សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ឱកាសផ្លាស់ប្តូរជីវិតកុមារពិការកាយ តែមិនពិការគំនិត

Date : 2023-05-15
Facebook Twitter Google+ LinkedIn Addthis

កុមារពិការឈ្មោះ សុខនៅ អាយុ១០ឆ្នាំ​ កំព្រាឪពុក (ឪពុកមានប្រពន្ធថ្មីតាំងពីគាត់នៅតូចម្លេះ) រស់ជានៅជាមួយម្តាយឈ្មោះ សៅ ស្រីរ៉ា និងជីដូន។ គាត់មានប្អូនចំនួន២នាក់​ រស់នៅជាមួយគ្នានៅតំបន់ជនបទ មានចម្ងាយជិត៣គីឡូម៉ែត្រពីសាលារៀន ស្ថិតក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ម្តាយរបស់គាត់បានបើកមុខរបរលក់ចាប់ហួយនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយ បន្ទាប់មកពីឈប់ធ្វើការងារសំណង់នៅភ្នំពេញ។ គាត់រកចំណូលបានពី២,៥ ដល់៥ដុល្លារក្នុងមួយថ្ងៃ ដែលមានការពិបាកសម្រាប់ផ្គត់ផ្គង់ការរស់នៅ និងចំណីអាហារដល់កូនទាំង៣ ព្រមទាំងម្តាយចាស់ជរាមួយនាក់ទៀតនៅក្នុងបន្ទុក និងសុំដីពីម្តាយគាត់មួយប្រលោះតូចធ្វើតូបលក់ចាប់ហ៊ួយ ហើយមិនអាចបញ្ជូនសុខនៅទៅសាលារៀនបានទេ។

 

បន្ទាប់ពីមានអន្តរាគមន៍របស់គម្រោងងាយស្រួលរៀន (E2L) ដែលប្រតិបត្តិដោយអង្គការ​ ខេប ក្រោមជំនួយហិរញ្ញប្បទានពីអង្គការឆាលហ្វានកម្ពុជា និងក្រោយពេលទទួលបានព័ត៌មានផ្សព្វផ្សាយពីលោកនាយក អ្នកស្រី រ៉ា បាននាំយកកូនទៅចុះឈ្មោះចូលរៀន។ សុខនៅបានចុះឈ្មោះចូលរៀននៅថ្នាក់ទី១ សិក្សាលើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រសិក្សា។ សាលារៀនមានពីរវេណ ព្រឹកពីម៉ោង ៧.០០ ដល់ ១១.០០ និងពេលរសៀលពីម៉ោង ១.០០ ដល់ម៉ោង ៥.00។

 

សុខនៅធ្លាប់ចុះឈ្មោះចូលរៀន ប៉ុន្តែមិនបានទៅសាលារៀន ព្រោះគាត់ខ្វិនជើង គ្មានសម្ភារជួយសម្រួលដល់ការធ្វើដំណើរ និងការសិក្សារបស់គាត់។ ម្យ៉ាងវិញទៀត ម្តាយរបស់គាត់ក្រីក្រ គ្មានលទ្ធភាពទិញរទេះរុញឱ្យជិះទៅសាលារៀនបាន។ សុខនៅត្រូវបង្ខំវា និងលូននៅផ្ទះ គ្មានការលើកទឹកចិត្ត មានអារម្មណ៍ខ្លាចគេឯង។ ជីដូនរបស់គាត់ជួយគ្រា និងផ្តល់អាហារឱ្យក្នុងពេលម្តាយគាត់ជាប់ធ្វើការងារសំណង់។ សុខនៅប្រកាច់ញ័រខ្លួនពីរដងក្នុងមួយឆ្នាំ។ បច្ចុប្បន្ននេះ សុខនៅមានសេចក្តីសប្បាយចិត្តច្រើន ដោយសារមានឱកាសទៅសាលារៀន និងចូលរួមសកម្មភាពផ្សេងៗជាមួយសិស្សដទៃទៀត។ សុខនៅបាននិយាយថា “ខ្ញុំសប្បាយរីករាយណាស់ដោយបានចូលរៀនដូចគេ។ ខ្ញុំចង់ក្លាយទៅជាអ្នកជំនាញផ្នែកលក់ និងជួសជុលទូរសព្ទ ព្រោះវាងាយយស្រួលសម្រាប់ខ្ញុំ។ ដូច្នេះ ខ្ញុំនឹងខិតខំយកចិត្តទុកដាក់រៀនសូត្រឱ្យបានល្អ”។

 

ក្រោយពីមានអន្តរាគមន៍របស់គម្រោង E2L ដល់សាលាបឋមសិក្សាក្រើល លទ្ធផលសិក្សារបស់សុខនៅមានភាពប្រសើរឡើង គាត់ក្លាហាននិយាយជាមួយសិស្សដទៃទៀត និងចូលរួមលេងល្បែងសិក្សាជាមួយមិត្តនៅសាលា។ ម្តាយសុខនៅបានជូនគាត់ទៅសាលារៀនរាល់ថ្ងៃ ទាំងវេណព្រឹក និងការរៀនបំប៉នពេលរសៀល។ លោក វន្ត ហឿន នាយកសាលាបឋមសិក្សាក្រើល បានមានប្រសាសន៍ថា “កុមារសុខនៅទទួលបានការលើកទឹកចិត្ត និងឱកាសចុះឈ្មោះចូលរៀនដូចសិស្សដទៃទៀត ហើយគាត់សប្បាយចិត្តខ្លាំងដោយបានស្គាល់មិត្តភក្រផ្សេងៗ និងមិនខ្លាច ឬខ្មាស់អៀនដូចមុន។ គាត់មកសាលារៀនទៀងទាត់ជាងមុន ហើយបើគម្រោងមិនជួយគាត់ទេ គាត់មិនបានមកសាលារៀនទេ”។

 

លោកយាយ ប្រាក់ ភាព គឺជាជីដូនរបស់សុខនៅ ដែលកំពុងអង្គុយជិតចៅលើគ្រែក្នុងតូបចាប់ហ៊ួយកូនគាត់ បានមានប្រសាសន៍ក្នុងទឹកមុខរីករាយថា "កាលពីមុន ចៅខ្ញុំសុខនៅមិនចេះអីសោះ សូម្បីអក្សរក៏មិនចេះសរសេរ និងអានបានដែរ។ ប៉ុន្តែបច្ចុប្បន្ននេះ វាចេះសរសេរ និងចេះអានប្រសើរជាងមុន"។

 

សុខនៅបានបន្តខិតខំសិក្សាដោយមានការលើកទឹកចិត្តពីជីដូន និងអ្នកម្តាយ​ ជាពិសេសលោកនាយក និងគ្រូទទួលបន្ទុកថ្នាក់។ សុខនៅមានការផ្លាស់ប្តូរច្រើន ដូចជា ឈប់មានអារម្មណ៍ខ្លាចគេឯង អាចអាន សរសេរ និងធ្វើលំហាត់គណិតវិទ្យាបាន។ គាត់បានទៅសាលា និងខិតរៀនសូត្រជារៀងរាល់ថ្ងៃ។ អ្នកស្រី រ៉ា បានមានប្រសាសន៍ថា “ទោះបីជាគម្រោងឈប់បន្តជួយ នាងខ្ញុំនៅតែខិតខំលក់ដូរតិតក់ៗដើម្បីជំរុញឱ្យកូនបានទៅរៀនបន្តទៀត”។​

 

លោក ម៉ែន ធី មន្ត្រីគម្រោងងាយស្រួលរៀនបានលើកឡើងថា “ការផ្តល់ឱកាសទទួលបានសេវាអប់រំពេញលេញដល់កុមារដែលមានពិកាភាព គឺជាការផ្តល់ឱកាសដល់ពួកគេនូវជីវិតរស់នៅដ៍ល្អប្រសើរមួយ”។  

 

អង្គការ ខេប សម្រេចបានជោគជ័យជាច្រើនលើការប្រតិបត្តិគម្រោងអប់រំដល់កុមារ និងយុវជនរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ អង្គការបានជួយបន្តពង្រឹងគុណភាពគ្រូ និងនាយកសាលា ក្នុងការបង្រៀន ការគ្រប់គ្រងសាលា ធ្វើសមាហរណកម្មកម្មវិធីអប់រំបរិយាបន្នរវាងកុមារ និងយុវជនទៅនឹងគ្រួសាររបស់ពួកគេនៅក្នុងសង្គមកម្ពុជា។ អង្គការ ខេប នៅតែបន្តស្វែងរកដៃគូអភិវឌ្ឍន៍ផ្សេងៗ ដែលអាចឆ្លើយតបនឹងតម្រូវការយុវជន និងកុមារដែលមានពិការភាពនិងងាយរងគ្រោះ។ ក្រៅពីការផ្តល់ជាកម្មវិធីអាហារូបករណ៍ជាសម្ភារបង្រៀន និងរៀន អង្គការក៏មានកម្មវិធីបញ្ជូនកុមារដែលមានជំងឺទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ អង្គការ ខេប បានធ្វើការងារជាមួយអង្គការឆាលហ្វានកម្ពុជា និងដៃគូចម្រុះដទៃទៀត រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋាភិបាលថ្នាក់ក្រោមជាតិ សាលារៀន សហគមន៍ អង្គការមិនមែរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធជាច្រើនទៀត។ កុមារពិការ សុខនៅ ត្រូវការបន្តលើកទឹកចិត្តទាំងកលាំងកាយ និងស្មារតី ឱ្យគាត់បានសប្បាយចិត្តខំរៀន និងមានសេចក្តីសង្ឃឹមនៅក្នុងជីវិត៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ