News & Events

តើមជ្ឈមណ្ឌលសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិកជាអ្វី?

Date : 2023-11-10
Facebook Twitter Google+ LinkedIn

គម្រោងសម្ពន្ធភាពដើម្បីការអភិវឌ្ឍប្រកបដោយចេរភាព និងការគាំទ្រសំឡេង ដើម្បីសមធម៌សង្គម (CO-SAVED)  បានរៀបចំវគ្គតម្រង់ទិសមួយស្តីពី ការសិក្សាមុខវិជ្ជាអប់រំបំណិនជីវិតតាមមូលដ្ឋាន ដោយប្រើប្រាស់មជ្ឈមណ្ឌលសិក្សាតាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់ ក្រសួងអប់រំ យុវជន និងកីឡា​ សម្រាប់ខេត្តគោលដៅចំនួនបួនរួមមាន៖ កំពត កែប ព្រះសីហនុ និងកោះកុង ដែលស្ថិតនៅតំបន់មាត់សមុទ្រ។

 

វគ្គតម្រង់ទិសនេះ មានគោលបំណងផ្តល់ឱ្យសិក្ខាកាមបានយល់ដឹងអំពីមុខវិជ្ជាអប់រំបំណិនជីវិតតាមមូលដ្ឋាន បញ្ញត្តិនៃការអប់រំបំណិនជីវិត និងការអប់រំបំណិនទន់ ព្រមទាំងសកម្មភាពសម្រាប់ការបង្រៀននិងរៀន។ មួយវិញទៀត សិក្ខាកាមនឹងដឹងកាន់ច្បាស់ក្នុងដំណើរការជ្រើសរើសប្រធានបទសម្រាប់កម្មវិធីសិក្សាប្រចាំឆ្នាំ វិធីសាស្រ្ត ការវាយតម្លៃនៃការសិក្សាលើមុខវិជ្ជាអប់រំបំណិនជីវិតតាមមូលដ្ឋាន និងរៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ក្នុងសាលាជាមួយធនធានសហគមន៍មានស្រាប់។

 

មជ្ឈមណ្ឌលសិក្សាតាមរយៈអេឡិចត្រូនិក គឺជាមធ្យោបាយនៃការសិក្សាដោយខ្លួនឯងក្នុងបរិយាកាសមួយដែលផ្ដល់ការសិក្សាយ៉ាងសម្បូរបែប តាមរយៈមាតិកាអប់រំ ឌីជីថល រួមមាន៖ ខ្លឹមសារមេរៀនជាវីដេអូ សំណួរ ពង្រឹងសមត្ថភាពខ្លីៗ លក្ខណៈជាអន្តរកម្ម ហើយវាមានគោលបំណងសំខាន់ៗរួមមាន៖(១) លើកស្ទួយគុណភាព និងសមធម៌នៃការអប់រំនៅកម្ពុជាតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និង(២) មានមាតិការអប់រំបែបឌីជីថល ដែលសិក្សានុសិក្សអាចធ្វើការស្វ័យសិក្សាបានដោយបើកចំហ នៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង និងប្រកបដោយសមធម៌។

 

វគ្គតម្រង់ទិសនេះ​ បានប្រព្រឹត្តទៅនៅថ្ងៃទី២៨ និងទី៣០ ខែតុលា ឆ្នាំ ២០២៣ ​នៅសាលប្រជុំ សាលាបឋមហ៊ុនសែនវាលរិញ ខេត្តព្រះសីហនុ និងនៅសាលប្រជុំ សាលាបឋមសិក្សាអង្គរភ្នំក្នុង ខេត្តកោះកុង ដោយមានអ្នកចូលសរុបចំនួន ៧៤នាក់ ជាមន្រ្តីការិយាល័យអប់រំស្រុកគោលដៅ នាយក នាយិកា និងលោកគ្រូអ្នកគ្រូកម្មវិធីបំណិនជីវិតទាំងកម្រិតបឋម និងមធ្យមសិក្សា។

 

អង្គការដៃគូ អេដ អេ អាក់ស្យុង (AEA),អង្គការសកម្មភាពព្រះសាសនាដើម្បីអភិវឌ្ឍន៍សង្គម(BSDA), អង្គការបណ្តុះកុមារ(BK) នឹងបន្តតម្រង់ទិសតាមស្រុកគោដៅរបស់ខ្លួន ចាប់ពីថ្ងៃទី០១-០២ ខែវិច្ឆិកា ​ឆ្នាំ ២០២៣ ក្រោមការជួយគាំទ្របច្ចេកទេសពីក្រុមការងារបច្ចេកទេសអង្គការខេបនៃគម្រោង ខូសេវ (CO-SAVED)។

 

គម្រោងខូសេវ (CO-SAVED) ទទួលបានហិរញ្ញប្បទានពីសហភាពអឺរ៉ុប និងអង្គការអេដ អេ អាក់ស្យុង(AEA ) ដែលបានធ្វើការជាមួយនឹងអង្គការដៃគូ និងវិស័យឯកជនដទៃទៀត ដើម្បីរួមសហការគ្នាក្នុងការអភិវឌ្ឍការអប់រំ និងការផ្តល់សេវាបៃតងផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រកបដោយនិរន្តរភាព៕

 

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders