សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការចូលរួមគណៈកម្មការគ្រប់គ្រងសាលាធ្វើឱ្យបរិស្ថានសាលារៀនមានការផ្លាស់ប្តូរ

Date : 2021-05-24
Facebook Twitter Google+ LinkedIn Addthis

សាលាបឋមសិក្សា ឡំ មានទីតាំងស្ថិតនៅក្នុងភូមិឡំដែលជាសហគមន៍តំបន់ដាច់ស្រយាលមួយនៅភាគឦសានប្រទេសកម្ពុជា។ ភូមិឡំស្ថិតនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងមានជនជាតិចារ៉ាយច្រើនជាងគេ (ប្រហែល ៩៥%) ដែលជាក្រុមជនជាតិដើមភាគតិចមួយក្រុមដែលរស់នៅក្នុងខេត្តនេះ។ ភូមិនេះស្ថិតនៅជិតព្រំដែនវៀតណាម និងមានចម្ងាយប្រហែល ៤២គីឡូម៉ែត្រពីទីរួមខេត្ត។ សូម្បីតែការិយាល័យឃុំក្នុងតំបន់ក៏មានចម្ងាយឆ្ងាយ​ គឺ ២២ គីឡូម៉ែត្រ។ សាលាបឋមសិក្សា ឡំ ត្រូវបានសាងសង់ដំបូងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីជនជាតិអាមេរិកម្នាក់ឈ្មោះថា រីឆាត ម៉ាក់ដូណាល់ និងការិយាល័យអប់រំ យុវជន និងកីឡា ខេត្តរតនគិរី។ សាលាបឋមសិក្សា ឡំ មានទំហំ ៩.៣៦០ ម៉ែត្រការ៉េមានប្រវែង ១២០ម៉ែត្រ និងទទឹង ៧៨ម៉ែត្រ និងព័ទ្ធជុំវិញដោយអ្នកភូមិក្រីក្រ វាលស្រែ និងផ្លូវលំ។

 

បច្ចុប្បន្ន សាលាបឋមសិក្សា ឡំ មានសិស្សចំនួន ៣៨៦ នាក់ (ស្រី ១៩៤នាក់) និងមានបុគ្គលិកជានាយកសាលា ១នាក់ និងគ្រូ ៨ នាក់ (ស្រី ៣នាក់)។ ចំនួនគ្រូបង្រៀនពាក់កណ្តាលគឺជាគ្រូកិច្ចសន្យាដែលមានន័យថា ពួកគាត់មិនមែនជាគ្រូបង្រៀនដែលមានវិញ្ញាបនបត្រទេ។ ចំណែកគណៈកម្មការគ្រប់គ្រងសាលា (SMC) វិញ ពិតជាសកម្មភាពយ៉ាងខ្លាំង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានជួយសាលាឱ្យអភិវឌ្ឍយ៉ាងឆាប់រហ័ស។ គណៈកម្មការគ្រប់គ្រងសាលាមានសមាជិក ១៩នាក់ រួមមានៈ លោកគ្រូអ្នកគ្រូ តំណាងក្រុមប្រឹក្សាឃុំ មេភូមិ នគរបាលប៉ុស្តិ៍ មន្រ្តីសុខាភិបាល សិស្ស និងឪពុកម្តាយ។ លោក ពូយ ធំ ត្រូវបានគេបោះឆ្នោតជ្រើសតាំងធ្វើជាប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន ទទួលបន្ទុកកិច្ចការសាលាទាំងអស់ ដោយសហការការងារជាមួយអនុប្រធាន គឺលោក សេវ ទ្វីង ជាអ្នកថែទាំសាលា ដែលមានតួនាទីមើលការខុសត្រូវជួសជុល នៅក្នុងសាលាបឋម និងមត្តេយ្យទាំងការតបណ្តាញទឹក ជួសជុលតុ ទ្វា បង្អួច លាបថ្នាំតាមកន្លែងផ្សេងៗទៀត។

 

មុនពេលគម្រោងកុមារកម្ពុជារីករាយ (HCC) បានចាប់ផ្តើមគាំទ្រអន្តរាគមន៍នៅសាលា គណៈកម្មការគ្រប់គ្រងសាលាបានជួបប្រទះបញ្ហាប្រឈមយ៉ាងខ្លាំងអំពីវិធីការអភិវឌ្ឍសាលារៀនតាមផ្នែក ព្រោះពួកគាត់មិនយល់ដឹងច្បាស់អំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវ។ នៅពេលនោះ គណៈកម្មការគ្រប់គ្រងសាលាមិនមានសកម្មភាពខ្លាំង ឬចូលរួមក្នុងប្រតិបត្តិការសាលានោះទេ។ ពួកគាត់មិនបានតាមដានសង្កេត ត្រួតពិនិត្យ ឬវាយតម្លៃការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្ស ជាពិសេសគ្មានធនធានគ្រប់គ្រាន់សម្រាប់អភិវឌ្ឍន៍សាលារៀនទេ។ ពួកគាត់ខ្វះការទំនាក់ទំនងល្អ និងទៀងទាត់ជាមួយក្រុមប្រឹក្សាឃុំ។ ដូចគ្នានេះដែរ ឪពុកម្តាយ និងសមាជិកសហគមន៍ក៏មិនបានដឹងច្បាស់អំពីអ្វីដែលកំពុងកើតឡើងនៅសាលា ហើយកម្រចូលរួមការប្រជុំនៅសាលារៀនណាស់។

 

ចាប់តាំងពីគម្រោង HCC បានចាប់ផ្តើមផ្តល់ការគាំទ្រដល់សាលារៀននៅក្នុងឆ្នាំ២០១៨មក អង្គការ ខេបបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងសមត្ថភាពរបស់គណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បីបង្កើនការយល់ដឹងអំពីតួនាទីរបស់ពួកគាត់ ការផ្តល់សិទ្ធិអំណាចឱ្យពួកគាត់ធ្វើសកម្មភាពដោយមានធនធានគ្រប់គ្រាន់ និងសហគមន៍មូលដ្ឋាន។ ការជួបជុំគ្នានៅសាលាពេលនេះ កាន់តែញឹកញាប់ព្រោះវាហាក់ដូចជាមានការចាប់អារម្មណ៍កាន់តែខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងនៅសាលារៀន និងមានការចូលរួមពីឪពុកម្តាយច្រើនជាងពេលមុនៗ។ គណៈកម្មការគ្រប់គ្រងសាលាបានផ្តួចផ្តើមគំនិតថ្មីៗជាច្រើនផងដែរ រួមមាន៖ ការកែលម្អបរិស្ថានសិក្សា និងការរៀបចំសាលារៀនដែលត្រូវបានផ្លាស់ប្តូរពីវាលខ្សាច់ក្រហមទៅជាឧទ្យានបៃតង។

 

ដោយមានការគាំទ្រពីគម្រោង HCC គណៈកម្មការគ្រប់គ្រងសាលាទទួលបានទំនុកចិត្ត និងអត្ថប្រយោជន៍ពីមេរៀនអនុវត្តនាពេលកន្លងមក។ គណៈកម្មាធិការហាក់ដូចជាមានសិទ្ធិអំណាចច្រើនជាងមុនក្នុងការកំណត់អាទិភាពផ្ទាល់ខ្លួន ការរៃអង្គាសថវិកាក្នុងមូលដ្ឋាន ដើម្បីបំពេញបន្ថែមនូវអ្វីដែលបានផ្តល់ដោយគម្រោង និងរៀបចំសកម្មភាពនៅសាលារៀនដែលរួមចំណែកដល់ការចូលរួម និងការសិក្សារបស់កុមារ។ គណៈកម្មការគ្រប់គ្រងសាលាបានប្រជុំទៀងទាត់ មានវត្តមានអ្នកចូលរួមច្រើន និងឯកសារជាទម្រង់របាយការណ៍ និងកំណត់ហេតុប្រជុំ។ ពួកគាត់មានតម្លាភាពក្នុងការប្រើប្រាស់ធនធានថវិកាបានពង្រឹងការចូលរួមរបស់សហគមន៍នៅក្នុងសាលាផងដែរ។ គណៈកម្មការបានរៀនសូត្រច្រើនពីគម្រោង ​រួមមាន៖ ការគ្រប់គ្រងសាលារៀន និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសហគមន៍បុគ្គលិកសាលារៀន និងម្ចាស់ជំនួយ។ ពួកគាត់បានគាំទ្រការផ្លាស់ប្តូរអគារបណ្តោះអាសន្នសម្រាប់កុមារក្នុងមូលដ្ឋាន និងប្រើជំនួយសាលាសម្រាប់សកម្មភាពជាច្រើនរួមមានការលើកកម្ពស់សួនច្បារ លទ្ធកម្មបង្រៀន និងជំនួយការរៀន រៀបចំប្រព័ន្ធសាលាកុមារមេត្រី អាហារពេលព្រឹកសម្រាប់សាលាមត្តេយ្យ និងអាហារូបករណ៍។

 

គណៈកម្មការគ្រប់គ្រងសាលារៀនបានប្រើសមិទ្ធិផលគម្រោងដើម្បីទាក់ទាញឪពុកម្តាយ និងអាជ្ញាធរមូលដ្ឋានឱ្យចូលរួមក្នុងការអភិវឌ្ឍសាលារៀនឱ្យកាន់តែមានតម្លាភាព។ សមាជិកគណៈកម្មការគ្រប់គ្រងសាលាជាច្រើន​នៅក្នុងតួនាទី ក៏បានគាំទ្រសកម្មភាពសាលារៀនដើម្បីជួយដល់ឪពុកម្តាយដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការជូនដំណឹងដល់ឪពុកម្តាយអំពីការកែលម្អជាច្រើនដែលកំពុងកើតឡើងនៅសាលា។ ទោះបីសាលាបានសម្រេចច្រើនក៏ដោយ ក៏សាលាទទួលបានការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការរចនាប្លង់ថ្មីដែលគាំទ្រហិរញ្ញប្បទានពីគម្រោង HCC បានធ្វើឱ្យសាលារៀនក្លាយជាកន្លែងស្អាត និងជាទីរីករាយសម្រាប់កុមារក្នុងការសិក្សា។ ប្រការនេះបានបង្កើនការជំរុញទឹកចិត្តរបស់កុមារឱ្យចង់ទៅសាលារៀន ក៏ដូចជាឆន្ទៈរបស់ឪពុកម្តាយដែលចង់បញ្ជូនកូនៗទៅសាលារៀនជាប្រចាំ។ គណៈកម្មការទ្រទ្រង់ក៏ជម្រុញឪពុកម្តាយឱ្យខ្ចីសម្ភារៈសិក្សា និងសៀវភៅពីបណ្ណាល័យសាលាទៅបង្រៀនកូនៗពួកគាត់នៅផ្ទះ។ សេវាកម្មថ្មីៗទាំងនេះដែលមិនធ្លាប់មានពីមុនមក បានក្កាយជាសេវាកម្មដ៏មានសារៈសំខាន់ ជាពិសេសក្នុងអំឡុងពេលសាលារៀនបិទទ្វារដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ គណៈកម្មការគ្រប់គ្រងសាលាសង្ឃឹមថា ខ្លួននឹងបន្តទទួលបានការគាំទ្រពីអង្គការ ខេប ទាំងផ្នែកជំនួយបច្ចេកទេស ក៏ដូចជាធនធានសម្ភារៈដើម្បីរក្សានូវអ្វីដែលពួកគាត់បានសម្រេចក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ។

 

លោក ពូយ​ ធំ ជាប្រធានគណៈកម្មការ និងក៏ជាមេភូមិផងដែរ។ ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ លោកបានមានប្រសាសន៍ថា “ពីមុនខ្ញុំមិនសូវចាប់អារម្មណ៍នឹងសកម្មភាពសាលាទេ ពីព្រោះខ្ញុំគិតថាវាជាការទទួលខុសត្រូវរបស់គ្រូ និងនាយកសាលា។ ខ្ញុំកម្របានមកសាលាណាស់ លើកលែងតែនាយកសាលាអញ្ជើញខ្ញុំឱ្យចូលរួមការប្រជុំជាធម្មតាមានតែ ២ដង ក្នុងមួយឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីមានការចូលរួមពីគម្រោង HCC មក ខ្ញុំមានសេចក្តីរីករាយដែលមិនត្រឹមតែបានចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដឹកនាំធ្វើសកម្មភាពសាលារៀនកាន់តែច្រើនទៀត ដូចជា ការកែលម្អបរិស្ថានសាលារៀន និងការកសាងបន្ទប់រៀនបណ្តោះអាសន្ន ពីព្រោះសាលារៀនរបស់យើងសព្វថ្ងៃមានសិស្សច្រើន ហើយមិនមានថ្នាក់រៀនគ្រប់គ្រាន់។ ជានិច្ចកាល ខ្ញុំតែងតែចូលរួមការប្រជុំជាមួយគ្រូ និងឪពុកម្តាយ។ ខ្ញុំយល់ដឹងកាន់តែច្បាស់អំពីតម្រូវការក្នុងការមកសាលារៀងរាល់សប្តាហ៍ ដើម្បីគាំទ្រដល់ការងារសាលា ”។ លោកបានប្រសាសន៍បន្តទៀតថា “លើសពីនេះទៅទៀតខ្ញុំតែងតែទទួលបានការអញ្ជើញពីគម្រោងដើម្បីចូលរួមសិក្ខាសាលាបណ្តុះបណ្តាល និងការប្រជុំចាប់តាំងពីគម្រោងបានចាប់ផ្តើមក្នុងឆ្នាំ ២០១៨មក។ ខ្ញុំពិតជារីករាយដែលបានឃើញការផ្លាស់ប្តូរទាំងនេះ។ ខ្ញុំស្រឡាញ់សាលារបស់ខ្ញុំ ហើយបន្តគាំទ្រសកម្មភាពសាលារៀន ជាពិសេស គាំទ្រដល់ការរៀនសូត្ររបស់កុមារ ”។

 

លោក ហាង ផាន ជានាយកសាលាបឋមសិក្សា ឡំ ក៏ត្រូវបានធ្វើបទសម្ភាសន៍ក្នុងករណីសិក្សានេះដែរ។ លោក ផាន ក៏ជាសមាជិកគណៈកម្មាធិការគ្រប់គ្រងសាលា ហើយបានមានប្រសាសន៍ដូច្នេះថា “ក្នុងឆ្នាំ២០០៥ សាលាបឋមសិក្សា ឡំ ត្រូវបានបង្កើតឡើងដោយមានអគារមួយខ្នង និង ៣បន្ទប់ គ្មានការិយាល័យ ឬបណ្ណាល័យទេ។ នៅក្នុងឆ្នាំបន្តបន្ទាប់មានកុមារកើនជាង ៣០០នាក់បានចុះឈ្មោះមកសិក្សានៅសាលារបស់ខ្ញុំ ដែលមិនមានថ្នាក់រៀនគ្រប់គ្រាន់សម្រាប់ពួកគាត់ទាំងអស់គ្នា។ លើសពីនេះទៀត យើងមិនមានគ្រូគ្រប់គ្រាន់សម្រាប់បង្រៀន ហើយត្រូវពឹងផ្អែកទាំងស្រុងលើគ្រូកិច្ចសន្យានៅពេលណាដែលយើងអាចរកបាន (វាជារឿងមិនងាយស្រួលនោះទេ) ៉​ ។ លោកបានមានប្រសាសន៍បន្ដទៀតថា “នេះជាឱកាសល្អក្នុងឆ្នាំ២០១៨ ពីព្រោះសាលារបស់ខ្ញុំបានចាប់ផ្តើមទទួលការគាំទ្រពីគម្រោង HCC សម្រាប់ទាំងថ្នាក់មត្តេយ្យសិក្សា និងថ្នាក់បឋមសិក្សា។ សាលារបស់ខ្ញុំបានទទួលការបណ្តុះបណ្តាលបច្ចេកទេស សម្ភារៈបង្រៀន ផែនការកែលម្អសាលារៀន និងការជួសជុលកែលម្អអាគារសិក្សា។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ HCC និងបុគ្គលិកគម្រោង ដែលតែងតែគាំទ្រសាលារបស់ខ្ញុំទាំងផ្នែកបណ្តុះបណ្តាល និងគ្រូបង្វឹកដោយផ្ទាល់។ សកម្មភាពសាលារៀនភាគច្រើនកំពុងរីកចម្រើនយ៉ាងរលូន។ សហគមន៍សូមកោតសរសើរយ៉ាងខ្លាំងចំពោះអ្វីដែលសាលារៀនរបស់ខ្ញុំកំពុងអនុវត្តឥរិយាបថមានភាពប្រសើរឡើងយ៉ាងខ្លាំងចាប់តាំងពីគម្រោងនេះបានចាប់ផ្តើម។ ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះមូលនិធិ គីន ឆាន់ ដែលបានជួយគាំទ្រសាលានៅក្នុងសហគមន៍របស់ខ្ញុំតាមរយៈអង្គការ ខេប។ ខ្ញុំសន្យាប្តេជ្ញាបន្តខិតខំដើម្បីកែលម្អសាលារៀននាពេលអនាគត ”។

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ