News & Events

សិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ

Date : 2022-06-20
Facebook Twitter Google+ LinkedIn

គម្រោងងាយស្រួលរៀន​ (E2L) បានរៀបចំសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ដែលបានប្រតិបត្តិដោយអង្គការ ខេប នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្រោមជំនួយហិរញ្ញប្បទានពីអង្គការឆាលហ្វាន កម្ពុជា។ នៅក្នុងសិក្ខាសាលានេះមានអ្នកចូលរួមប្រមាណជា៦០នាក់មកពីមន្ទីរ/ការិយាល័យអប់រំ​ យុវជន និងកីឡាខេត្តព្រៃវែង និងពីសាលារៀន និងសហគមន៍គោលដៅទាំង១១ ព្រមទាំងតំណាងសិស្សានុសិស្ស។

 

គម្រោង E2L បានចាប់ផ្តើមដំបូងជាកម្មវិធីសាកល្បងនៅក្នុងឆ្នាំ២០១៥ ក្នុងខេត្តស្វាយរៀង និងបានឆ្លងកាត់បទពិសោធន៍ជាច្រើនទៅខេត្តផ្សេងទៀត។ E2L ប្រើប្រាស់ការរចនាគម្រោងរួមបញ្ចូលគ្នាដែលបណ្តាលឱ្យមានវិធីសាស្រ្តពហុវិមាត្រក្នុងការអភិវឌ្ឍ។ តាមការស្នើសុំរបស់អង្គការឆាលហ្វាន បច្ចុប្បន្ននេះ អង្គការ ខេប កំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសសម្រាប់ប្រតិបត្តិគម្រោង E2L ម្តងទៀតនៅក្នុងខេត្តព្រៃវែងដែលបានចាប់ផ្តើមនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១​ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងស្រុកកំពង់ត្របែកនៅសាលាគោលដៅចំនួន១១សាលាបឋមសិក្សា រួមមាន៖ កំពង់ត្របែក, ទួលរកា, អន្សោង, គ្រើល, ហ៊ុន សែន ភូមិធំ, ភូមិធំថ្មី, ត្មាតកាង, ពោធិ៍, ជ្រៃ, ព្រៃពោន និងបេងបុរី។  

 

គម្រោងបានជួយបណ្តុះបណ្តាល និងគាំទ្រដល់ក្រុមប្រឹក្សាកុមារ ដែលបានធ្វើឱ្យសាលារៀនគោលដៅរីកចម្រើយ៉ាងលេចធ្លោ។ កុមារី ស្រីភ័ស្ស ជាប្រធានក្រុមប្រឹក្សាកុមារនៅសាលាបឋមសិក្សា ពោធិ៍ បានលើកឡើងថា “សមាជិកក្រុមប្រឹក្សាប្រតិបត្តិក្រុមប្រឹក្សាកុមារមានចំនួនសរុប៥៩នាក់​ (ស្រី២៥នាក់) ហើយមានរចនាសម្ព័ន្ធបែងចែកជា៨ផ្នែក គឺ៖ ១) វិន័យ និងចលនាកុមារបីល្អ  ២) ការសិក្សា និងផ្នែកបណ្ណាល័យ ៣) ផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ៤) ផ្សព្វផ្សាយ ៥) សង្គ្រោះ និងជួយសង្គម ៦) សុខភាព អនាម័យ បរិស្ថាន និងបំណិនជីវិត ៧) សិល្ប កីឡា និងវប្បធម៌ និង ៨) ក្លឹបធនធានវ័យក្មេង។ ក្រុមប្រឹក្សាកុមារបានដើរតួនាទីយ៉ាងសំខាន់ និងសកម្មក្នុងការងារធ្វើផែនការប្រចាំខែ ប្រចាំឆ្នាំ ណែនាំអប់រំ ត្រួតពិនិត្យកុមារបីល្អ រួមមាន៖ ជួយបង្រៀនមិត្តរៀនយឺត ដឹកនាំការសិក្សាជាក្រុមនៅបណ្ណាល័យ ការត្រួតពិនិត្យនិងសម្អាតបរិស្ថានទាំងក្រៅនិងក្នុងថ្នាក់ ផ្តល់ព័ត៌មានពីសាលារៀនដល់សហគមន៍ ការគោរពទង់ជាតិ។ល។ ការងារទាំងនេះបានធ្វើឱ្យគណៈគ្រប់គ្រងសាលារៀនមានមោទនភាពចំពោះការងារដឹកនាំ​ ធ្វើឱ្យមានការកោតសរសើរពីសហគមន៍ និងមជ្ឈដា្ឋនខាងក្រៅច្រើន ​”។

 

ការរចនារបស់គម្រោងបន្តទទួលបានការសរសើរ និងការគាំទ្រជាគម្រោងដ៏ល្អបំផុតមួយរបស់អង្គការ ខេប។​ ការដឹកនាំ និងគ្រប់គ្រងសាលារៀនដោយប្រើប្រាស់វិធីសាស្រ្តល្អៗទទួលបានពីគម្រោង។ លោក ធុយ ពន្លឺ នាយកសាលាបឋមសិក្សា​ កំពង់ត្របែក បានមានប្រសាសន៍ថា “សាលារៀនរបស់ខ្ញុំពិតជាមានសំណាងណាស់ដែលបានគម្រោងងាយស្រួលរៀនចូលមកអន្តរាគមន៍នៅក្នុងឆ្នាំទី១និងទី២នេះ ដោយបានជួយធ្វើប្រព័ន្ធដឹកនាំឡើងវិញ ក៏ដូចជាការគ្រប់គ្រងសាលារៀនឱ្យមានភាពប្រសើរជាងមុន។ ការដឹកនាំ និងគ្រប់គ្រងសាលារៀនត្រូវមានចក្ខុវិស័យ បេសកកម្ម និងគោលការណ៍សាលារៀនច្បាស់លាស់។ ការរៀបចំសកម្មភាពត្រូវមានការឯកភាពគ្នានៅក្នុងខ្ទង់សកម្មភាពទាំងប្រាំរបស់សាលារៀន​ រួមមាន៖ ១) រដ្ឋបាលសាលារៀន ២) កែលម្អបរិស្ថានសាលា ថ្នាក់រៀន បណ្ណាល័យ ៣) ការសិក្សារបស់សិស្ស (ការប្រជុំបច្ចេកទេស ការប្រឡងឆមាស ការធ្វើតេស្ត​ …) ៤) សកម្មភាពសិស្ស​ (ការប្រកួតអំណាន​​ ប្រកួតកីឡា …) និង ៥)​ ការប្រមូលកុមារចូលរៀ។ សាលាខ្ញុំពីមុនធ្លាប់ប្រចាំគ្នា ប៉ុន្តែបច្ចុប្បន្ននេះបានផ្លាស់ប្តូរឥរិយាបទច្រើន”។

 

គម្រោងបច្ចុប្បន្ននៅខេត្តព្រៃវែងរួមបញ្ចូលធាតុជាច្រើននៃការសាកល្បង និងកសាងបានបទពិសោធន៍ប្រាំឆ្នាំ។ វាក៏ត្រូវបានពង្រឹង និងចុះសម្រុងគ្នាយ៉ាងល្អជាមួយនឹងគោលនយោបាយសាលាកុមារមេត្រីរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើការប្រឹងប្រែងប្រើប្រាស់វិធីសាស្រ្ត ពហុវិមាត្រក្នុងការអភិវឌ្ឍ។ លោក​ ថំ សុខុន នាយករងសាលាបឋមសិក្សាទួលរកា និងទទួលបន្ទុកជាគ្រូបង្វឹកអំណានបានមានប្រសាសន៍ថា “កម្មវិធីជួយសិស្សមានតម្រូវការតាមរយៈការធ្វើតេស្តដំណាក់កាល និងការជួបនិងផ្តល់ដំណឹងដល់ឪពុកម្តាយផ្ទាល់ និងធ្វើការងារជាមួយក្រុមប្រឹក្សាកុមារបានធ្វើឱ្យសិស្សចេះជួយគ្នា មានភាពម្ចាស់ការលើខ្លួនឯង ស្គាល់សូរសព្ទ យល់ន័យពាក្យ។ល។ និងមានភាពទាក់ទាញដល់កុមារចូលចិត្តរៀន​ ”។

 

លោកស្រី អូន សូនឿន អភិបាលរងនៃគណៈអភិបាលស្រុកកំពង់ត្របែក និងជាក្រុមការងារគម្រោង បានមានប្រសាសន៍ថា “សាលារៀនរបស់យើងពិតជាមានសំណាងណាស់ដែលគម្រោងបានចូលមកអន្តរាគមន៍ជួយ។ យើងកុំចាត់ទុកថា នេះជាការងាររបស់អង្គការ វាជាការងាររបស់យើងដែលទទួលបានការជួយជ្រោងជ្រែងពីអង្គការ”។

 

ទោះយ៉ាងណាក៏ដោយ ការបន្តដំណើរការគម្រោង E2L ឡើងវិញនៅពេលបច្ចុប្បន្ននេះ ខុសពីការសាកល្បងគ្រាដើមដំបូងតាមវិធីសំខាន់ៗផ្សេងទៀត។ ជាដំបូងឡើយ គម្រោងនេះអនុវត្តដោយខ្លួនឯង និងមានការគាំទ្រសហការពីនាយកដ្ឋានបច្ចេកទេសរបស់ក្រសួងអប់រំ   យុវជន និងកីឡា (ឧ. នាយកដ្ឋានបឋមសិក្សា)។ បន្ទាប់មក គម្រោងនេះបានរួមបញ្ចូលធាតុជាច្រើននៃការអប់រំពីចម្ងាយ ដើម្បីដោះស្រាយ 'ការខកខានការរៀនសូត្រ' ដែលបណ្តាលមកពីការរាតត្បាតជំងឺកូវីដ-១៩ ដែលមិនមែនជាបញ្ហានៅក្នុងការសាកល្បងពីដំបូងឡើយ។ វិធីសាស្រ្តអប់រំពីចម្ងាយពឹងផ្អែកយ៉ាងខ្លាំងលើគំរូការអប់រំតាមភូមិ។ សកម្មភាពអប់រំតាមភូមិត្រូវបានសម្របសម្រួលដោយយុវជនស្ម័គ្រចិត្តក្នុងភូមិដែលបានទទួលការបណ្តុះបណ្តាលដោយ អង្គការ ខេប ឱ្យក្លាយជាអ្នកស្ម័គ្រចិត្តគរុកោសល្យដល់គ្រូបន្ទុកថ្នាក់។ ពួកគេទទួលបានប្រាក់ឧបត្ថម្ភតិចតួច ដើម្បីលើកទឹកចិត្តដល់ការងាររបស់ពួកគេ។ ការរៀបចំការអប់រំតាមភូមិទំនងជានឹងបន្តចូលទៅក្នុងបរិយាកាសក្រោយជំងឺកូវីដ-១៩ ដើម្បីបង្កើតពេលវេលាសិក្សាដែលបាត់បង់ទាំងអស់។​

 

លោក វ៉ែន ប្រណី អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង និងជាក្រុមការងារគម្រោងបានមានប្រសាសន៍នៅក្នុងសិក្ខាសាលានេះថា “ខ្ញុំមានសេចក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដែលយើងមានអង្គការ ខេប និងអង្គការឆាលហ្វាន បានចូលរួមជួយអភិវឌ្ឍសាលារៀនតាមរយៈការប្រតិបត្តិគម្រោងងាយស្រួលរៀន។ ទោះបីជាមានការកើតឡើងជំងឺកូវីដ-១៩ ប៉ុន្តែយើងមិនឱ្យការអប់រំស្លាប់ឡើយ ដោយយើងត្រូវធ្វើការអប់រំនៅក្នុងបរិបទថ្មី។

 

លទ្ធផលសម្រេចពីសិក្ខាសាលានេះពិតជាបានផ្តល់នូវមេរៀនប្រតិបត្តិល្អៗជាច្រើនក្រោយពីការធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ល្អៗ បញ្ហាប្រឈមផ្សេងៗ និងដំណោះស្រាយរបស់នាយក គណៈកម្មការគ្រប់គ្រងសាលារៀន ប្រធានក្រុមប្រឹក្សាកុមារ ប្រធានគម្រោងងាយស្រួលរៀន និងអ្នកដឹកនាំក្រុមការងារបច្ចេកទេសគម្រោង។​​ ការជួបជុំគ្នាធ្វើការឆ្លុះបញ្ចាំងប្រចាំឆ្នាំគឺជាដំណើរការតាមដាន វាយតម្លៃ រកដំណោះស្រាយសម្រាប់ដោះស្រាយបញ្ហាប្រឈម និងរៀបចំផែនការសម្រាប់ប្រតិបត្តិនៅឆ្នាំបន្តទៀត។

42

Preschool(s)

172

Primary Schools

110

High Schools

2

Higher Education Institutions

163,072

Students

3,488

Teachers/Directors

1,496

Stakeholders