News & Events

វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងគ្រប់គ្រង

Date : 2023-06-23
Facebook Twitter Google+ LinkedIn

ភាពជាអ្នកដឹកនាំ គឺជាការយល់ពីរបៀបនៃការគ្រប់គ្រងមនុស្ស និងអាចទំនាក់ទំនងជាមួយនឹងមនុស្សបានគ្រប់ប្រភេទ ព្រមទាំងជំរុញឱ្យមនុស្សមួយក្រុមខិតខំធ្វើការដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរួមមួយ នឹងធ្វើយ៉ាងណាឱ្យសាលារៀនមានការផ្លាស់ប្តូរ និងរីកចម្រើន។ ចំណែកឯ ការគ្រប់គ្រងតាមសាលារៀន គឺជាមធ្យោបាយមួយផ្ដល់ធម្មនុញ្ញសាលារៀន ដែលគណៈនាយក គ្រូបង្រៀន មាតាបិតាសិស្ស សមាជិកសហគមន៍ មានការគ្រប់គ្រងទៅលើអ្វីៗដែលកើតឡើងក្នុងសាលារៀន។  ដើម្បីជំរុញឱ្យសាលារៀនគោលដៅមានការអភិវឌ្ឍប្រកបដោយចីរភាព គម្រោងកុមារកម្ពុជារីករាយ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងគ្រប់គ្រងតាមសាលារៀន(វគ្គទី៣) នៅសាលាបឋមសិក្សាស្វាយតាមែក ដោយមានសិក្ខាកាមចូលរួមចំនួន២៨ នាក់ (ស្រី ៧នាក់) រួមមាន៖ នាយក នាយករង​ មន្ត្រីតំណាងការិយអប់រំ យុវជន និងកីឡាស្រុកតំបែរ និងពញាក្រែក និងមន្ត្រីការិយាល័យបឋមសិក្សា ព្រមទាំងលោកគ្រូអ្នកគ្រូដែលមកពីសាលារៀនគោលដៅចំនួន១២ក្នុងខេត្តត្បូងឃ្មុំ។

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងផ្តល់ឱ្យសិក្ខាកាម៖

-រំឭកឡើងវិញនូវប្រធានបទទាំងបួនដែលបានសិក្សាហើយក្នុងភាពជាអ្នកដឹកនាំទី១ និងទី២

-យល់កាន់តែស៊ីជម្រៅនូវភាពជាអ្នកដឹកនាំដើម្បីកែលម្អការបង្រៀន និងរៀន និងទទួលបានវិធីសាស្ត្រ ល្អៗសម្រាប់អនុវត្តន៍។

-យល់ពីសារសំខាន់នៃចក្ខុវិស័យ និងវិធីបង្កើតផែនការដើម្បីធ្វើឱ្យសម្រេចចក្ខុវិស័យ។

-កាន់តែមានភាពច្នៃប្រឌិត និងមានឆន្ទៈហ៊ានប្រថុយ។

-ពង្រឹងសមត្ថភាពក្នុងការដឹកនាំការប្រជុំក្រុមបច្ចេកទេស

-សង្កេតថ្នាក់រៀនដើម្បីជួយទ្រទ្រង់ឱ្យកាន់តែមានប្រសិទ្ធភាព និងការផ្តល់ព័ត៌មានត្រឡប់ជូនគ្រូបង្រៀនពោរពេញទៅដោយការជួយទ្រទ្រង់ដែលនឹងធ្វើឱ្យការបង្រៀន និងរៀនកាន់តែបានល្អប្រសើរឡើង។

 

សិក្ខាកាមទទួលបានចំណេះដឹង និងបទពិសោធន៍ល្អៗបន្ថែមទៀតពីភាពជាដឹកនាំ និងការគ្រប់គ្រងដូចជា បង្កើតចក្ខុវិស័យក្នុងសាលារៀន មានគំនិតច្នៃប្រឌិត និងហ៊ានប្រថុយឱ្យមានការផ្លាស់ប្តូរ សង្កេត និងតាមដានសកម្មភាពក្នុងថ្នាក់ដែលទ្រទ្រង់ការរៀនរបស់សិស្ស ផ្តល់ព័ត៌មានត្រឡប់ យល់ពីវិធីជំរុញទឹកចិត្តគ្រូ  យល់ពីការគិតកម្រិតខ្ពស់ និងចេះបង្កើតផែនការសកម្មភាពថ្មីមួយសម្រាប់កែលម្អភាពជាអ្នកដឹកនាំរបស់សិក្ខាកាម។

 

គម្រោងកុមារកម្ពុជារីករាយ ទទួលហិរញ្ញប្បទានពីមូលនិធិគីនឆាន ដើម្បីកែលម្អសមត្ថភាពគ្រប់គ្រងដៃគូនៅមូលដ្ឋាន បង្កើនលទ្ធភាពទទួលបានសេវាអប់រំ និងគុណភាពបង្រៀន និងរៀន ក៏ដូចជាការផ្សព្វផ្សាយនៅតាមសហគមន៍៕

 

42

Preschool(s)

172

Primary Schools

110

High Schools

6

Higher Education Institutions

120,831

Students

2,806

Teachers/Directors

1,496

Stakeholders