News & Events

ពិធីសម្ពោធដាក់ឱ្យដំណើរការឯកសារស្ដីពី ការសិក្សាបែបគម្រោង

Date : 2023-08-17
Facebook Twitter Google+ LinkedIn

ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការឯកសារស្ដីពី ការសិក្សាបែបគម្រោង ដោយមានការសម្របសម្រួលពីអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំ យុវជន និងកីឡា នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប និងអមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមកពី២៥រាជធានី-ខេត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់អង្គការ ខេប លោកគ្រូអ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធផ្សេងៗ។

 

ពិធីសម្ពោធនេះបានរៀបចំឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយអំពីឯកសារការសិក្សាបែបគម្រោងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត បានយល់ដឹងពីអត្ថប្រយោជន៍ និងរៀបចំផែនការបណ្តុះបណ្តាលការសិក្សាបែបគម្រោងដល់មន្ត្រីអប់រំដទៃទៀត ដើម្បីឱ្យការប្រើប្រាស់ឯកសារនេះកាន់តែទូលំទូលាយ ជាពិសេសលោកគ្រូអ្នកគ្រូនឹងទទួលបាននូវសមត្ថភាពបន្ថែមក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀនបែបថ្មី។  សិស្សនៅសាលារៀនគោលដៅ នៃកម្មវិធីសាលារៀនជំនាន់ថ្មី ដែលបានអនុវត្តការសិក្សាបែបគម្រោងនាពេលកន្លងមក បានផលិតចេញជាស្នាដៃ ហើយបានយកមកដាក់តាំងបង្ហាញនៅក្នុងពិធីនេះ ដែលបង្ហាញនូវប្រសិទ្ធភាព និងប្រសិទ្ធផលរបស់ពួកគេ។

 

យោងទៅលើលទ្ធផលដែលទទួលបានក្រោយអនុវត្តសាកល្បងការសិក្សាបែបគម្រោងរបស់កម្មវិធីសាលារៀនជំនាន់ថ្មី ជាពិសេសប្រសិទ្ធភាពរបស់គ្រូបង្រៀន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញនូវវិធានការណ៍ចំនួន៨ចំណុចក្នុងការបញ្ចូលឯកសារនេះទៅក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន និងបង្រៀនសិស្ស ដូចខាងក្រោម៖

 

  1. ដាក់បញ្ចូលវិធីសាស្ត្របង្រៀន និងរៀនបែបថ្មី គឺការសិក្សាបែបគម្រោង ការសិក្សាបែបស្ថាបនានិយម ការសិក្សាបែបចម្រុះទៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលគ្រូ។
  2. ដាក់ឱ្យអនុវត្តវិធីសាស្ត្របង្រៀនថ្មីដូចសាលារៀនជំនាន់ថ្មី នៅសាលារៀនគំរូ។ 
  3. អនុវត្តវិធីសាស្ត្រថ្មីនៅតាមសាលារៀនមួយចំនួនក្រៅពីសាលារៀនជំនាន់ថ្មី ដូចជា​សាលារៀនគំរូ និងសាលាធនធាន។
  4. រៀបចំផលិតជាវីដេអូស្តីពីវិធីសាស្ត្របង្រៀនបែបថ្មី ទាំងកម្រិតបឋម និងមធ្យមសិក្សាដល់លោកគ្រូអ្នកគ្រូ។
  5. ចុះវាយតម្លៃលើលទ្ធផល និងលើកទឹកចិត្តគ្រូក្នុងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីនេះ។
  6. បន្តធ្វើការស្រាវជ្រាវគរុកោសល្យ ជាពិសេសនៅតាមសាលារៀនផ្សេងៗ ដែលវាជាការចូលរួមចំណែកជួយកែលម្អដល់ការអប់រំ។
  7. បង្កើតទំនាក់ទំនងរវាងអង្គការ ខេប និងក្រសួង ក៏ដូចជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូដែលធ្វើការជាប្រព័ន្ធមួយស្របគ្នា។
  8. រៀបចំជាប្រព័ន្ធគ្រប់គ្រងមួយសម្រាប់គាំទ្រដល់ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី។ 

 

ឯកឧត្តមបណ្ឌិតសភាចារ្យបានស្នើសុំឱ្យប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំងអស់ សាកល្បងយកវិធីសាស្ត្រថ្មី អនុវត្តនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រោះវាជាការឆ្លើយតបទៅនឹងគោលដៅនៃចិត្តសាស្ត្រអប់រំ ដើម្បីបណ្តុះសិស្សានុសិស្សឱ្យចេះរៀនដោយខ្លួនឯងក្នុងសម័យបច្ចេកវិទ្យា ឬឌីជីថលនេះ។

 

ការសិក្សាបែបគម្រោង គឺជួយដល់គ្រូបឋមសិក្សា និងគ្រូមធ្យមសិក្សាទាំងអស់ក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀន ដោយជ្រើសរើសការបង្រៀនតាមរយៈការងារគម្រោងដែលផ្តល់ឱកាសដល់សិស្ស ក្នុងការសំយោគចំណេះដឹងពីផ្នែកផ្សេងៗនៃការសិក្សា រួចអនុវត្តនៅក្នុងសកម្មភាពប្រចាំថ្ងៃប្រកបដោយការវិភាគ និងច្នៃប្រឌិត៕

42

Preschool(s)

172

Primary Schools

110

High Schools

2

Higher Education Institutions

163,072

Students

3,488

Teachers/Directors

1,496

Stakeholders