគុណភាព។ លោកនាយក នាយករង និងលោកគ្រូអ្នកគ្រូមានសេចក្តីសប្បាយរីករាយដែលបានចូលរួមក្នុងសកម្មភាពបំប៉នរបស់គម្រោង ពួកគាត់បានយល់ដឹងច្រើនជាងមុន ហើយនឹងយកវិធីសាស្រ្តថ្មីៗងាយស្រួលទៅអនុវត្តនៅសាលារៀនរបស់ពួកគាត់ឱ្យបានល្អ៕
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
42
មត្តេយ្យសិក្សា172
បឋមសិក្សា110
មធ្យមសិក្សា6
ឧត្តមសិក្សា120,831
សិស្សានុសិស្ស2,806
គ្រូបង្រៀន / នាយក1,496
ភាគីពាក់ព័ន្ធ