Alumni Events

កម្មវិធីជួបជុំអតីតសិស្សអាហារូបករណ៍របស់អង្គការ ខេប លើកទី៣

Date : 2017-03-11

អតីតសិស្សអារូបករណ៍ជំនាន់ទី១និងទី២ និងសិស្សជំនាន់ទី៣នៃកម្មវិធីអប់រំបញ្ចូលគ្នា (IEP) របស់អង្គការ ខេប បានរៀបចំពិធីជួបជុំប្រចាំឆ្នាំនៅរសៀលនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ នៅភូមិទី១ សង្កាត់វាលវង់ ក្រុង កំពង់ចាម​ ខេត្តកំពង់ចាម ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនាក់រវាងអតីតសិស្សអាហារូបករណ៍ជាមួយអង្គការ ខេប និងការចែករំលែកបទពិសោធន៍របស់អតីតសិស្សអាហារូបករណ៍ជំនាន់ទី១ និងទី២ ដល់សិស្សអាហារូបករណ៍ជំនាន់ទី៣ស្តីពីការសិក្សា និងការងារ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីភ្ញៀវបរទេស ដែលជាគ្រូបង្រៀនភាសាអង់គ្លេសដល់សិស្សខេបជំនាន់ទី៣ និងអ្នកពាក់ព័ន្ធ ព្រមទាំងបុគ្គលិកអង្គការ ខេប។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយសិស្សអាហារូបករណ៍ជំនាន់ទី៣ និងសម្របសម្រួលដោយអង្គការ ខេប ដោយមានការសម្តែងរបាំបុរាណខ្មែរ សូត្រកំណាព្យ សម្តែងរឿងអប់រំខ្លីស្តីរសជាតិជីវិត ការច្រៀង និងរាំលេងកំសាន្តដោយសិស្សខេបជំនាន់ទី៣ប្រកបដោយសេចក្តីសប្បាយរីករាយ។​

 

ចូលរួមក្នុងពិធីជួបជុំជាអធិបតីភាព លោក ហ៊ិន ស៊ីមហួន នាយករងប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា “ថ្ងៃនេះគឺថ្ងៃដ៏អស្ចារ្យមួយដែលយើងកម្របានជួបគ្នាដូចក្នុងថ្ងៃនេះ ហើយប្អូនៗកូនៗស្រីមានការងារ និងបានជួបអ្វីថ្មីៗជាច្រើននៅក្នុងជីវិត។ ប្អូនៗកូនៗបានចាកចេញឆ្ងាយពីឪពុកម្តាយ និងក្រុមគ្រួសារមកបន្តការសិក្សាតាមរយៈគម្រោងអាហារូបករណ៍សិស្សនៅសាកលវិទ្យាល័យ“។ លោកបន្តទៀតថា “វាជាឱកាសដ៏ល្អដែលប្អូនៗកូនៗបានបញ្ចប់ការសិក្សាទទួលបានការងារធ្វើ រួចមកជួបជុំគ្នាចែករំលែកបទពិសោធន៍ ការងារទាំងនោះដល់ប្អូនៗជំនាន់ក្រោយ (ជំនាន់ទី៣) ដើម្បីរៀនសូត្រអំពីវិរៈភាពមួយចំនួនពីជំនាន់មុនៗសម្រាប់ ធ្វើយ៉ាងណាឱ្យទទួលបានការងារល្អៗ និងជោគជ័យក្នុងការសិក្សា

 

ទោះបីសិស្សអាហារូបករណ៍បានបញ្ចប់ការសិក្សាពីមួយជំនាន់ទៅមួយជំនាន់ក៏ដោយ ជាពិសេសអាហារូបករណ៍សិស្សស្រីនៅសាកលវិទ្យាល័យ ក៏អង្គការ ខេប នៅតែបន្តស្វះស្វែងរកការឧបត្ថម្ភគាំទ្របន្តទៅជំនាន់ក្រោយៗទៀត និងរក្សាឱ្យមានបណ្តាញទំនាក់ទំនងដោយសម្របសម្រួល និងបង្កលក្ខណៈឱ្យមានកម្មវិធីជួបជុំរៀងរាល់ឆ្នាំជានិរន្ត។ បន្ទាប់ពីជំនាន់មួយត្រូវបានបញ្ចប់ ជំនាន់មួយទៀតត្រូវបន្ត និងរៀនសូត្រពីជំនាន់មុនៗ ដូចជា៖ បទពិសោធន៍ការសិក្សា ការងារ និងការបង្កើតនិងដឹកនាំគ្រួសារបន្ទាប់ពីបញ្ចប់ការសិក្សាទៅ។

 

លោក ឃឺត ប្រ៊ែដិនប៊ែក ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់អង្គការ​ ខេប បានមានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អសម្រាប់អង្គការ ខេប បង្ហាញអំពីអ្វីដែល ខេប បានធ្វើល្អនាពេលកន្លងមក។ ការអភិវឌ្ឍគឺផ្តល់ឱ្យមនុស្សមានផ្លូវជីវិត។ ការកសាងផ្លូវថ្នល់ ការកសាងសាលារៀន តែសំខាន់អភិវឌ្ឍមនុស្សឱ្យមានជម្រើសនៅក្នុងជីវិត។ ខ្ញុំមានការសប្បាយចិត្តយ៉ាងខ្លាំងព្រោះបានឃើញកូនសិស្សទាំងអស់នៅទីនេះគ្មានផ្លូវទៅមុនកាលពីមុន  តែឥឡូវនេះមានផ្លូវដើរទៅមុខគឺជាអ្វីមួយដែលយើងបានសម្រេចផល។ វាបានផ្តល់បទពិសោធន៍ជាច្រើនសម្រាប់អង្គការ​ ខេប និងមានសារៈសំខាន់ទៅថ្ងៃមុខទៀត ព្រោះមានម្ចាស់អំណោយចំនួនពីរស្ថានប័នទៀតដែលចាប់អារម្មណ៍ខ្លាំងជាមួយការងារគម្រោងនេះ។ យើងសង្ឃឹមថា គម្រោងនេះកាន់តែធំឡើង និងអាចពង្រីកបន្ថែមទៀតដោយមានទាំងសិស្សស្រី និងសិស្សប្រុសចូលរៀន។ អង្គការ ខេប កើតតាំងពីឆ្នាំ១៩៩៩ មកដល់ពេលនេះមានអាយុកាលជិតពីរទស្សរ៍ និងឆាប់ៗនេះនឹងខិតចូលទស្សរ៍ទី៣ហើយ។ ដូច្នេះ ខេបក្លាយទៅជាស្ថានប័នមានស្ថេរភាព និងមានឱកាសសម្រាប់ពង្រីកកម្មវិធីបន្តទៀត។ ពីរស្ថាប័ននោះបានក្លាយទៅជាសេដ្ឋី ហើយគេក៏មិនភ្លេចអ្នកក្រីក្រ គេចង់កសាងសង្គម ដូចជា៖ ការជួយដល់ប្អូនៗកូនៗឱ្យមានផ្លូវជម្រើសសម្រាប់ជីវិត។​ ខ្ញុំគិតថា ប្អូនៗនៅទីនេះថ្ងៃនេះនឹងមិនភ្លេចអង្គការ ខេប និងការជួយដល់ប្អូនៗជំនាន់ក្រោយៗទៀតឱ្យមានជម្រើសសម្រាប់ជីវិតពួកគេដែរ។ កម្មវិធីនៅថ្ងៃនេះល្អមែនទែនព្រោះវាបានធ្វើឱ្យមានទំនាក់ទំនងល្អរវាងអតីតសិស្ស និងសិស្សថ្មី និងជាមួយអង្គការ ខេប។ ​

 

កម្មវិធីអប់រំបញ្ចូលគ្នាបានផ្តល់អាហារូបករណ៍ដល់គរុសិស្សឱ្យបានបន្តការសិក្សានៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមផងដែរក្នុងពេលកន្លង។

 

លោកនាយកសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ចាមបានមានប្រសាសន៍ថា “នេះគឺជាកម្មវិធីដ៏កម្រមួយដែលផ្សារភ្ជាប់ទំនាក់ទំនាក់គ្នាដោយអ្នកចេះច្រើនទៅបង្រៀនអ្នកចេះតិច អ្នកជំនាន់មុនត្រួសត្រាយផ្លូវដល់អ្នកជំនាន់ក្រោយ។ ដូច្នេះវាជាការផ្សារភ្ជាប់ទៅវិញទៅមកនូវចំណេះដឹង និងជំនាញផ្ទាល់ខ្លួនយ៉ាងសំខាន់ណាស់បន្ទាប់ពីបញ្ចប់ការសិក្សាទៅ។ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាជ្រៅចំពោះអង្គការ ខេប ដែលបានចូលរួមចំណែកយ៉ាងច្រើនចំពោះវិស័យអប់រំ។ អង្គការ ខេប ​បានជួយរដ្ឋាភិបាលច្រើនណាស់ ជាពិសេសវិស័យអប់រំនេះតែម្តង ធ្វើយ៉ាងណាឱ្យវិស័យអប់រំមានការរីកចម្រើន។ ខ្ញុំបានឃើញអង្គការ ខេប ផ្តល់អាហារូបករណ៍ដល់គរុសិស្សក្រីក្ររបស់ខ្ញុំបានបន្តការសិក្សាបានច្រើនណាស់មកដល់ពេលនេះ។ ចុងបញ្ចប់នេះ ខ្ញុំសូមជូនពរដល់ម្ចាស់ជំនួយ និងអង្គការ ខេប ទទួលបានជោគជ័យគ្រប់ភារកិច្ច និងបន្តជួយដល់សិស្សក្រីក្របន្តទៀត

 

ការជួបជុំប្រចាំឆ្នាំចែករំលែកបទពិសោធន៍ក្នុងថ្ងៃនេះបានធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួម និងសប្បុរសជនសម្រាប់ជួយឧបត្ថម្ភលើកទឹកចិត្តដល់សិស្សអាហារូបករណ៍ទាំងអស់ឱ្យខិតខំរៀនសូត្រ និងស្វែងរកជម្រើសអនាគតដ៏ល្អ និងចេះចែករំលែកនូវភាពជោគជ័យនេះដល់អ្នកជំនាន់ក្រោយៗ។

 

កញ្ញា ឈុន សុផា អតីតសិស្សាអាហារូបករណ៍ខេបជំនាន់ទី១មកពីស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ និងបានកំពុងបម្រើការងារក្នុងគម្រោងងាយស្រួលរៀនរបស់អង្គការ ខេប ក្នុងខេត្តស្វាយរៀង​ បានចែករំលែកបទពិសោធន៍ និងសម្តែងមតិដូច្នេះថា ខ្ញុំមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំងដែលមានឱកាសបានឡើងមកនិយាយនៅលើវេទិការនេះ។ ទាក់ទងនឹងជីវភាពរបស់ខ្ញុំវិញគ្មានឱកាសបានឈានជើងមកបន្តការសិក្សានៅសាកលវិទ្យាល័យ និងចូលរួមក្នុងកម្មវិធីនេះប្រសិនបើខេបមិនបានជួយខ្ញុំ។ ខ្ញុំជាកូនកំព្រាទាំងឪពុកម្តាយ ត្រូវរស់នៅជាមួយបងប្អូន។ ពេលខ្ញុំបញ្ចប់ការសិក្សាពីថ្នាក់ទី១២ភ្លាម ខ្ញុំមានអារម្មណ៍ឯកាណាស់ មិនដឹងជាទៅចាប់អី យកអ្វីនោះទេព្រោះខ្ញុំគ្មានអ្នកទីពឹង។ ខ្ញុំសូមអរគុណដល់អង្គការ ខេប ខ្លាំងមែនទែនដែលបានផ្តល់ជាអាហារូបករណ៍រយៈពេល៤ឆ្នាំដល់នាងខ្ញុំ ធ្វើឱ្យខ្ញុំមានកំលាំងចិត្ត និងក្តីសង្ឃឹមដោយខិតខំរៀនសូត្រទទួលបានចំណាត់ថ្នាក់ល្អប្រាចាំថ្នាក់ ហើយទទួលបានការងារល្អធ្វើនៅពេលបញ្ចប់ការសិក្សា។​ ចំពោះបទពិសោធន៍ការងារវិញ ខ្ញុំគឺជាអ្នករដ្ឋបាល និងហិរញ្ញវត្ថុសំខាន់គឺ​ភាពស្មោះត្រង់ ការតស៊ូព្យាយាម ធ្វើការងារមិនត្រូវគិតថាដល់ម៉ោងចេញគឺចេញ ដល់ម៉ោងចូលគឺចូលនោះទេ គឺត្រូវគិតថាតើការងាររបស់យើងរួចហើយនៅ? ប្រសិនបើយើងប្រៀបធៀបការសិក្សារបស់សិស្សអាហារូបករណ៍ខេបនៅសាកលវិទ្យាល័យ ជាមួយសិស្សរៀននៅសាលាឯកជនផ្សេងវិញ គឺសិស្សខេបរៀនបានដិតដល់ជាង និងមានការត្រួតពិនិត្យវាយតម្លៃប្រចាំខែ។ សិស្សខេបស្នាក់នៅអន្តេវាសិកដ្ឋានរយៈពេល៤ឆ្នាំ ពេលយប់រៀនជាក្រុមស្វ័យសិក្សាជាមួយគ្នា យល់ទុក្ខធុរៈគ្នា អត់ចេះសួរគ្នាទៅវិញទៅមក មានជាក្លឹបសិក្សា រួមមាន៖ ភាសាអង់គ្លេស កុំព្យូទ័រ និងវគ្គសិក្សាខី្លៗផ្សេងៗ (ហិរញ្ញវត្ថុ ស្ថិតិ …។ល។) ដោយអង្គការ ខេប បានជួលអ្នកជំនាញមកពីភ្នំពេញ និងស្ថាប័នផ្សេងៗមកបង្រៀន។ ខ្ញុំរៀនបានពិន្ទុខ្ពស់ៗ។  កញ្ញា សុផា បន្តថា “គ្រូបង្រៀននៅសាកលវិទ្យាល័យនិយាយថា សិស្សខេបរៀនបានពិន្ទុល្អៗ ហើយប្រណាំងគ្នាធ្វើលំហាត់នៅពេលប្រឡងម្តងៗ

 

កញ្ញា ម៉ុល សុធា អតីតនិស្សិតអាហារូបករណ៍ខេប និងកំពុងធ្វើការជា នៅ ហើយក៏ធ្លាប់ធ្វើការងារនៅអង្គការ ខេប​ ក្នុងឆ្នាំ២០១៥-២០១៦ បានបញ្ចេញទស្សនៈនៅក្នុងកម្មវិធីនេះថា “ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងនៅក្នុងថ្ងៃនេះ ហើយខ្ញុំក៏សូមអរគុណដល់អង្គការ ខេប ដែលបានផ្តល់បទពិសោធន៍ការងារទំនាក់ទំនង និងការងារជាច្រើនទៀត ជាពិសេសចាប់តាំងពីពេលខ្ញុំបានចូលរៀនរហូតដល់ពេលខ្ញុំបានការងារធ្វើ ”។ កញ្ញា សុធា បានលើក៣ចំណុចសំខាន់មកបកស្រាយថា “ ចំណុចទី១ផ្តោតសំខាន់លើការទំនាក់ទំនងជាមួយអង្គការ ខេប និងបុគ្គលិកគឺមានលក្ខណៈល្អខ្លាំងណាស់ព្រោះធ្វើការងារដោយមានការសហការគ្នា រួមគ្នា ការទំនាក់ទំនងល្អទៅវិញទៅមក ការផ្លាស់ប្តូរយោបល់គ្នា និងការចេះជួយគ្នាទៅវិញទៅមក គឺខ្ញុំទុកអង្គការ ខេប ដូចជាគ្រួសាររបស់ខ្ញុំម្នាក់ដែរ។ ចំណុចទី២គឺការធ្វើការងារជាក្រុមនៅខេបមានលក្ខណៈល្អមែនទែន។ បុគ្គលិកចេះជួយគ្នានៅពេលគេទំនេរ។ ចំណុចទី៣គឺជំនាញពាក់ព័ន្ធនឹងការអភិវឌ្ឍសាលារៀន ធ្វើការងារជាមួយគ្រូ នាយកសាលា និងសិស្សានុសិស្សដូចលោក ឃឹត បានមានប្រសាសន៍ចឹង គឺយើងធ្វើឱ្យប្អូនៗមានជម្រើសជីវិតទៅថ្ងៃខាងមុខ។ ខ្ញុំចាត់ទុកវាជាជំនាញរបស់ខ្ញុំព្រោះខ្ញុំចូលចិត្តវា ”។ សុធាបានបន្តថា “បច្ចុប្បន្ននេះ ខ្ញុំធ្វើការងារផ្នែករដ្ឋាននៅវិទ្យាស្ថានបច្ចេកវិទ្យា គិរីរម្យ នៅឧស្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ។ ខ្ញុំបានធ្វើការងារជាមួយមនុស្សចម្រុះជាតិសាសន៍មានការលំបាកច្រើន រួមមាន៖ ជនជាតិហ្វីលីពីន ឥណ្ឌា និងជប៉ុន ព្រោះពេលខ្លះខ្ញុំត្រូវទទួលអ៊ីមែលពីមេរបស់ខ្ញុំទាំងយប់ និងតម្រូវ​ធ្វើការងារទាំងយប់ ដើម្បីឆ្លើយតបទាន់ពេលវេលានៃការងារកំណត់។ សុធាបាននិយាយថា “ការងារខ្ញុំជាបុគ្គលិករដ្ឋបាលទេ ប៉ុន្តែខ្ញុំត្រូវធ្វើការងារឱ្យដូចជាមេដឹកនាំវិទ្យាស្ថានចឹង។ ប្រសិនបើខ្ញុំធ្វើការងារជាមេដឹកនាំវិទ្យាស្ថានវិញ ខ្ញុំត្រូវតែធ្វើឱ្យដូចជាចៅហ្វាយនាយនៅទីកន្លែងនោះដែរ។​ ការធ្វើការងារគឺផ្អែកទៅលើលទ្ធផល ដោយយើងមិនបានកំណត់អំពីម៉ោងចេញចូលឡើយ។ យើងធ្វើការងារឱ្យគេចង់បានប្រាក់បៀវត្សរ៍ខ្ពស់ ប៉ុន្តែគេក៏ចង់បានអ្វីពីយើងខ្ពស់ដែរ។ ខ្ញុំបានធ្វើការងារនៅទីនោះបាន៦ខែជាង និងសម្រេចលទ្ធផលបានល្អច្រើន ហើយខ្ញុំគិតថា ខ្ញុំបានជោគជ័យខ្លះៗហើយ។ យើងធ្វើការងារចង់រីកចម្រើនត្រូវតែជួបបញ្ហាប្រឈមច្រើន និងត្រូវផ្លាស់ប្តូរទៅរកកន្លែងដែលមានការប្រឈមច្រើន និងល្អជាងនៅតែមួយកន្លែង”

 

កកញ្ញា ប៉ាវ វ៉ាន់ចាន់ អតីតសិស្សអាហារូបករណ៍ខេប និងបច្ចុប្បន្នជាបុគ្គលិកក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិ Prudential សហការជាមួយធនាគារ អេស៊ីលីដា បានបង្ហាញទស្សនៈរបស់នាងថា ខ្ញុំបានជោគជ័យមកដល់ពេលនេះគឺខ្ញុំត្រូវខិតខំប្រឹងប្រែងរៀនសូត្រខ្លាំងណាស់។ យើងរៀនមិនមែនរៀនតែមួយមុខទេ គឺត្រូវទៅរៀនវគ្គខ្លីៗបន្ថែមទៀត ត្រូវចូលរួមធ្វើការងារសង្គមដោយស្ម័គ្រចិត្ត ពេលកំពុងរៀនកុំគិតថា ខ្ជិលធ្វើការងារ គិតតែរៀនសិនទៅ។ ខ្ញុំផ្ទាល់មិនគិតដូច្នោះទេ គឺខ្ញុំបានចូលរួមធ្វើការងារស្ម័គ្រចិត្តផ្សេងៗដើម្បីទទួលបាននូវបទពិសោធន៍។ ក្នុងនាមជាអតីតនិស្សិតគម្រោងអាហារូបករណ៍និស្សិតស្រីនៅសាកលវិទ្យាល័យ (CTSP) បានជោគជ័យមកដល់ពេលនេះដោយសារយើងបានខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាបំផុត។ យើងដឹងហើយថា ការងារនៅធនាគារ អេស៊ី​លីដា មានក្រិតក្រមខ្លាំង ព្រោះជាការងារប្រកបដោយវិជ្ជាជីវៈ។ ទាក់ទងការបណ្តុះបណ្តាលផង និងជាបុគ្គលិកផងសម្រាប់ក្រុមហ៊ុន Prudential និងអេស៊ីលីដា គឺធនាគារ អេស៊ីលីដា មានថ្នាក់គ្រប់គ្រងច្រើននាក់ ដែលយើងត្រូវទទួលរ៉ាប់រងការងារច្រើនផ្នែក ដូចជា៖ ការជួបនិងរៀបចំដំណើរការអតិថិជន ផ្នែករដ្ឋបាល និងជាអ្នកលក់។ ការងារក៏ដូចជាការផ្សារភ្ជាប់នឹងការសិក្សា កាលណាយើងខិតខំប្រឹងប្រែងពីក្មេងទៅ ការរៀបចំទុកដាក់ខ្លួន និងភាពជាអ្នកដឹកនាំចាប់ពីឥឡូវទៅគឺជាចំណែកដ៏ធំធេងសម្រាប់ធ្វើឱ្យការងាររបស់យើង ទទួលបានជោគជ័យដែរ។ ឧទាហរណ៍ៈ បើយើងរៀននៅសាលាដោយមិនបានខ្វាយខ្វល់អ្វីៗ ធ្វើធម្មតាៗចឹង ឫមិនចាប់អារម្មណ៍ចង់បានអ្វីអញ្ចឹង យើងអត់មានរបៀបគ្រប់គ្រងក្នុងខ្លួន ពេលនោះការងាររបស់យើងចេញមកក៏ដូចគ្នាអញ្ចឹងដែរ។ ខ្ញុំសូមឱ្យប្អូនៗជំនាន់ក្រោយខិតខំប្រឹងប្រែងរៀនសូត្រតាមអ្វី ដែលអង្គការ ខេប បានជួយ។​ ការងារបង្រៀនយើងទាំងភាពបរាជ័យ និងភាពជោគជ័យ ប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវហ៊ានទទួលយកនូវបរាជ័យមកវិវត្តទៅជាជោគជ័យ

 

លោក ប៊ុត សុខសាន្ត អតីតគរុសិស្សអាហារូបករណ៍ខេប ជំនាន់ទី៣៣ និងបច្ចុប្បន្នជាគ្រូបង្រៀន បានលើកឡើងថា ខ្ញុំមានសេចក្តីសប្បាយរីករាយដោយសារបានទទួលអាហារូបករណ៍ជាថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្ញុំ នៅសាលាគរុកោសល្យ និងវិក្រិតការ។ ក្នុងពេលកំពុងសិក្សា អង្គការ ខេប​ បានបង្កលក្ខណៈបន្ថែមទៀត ដូចជាការបង្កើតក្លឹបរៀនជាច្រើនជាមួយគ្នា ចែករំលែកចំណេះ និងជួយគ្នាទៅវិញទៅមកដើម្បីឱ្យគរុសិស្ស យល់ច្បាស់អំពីបញ្ហាផ្សេងៗ។​​ ការបង្រៀនសិស្សថ្នាក់ទី១គឺមានការលំបាកដូចចាប់ក្តាមដាក់ក្នុងឆ្អេរចឹង ជីវិតរបស់យើងត្រូវតែតស៊ូព្យាយាមទើបជោគជ័យ។ ខ្ញុំសូមលើកទឹកចិត្តចំពោះកម្មវិធីនេះឱ្យធ្វើបន្តទៀតព្រោះវាបានបង្ហាញអ្វីដែលយើងមិនដែលដឹង ហើយបានដឹងនៅថ្ងៃនេះ

 

កអតីតសិស្សអាហារូបករណ៍ IEP បានលើកឡើងថា​ “បន្ទាប់ពីនាងខ្ញុំបានបញ្ចប់ការសិក្សាច្បាប់គ្រូរយៈពេល២ឆ្នាំ ខ្ញុំបានជាប់ទៅបង្រៀននៅសាលាក្បែរផ្ទះវិញ។ ខ្ញុំបានមកឈរជើងនិយាយនៅនេះដោយសារតែអង្គការ ខេប បានជួយផ្តល់អាហារូបករណ៍ដល់ខ្ញុំចាប់តាំងពីអនុវិទ្យាល័យ និងបានរៀននៅសាលាគរុកោសល្យរយៈពេល២ឆ្នាំទៀត។ ការរៀនរយៈពេល២ឆ្នាំនេះធ្វើឱ្យខ្ញុំមានបទពិសោធន៍ច្រើនអំពីការរស់នៅជាមួយមិត្តមកពីខេត្តកំពង់ធំ និងមិត្តដទៃទៀត។ ខ្ញុំមានក្តីស្រមៃបន្តដែលខ្ញុំគិតថា ខ្ញុំអាចធ្វើបានគឺអាហារូបករណ៍ទៅរៀននៅបរទេស។​ យើងត្រូវមានក្តីស្រមៃខ្ពស់ទើបធ្វើឱ្យយើងខិតខំំរៀន។ ខ្ញុំក៏ចង់ក្លាយទៅជាអ្នកពាណិជ្ចកម្មនៅក្នុងអនាគតផងដែរ

 

អតីតសិស្សអាហារូបករណ៍កញ្ញា សំអុល បាននិយាយថា "អង្គការ ខេប បានធ្វើឱ្យជីវិតនាងខ្ញុំផ្លាស់ប្តូរ!"។

 

កម្មវិធីជួបជុំអតីតសិស្សអាហារូបករណ៍នៅថ្ងៃនេះគឺជាប្រវត្តិសាស្រ្តទី៣ បន្ទាប់ពីការជួបជុំក្នុងឆ្នាំ២០១៦ ដោយមានការគាំទ្រពីអ្នកពាក់ព័ន្ធ ពីអតីតសិស្សនិស្សិតអាហរូបករណ៍ និងក៏មានចូលរួមជាថវិកាសម្រាប់ដំណើរការកម្មវិធីនេះផងដែរ។ អតីតសិស្សអាហារូបករណ៍ទាំងអស់បានស្ម័គ្រចិត្តបរិច្ចាគថវកាចំនួន ១ដុល្លាអាមេរិកម្នាក់ក្នុងមួយខែទៅក្នុងកញ្ចប់ថវិកាសម្រាប់ជួយដល់សិស្សស្រីក្រីក្រជំនាន់ក្រោយទៀតឱ្យ បានបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។ សិស្សក្រីក្រកម្ពុជានឹងអាចមានឱកាសបន្តការសិក្សាស្វែងរកជម្រើស ល្អសម្រាប់អនាគតពួកគេបានអាស្រ័យទៅលើការឧបត្ថម្ភគាំទ្រពីគ្រប់ភាគីទាំងអស់នៅលើសកលលោក៕

Facebook Twitter Google+ LinkedIn Addthis

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ