សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

លោកនាយក និងគណៈកម្មការទ្រទ្រង់សាលាបឋមសិក្សាឈើខ្លឹមមានការផ្លាស់ប្តូរវិជ្ជមាន

Date : 2020-11-24
Facebook Twitter Google+ LinkedIn Addthis

សាលាបឋមសិក្សាឈើខ្លឹមមានទីតាំងស្ថិតនៅតំបន់ជនបទក្នុងភូមិឈើខ្លឹម ឃុំរំចេក មានចម្ងាយ ២៦គីឡូម៉ែត្តពីទីរួមស្រុកមេមុត ខេត្តត្បូងឃ្មុំ ដោយចំណាយពេលវេលាប្រមាណជា ៣០នាទីធ្វើដំណើរតាមផ្លូវលំកាត់ចំការកៅស៊ូ។ នៅតំបន់នេះមានគ្រួសារជួបការលំបាកជាច្រើន ក្មេងៗទៅជួយធ្វើការឪពុកម្តាយ ជាជ័រ និងចំណាកស្រុកមិនបានចូលរៀនត្រឹមត្រូវ។ សាលាបឋមសិក្សាឈើខ្លឹមមានសិស្សចំនួន ៥១២នាក់ (ស្រី២៣៥នាក់) គ្រូនិងបុគ្គលិកចំនួន ១១នាក់(ស្រី៥នាក់) និងគណៈកម្មការទ្រទ្រង់សាលាចំនួន ១៥នាក់(ស្រី៣នាក់)។​

 

លោក នេត សុឃាន់ បានកាន់ការងារជានាយកសាលាបឋមសិក្សាឈើខ្លឹម ចាប់តាំងពីឆ្នាំ២០០៩មកដល់បច្ចុប្បន្ន ដោយឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនទម្រាំធ្វើឱ្យសាលារបស់លោកមានការផ្លាស់ប្តូរមុខមាត់ រីកចម្រើន មានការគាំទ្រពីសហគមន៍ អ្នកពាក់ព័ន្ធ និងសប្បុរសជនដទៃៗទៀតនៅក្នុងមូលដ្ឋាន ជាពិសេសការចូលមកអន្តរាគមន៍របស់គម្រោងកុមារកម្ពុជារីករាយ (HCC)។ ចលនាឧបត្ថម្ភគាំទ្រសាលារៀនមានការទាក់ទាញកាន់តែខ្លាំងទៅៗផ្អែកលើកត្តាចម្បងៗ រួមមាន៖ ថ្នាក់ដឹកនាំសាលាត្រូវប្រើបេះលើការងាររួម មានតម្លាភាព យុត្តិធម៌ ភាពទទួលខុសត្រូវ សមត្ថភាព ឆន្ទះ ក្លាហានពុះពារជំនះរាល់ឧបសគ្គ ភាពស្រុះស្រួលគ្នាផ្ទៃក្នុង និងលះបង់ពេលវេលាលើកតំកើនការសាលារៀនធំជាងការងារផ្ទាល់ខ្លួន។ កិច្ចសហការយ៉ាងស្អិតរមួតរបស់គណៈកម្មការទ្រទ្រង់សាលារៀនក៏ជាការសម្រួលបន្ទុកការងារច្រើនរបស់សាលារៀនផងដែរ។

 

កាលពីមុនមិនទាន់គម្រោង HCC ចូលមកដល់ សាលាបឋមសិក្សាឈើខ្លឹមមានការលំបាកច្រើន ជាសាលាកម្រងឧបសម្ព័ន្ធរបស់សាលាបឋមសិក្សាសែនជ័យ ហើយលោក​ សុឃាន់ គឺជានាយករងដោយសារមិនទាន់មាននាយកដឹកនាំត្រឹមត្រូវ។ សាលាបឋមសិក្សាឈើខ្លឹមបានផ្តាច់ខ្លួនដោយឡែកចេញពីសាលាឧបសម្ព័ន្ធនៅឆ្នាំ២០១០ ក្រោមការអន្តរាគមន៍ពីអង្គការមិនមែនរដ្ឋាភិបាលមួយ។ ការដឹកនាំពេលនោះបានជួបការលំបាកៗ រួមមាន៖ ខ្វះអគារសិក្សាល្អ អគារចាស់ពីរទ្រុឌទ្រោមសម្រាប់ឱ្យកុមារសិក្សា។ ការជួសជុលអគារសិក្សាចាស់នេះត្រូវការថវិកាច្រើន សាលាគ្មានលទ្ធភាព បណ្ណាល័យនៅលាយឡំនឹងទីចាត់ការសាលា។ អគារចាស់ត្រូវបានលិចទឹកភ្លៀង រំខានដល់សិស្សមិនអាចរៀនកើត។ ចំណែកឪពុកម្តាយសិស្សនៅក្នុងតំបន់នេះមានភាពក្រីក្រ មានលទ្ធភាពតិចតួចជួយជួសជុលអគារ តែលោក សុឃាន់ នៅតែព្យាយាមដឹកនាំពុះពារដឹកនាំសាលារៀនបន្ត។ គណៈកម្មការទ្រទ្រង់សាលារៀនមិនទាន់យល់ដឹងច្បាស់ពីតួនាទី និងភារកិច្ចខ្លួន និងពុំសូវចូលរួមការងារសាលា ហើយសហគមន៍តែងបន្ទោសសាលា និងមិនបានចូលរួមជួយក៏សាងសាលាស្រស្រាក់ស្រាំងនោះទេ។

 

បន្ទាប់ពីមានការចូលអន្តរាគមន៍គម្រោងកុមារកម្ពុជារីករាយនៅចុងឆ្នាំសិក្សា ២០១៨-២០១៩ មក បានធ្វើឱ្យសាលាបឋមសិក្សាឈើខ្លឹមជួសជុលអគារសិក្សាឱ្យទៅជាថ្មីមានបរិស្ថានល្អស្អាត បង្កើតបានបណ្ណាល័យ និងទីចាត់ការដាច់ដោយឡែកពីគ្នាមានលក្ខណៈច្នៃប្រឌិតទំនើប រៀបចំតុអង្គុយធ្វើការងារមានប្លង់របៀបត្រឹមត្រូវ។ គម្រោងបានស្នើទៅមន្ទីរអប់រំ យុវជន និងកីឡាស្រុកមេមត់ឱ្យមានបណ្ណារក្សដាច់ដោយឡែក ហើយគម្រោងបានផ្តល់ថវិកាចំនួន ៦.០០០ដុល្លារួមនឹងបដិភាគសហគមន៍ចំនួន ៦.០០០ដុល្លាទៀតធ្វើការជួសជុលអគារឈើចាស់ទៅជាអគារដែកមួយខ្នង។ លោក សុឃាន់ ពិតជាមានសេចក្តីសប្បាយរីករាយ និងរំភើបចិត្តរកអ្វីមកផ្ទឹមពុំបានដោយសារការគាំទ្រពីគម្រោង ជាពិសេសគម្រោងបានជួយបង្កើតអគារមត្តេយ្យសិក្សា។

 

លោក សុឃាន់ បានរៀនសូត្រ និងផ្លាស់ប្តូរវិជ្ជមានជាច្រើនពីគម្រោងក្នុងភាពជាអ្នកដឹកនាំសាលា ​រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធអគារសិក្សាបឋម និងមត្តេយ្យ ការផ្តល់វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំបឋមសិក្សា និងភាពជាអ្នកដឹកនាំមត្តេយ្យសិក្សា ការបណ្តុះបណ្តាលគណៈកម្មការទ្រទ្រង់សាលា។ ជាទូទៅ ការជ្រើសរើសគណៈកម្មការទ្រទ្រង់សាលារៀន ត្រូវយកអ្នកដែលមានឥទ្ធិពលមកចូលរួម ប៉ុន្តែសាលាគ្មានប្រាក់ចំណូលឱ្យពួកគាត់ ទើបសាលាឈើខ្លឹមជ្រើសរើសតាមមេភូមិធ្វើប្រធានគណៈកម្មការ អនុភូមិមកធ្វើជាអនុប្រធានគណៈកម្មការ សមាជិកភូមិធ្វើជាហិរញ្ញឹក និងបង្កើតឱ្យមានជាគ្រូបង្វឹកអំណានគាំទ្រដោយគម្រោងកុមារកម្ពុជារីករាយសម្រាប់បង្រៀនសិស្សមានតម្រូវការពិសេស។

 

គម្រោង HCC បានបង្រៀនរបៀបបោះឆ្នោតជ្រើសរើសគណៈកម្មការ ដោយឱ្យឪពុកម្តាយសិស្សជាអ្នកបោះឆ្នោតជ្រើសរើសបុគ្គលដែលពួកគាត់ស្រឡាញ់ ហើយបានជាប់បេក្ខជនផ្សេងក្រៅពីសាលាតែងតាំង។ គម្រោង HCC ពិតជាបានធ្វើឱ្យគណៈកម្មការស្គាល់ច្បាស់នូវតួនាទី និងភារកិច្ចអនុវត្ត ភាពស្រុះស្រួលគ្នា កិច្ចសហការជាមួយសាលា និងសហគមន៍យ៉ាងស្អិតរមួតធ្វើឱ្យសាលាបឋមសិក្សាឈើខ្លឹមផ្តាស់ប្តូរលឿន។ សេចក្តីរំភើបចិត្តមួយទៀត គឺសាលាមានឧបករណ៍តេស្តអំណានសម្រាប់វាស់ស្ទង់សមត្ថភាពសិស្សថ្នាក់ទី១ ទី២ និងទី៣ ល្បែងសិក្សាមានគ្រប់ប្រភេទ ឪពុកម្តាយអាចមកបណ្ណាល័យខ្ចីសៀវភៅទៅផ្ទះបង្រៀនកូនបាន។ ឪពុកម្តាយ និងសហគមន៍មានសេចក្តីសប្បាយរីករាយបំផុត ហើយបានមកខ្ចីល្បែងសិក្សាបន្តបន្ទាប់។ មេរៀនថ្មីមួយទៀត គឺគម្រោង HCC បានធ្វើឱ្យសាលាបឋមសិក្សាឈើខ្លឹមមានកិច្ចប្រជុំជាមួយឪពុកម្តាយជាប្រចាំ ដើម្បីស្វែងរកចំណុចខ្វះខាត ជាពិសេសបញ្ហាសិស្សរៀនខ្សោយសម្រាប់ធ្វើផែនការអភិវឌ្ឍន៍សាលាបន្ត។

 

លោក នេត សុឃាន់ បានសង្កត់ធ្ងន់ថា “ការគាំទ្រពីគម្រោងនេះពិតជាមានតម្លៃខ្លាំងណាស់សម្រាប់រូបខ្ញុំផ្ទាល់ និងការងារសាលា។ ជាទូទៅ ប្រសិនបើសាលារៀននីមួយៗមានត្រឹមតែបរិស្ថានស្អាត មានការចូលរួមពីសហគមន៍ គ្រូសុទ្ធតែមានសញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត ប៉ុន្តែគុណភាពសិស្សនៅតែមិនទាន់ឆ្លើយតបនឹងទាំងអស់នេះទេ សាលានោះគឺស្មើនឹងសូន្យ ឥតគុណភាព ប្រៀបដូចជាយើងស្លៀកពាក់ខោអាវស្អាតបាតល្អ ប៉ុន្តែក្នុងខ្លួនយើងសុទ្ធតែស្រែងចឹង គឺអត់ល្អទេ”។ គម្រោង HCC បានធ្វើឱ្យឥរិយាបទថ្នាក់ដឹកនាំសាលាផ្លាស់ប្តូរ ទាំងនាយករង គ្រូ គណៈកម្មការទ្រទ្រង់សាលា បណ្ណារក្ស និងសិស្ស និងបានផ្តល់ការរៀបចំថ្នាក់រៀនតាមកម្មវិធីកុមារមេត្រី។ គណៈកម្មការទ្រទ្រង់សាលាមានភាពមមាញឹកចូលរួមការងារសាលាច្រើនជាងមុន រួមមាន៖ ការមកសាលាពីព្រលឹមមុខគេ សម្អាតកញ្ចុះ ចាក់ប៉ក់ឌៀ ដើរត្រួតពិនិត្យបរិស្ថានសាលាគ្រប់ក្រឡុកក្រលៀតដោយមិនរង់ចាំតែលោកនាយកទេ មើលការខុសត្រូវទៅលើសុវត្ថភាពសិស្ស ពិនិត្យតាមដានវត្តមាន និងការបង្រៀនគ្រូ ម៉ោងចូលធ្វើការរបស់បុគ្គលិក ផ្សព្វផ្សាយនិងទទួលព័ត៌មានដល់អាណាព្យាបាល និងឪពុកម្តាយ ជួយគ្រប់គ្រងថ្នាក់មត្តេយ្យ ពេលខ្លះផ្តល់ការដាស់តឿនដល់គ្រូដែលមកយឺត។ លោក ឃាន់ វ៉ាន់ដេត ជាប្រធានគណៈកម្មការទ្រទ្រង់សាលាដោយការបោះឆ្នោត បានលើកឡើងថា “ខ្ញុំពិតជាសប្បាយរីករាយខ្លាំងចំពោះការអន្តរាគមន៍ពីគម្រោង ព្រោះបានធ្វើការបណ្តុះបណ្តាលឱ្យយល់អំពីសារៈសំខាន់នៃតួនាទី និងភារកិច្ច និងបណ្តុះគំនិតឱ្យស្រឡាញ់ការអភិវឌ្ឍសាលារៀន។ សាលានេះប្រៀបបានដូចជាផ្ទះរបស់ខ្ញុំអញ្ចឹងដែរ  ខ្ញុំត្រូវមើលការខុសត្រូវជាប្រចាំ ធ្វើអ្វីៗដោយតម្លាភាពជាមួយថ្នាក់ដឹកនាំសាលា និងសហគមន៍”។

 

ដើម្បីធ្វើឱ្យសាលារៀនមួយមានការអភិវឌ្ឍប្រកបដោយគុណភាព គឺទាមទារឱ្យថ្នាក់ដឹកនាំសាលាប្រើបេះដូង មានតម្លាភាព សមត្ថភាព និងលះបង់ចំពោះការងារសាលា និងមានការឯកភាពគ្នាផ្ទៃក្នុង។ សមិទ្ធិផលគម្រោងទាំងនេះបានធ្វើឱ្យទាំងគ្រូ នាយក/រង បណ្ណារក្ស និងឪពុកម្តាយហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួនមកជួយធ្វើកិច្ចការសាលា និងបានប្តេជ្ញាចិត្តថែទាំការពារសមិទ្ធិផលទាំងឱ្យជានិរន្តន៍៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ