News & Events

ការតាមដានការសិក្សារបស់សិស្សតាមរយៈការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រី

Date : 2023-07-04
Facebook Twitter Google+ LinkedIn

គម្រោងសម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាពនិងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED) បានរៀបចំកិច្ចសហការជាមួយអង្គការអេដ អេ អាក ស្យុងបានរៀបចំ វគ្គតម្រង់ទិស ស្តីពីការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក ជូនដល់ក្រុមការងារ និងក្រុមត្រួតពិនិត្យតាមដានការបំប៉នថ្នាក់ស្រុក (DTMT)។

 

 

វគ្គតម្រង់ទិសនេះ មានគោលបំណងដើម្បី៖

  • រំឮកឡើងវិញអំពីការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រី។
  • ពង្រឹងសមត្ថភាពសិក្ខាកាមលើការប្រើប្រាស់ឧបករណ៍សង្កេតថ្នាក់រៀនសាលាកុមារមេត្រី។
  • ពង្រឹងសមត្ថភាពសិក្ខាកាមលើការប្រើប្រាស់ឧបករណ៍វាយតម្លៃតាមបែបអេឡិចត្រូនិក CFS Monitoring ដើម្បីបង្កើនការវាយតម្លៃប្រកបដោយ​គុណភាព និងមានប្រសិទ្ធភាព។

 

 

លោក ចឹង​ មារ៉ុង  ជាប្រធានកម្មវិធីនៃអង្គការ អេដ អេ អាក់ស្យុង បានមានប្រសាសន៍ថា “កម្មវិធីសាលាកុមារមេត្រី ជាគោលនយោបាយស្នូលរបស់ក្រសួងត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០០៦ អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(ខេប) គឺជាម្ចាស់ស្ថាបនិកនៃការបង្កើតកម្មវិធី ហើយបច្ចុប្បន្ននេះវាត្រូវបានអនុវត្តនៅគ្រប់សាលារៀនសម្រាប់ការអប់រំកម្រិតមូលដ្ឋានទូទាំងប្រទេស។ ខ្ញុំសង្ឃឹមថា ក្រុមការងារ និងក្រុមត្រួតពិនិត្យតាមដានការបំប៉នថ្នាក់ស្រុក នឹងយកកម្រងតួនាទី និងភារកិច្ច គោលការណ៍កំណត់សាលាកុមារមេត្រីតាមកម្រិត ទៅប្រើប្រាស់ដើម្បីអភិវឌ្ឍសាលារៀននៅតាមមូលដ្ឋានរបស់ខ្លួនឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយសាលាកុមារមេត្រី សម្រាប់ការអប់រំកម្រិតមូលដ្ឋានដែលបានកំណត់”។ 

 

 

តាមរយៈវគ្គតម្រង់នេះ នឹងជួយឱ្យសិក្ខាកាមយល់កាន់តែច្បាស់ពី ការប្រើប្រាស់ឧបករណ៍វាយតម្លៃសាលាកុមារមេត្រីបែបអេឡិចត្រូនិក ដើម្បីបង្កើនការវាយតម្លៃសមត្ថភាពសិស្សប្រកបដោយ​គុណភាព។

 

 

កម្មវិធីសាលាកុមារមេត្រីសម្រាប់ការអប់រំកម្រិតមូលដ្ឋាន បានបង្ហាញពីខ្លឹមសារយុទ្ធវិធី និងគោលការណ៍អនុវត្តសមាសភាគទាំង៦ រួមមាន៖ ១-កុមារទាំងអស់ត្រូវបានចូលរៀន។ ២-ការសិក្សាប្រកបដោយប្រសិទ្ធភាព។ ៣-សុខភាព សុវត្ថិភាព និងការការពារកុមារ។ ៤-ការឆ្លើយតបទៅនឹងយេនឌ័រ។ ៥-ការចូលរួមពីគ្រួសារកុមារ និងសហគមន៍ និងការគាំទ្រពីប្រព័ន្ធអប់រំ។ សមាសភាគទាំង៦ កម្មវិធីសាលាកុមាមេត្រី មានតួនាទីសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំដើម្បីធានាឱ្យបាននូវសមធម៌នៃការអប់រំ និងទាក់ទាញការចូលរួមពីគ្រប់សមាសភាគដែលពាក់ព័ន្ធ ពិសេសអង្គការជាតិ និងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងសមាគមន៍ ដែលជាដៃគូអប់រំក្នុងការចូលរួមឧបត្ថម្ភគាំទ្រដំណើរការអភិវឌ្ឍកម្មវិធីសាលាកុមារមេត្រីឱ្យបានជោគជ័យ។

 

វគ្គតម្រង់ទិសនេះ ធ្វើឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០២៣  នៅសាលប្រជុំសាលាក្រុងកែប​ ដោយមានសិក្ខាកាមចូលរួមសរុប ៥៥ នាក់ (ស្រី ១៦នាក់ )មកពីខេត្តចំនួនទាំងបួន ដូចជាខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង។

 

 

គម្រោងសម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងការគាំទ្រសំឡេងដើម្បីសមធម៌សង្គម (CO-SAVED) ប្រតិបត្តិដោយអង្គការ ខេប ទទួលហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងអង្គការអេដ អេ អាក ស្យុង៕

 

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders