ព័ត៌មាន និងព្រឹត្តិការណ៍

ដំណើរទស្សនកិច្ចសិក្សាសិស្សគម្រោងសាលារៀនជំនាន់ថ្មីនៅប្រទេសថៃ

Date : 2018-04-24
Facebook Twitter Google+ LinkedIn Addthis

អង្គការ ខេប បានបញ្ជូនសិស្សគម្រោងសាលារៀនជំនាន់ថ្មីចំនួន៣១នាក់ទៅធ្វើទស្សនកិច្ចសិក្សានៅប្រទេសថៃរយៈពេល២ថ្ងៃ ដែលបានចាប់ផ្តើមពីថ្ងៃទី ២៤ ដល់ ២៥ ខែមេសា ឆ្នាំ២០១៨ ក្នុងគោលបំណងចូលរួមសិក្សាស្រាវជ្រាវកម្មវិធីសិក្សា និងបទពិសោធន៍ថ្មីៗជាច្រើនក្នុងការតាំងពិពណ៌សមិទ្ធិផលរបស់និស្សិត KMITL និងស្វែងយល់អំពីវប្បធម៌អាស៊ាន។ សិស្សគម្រោងសាលារៀនជំនាន់ថ្មីទាំងនេះមានការចាប់អារម្មណ៍ខ្លាំងដោយបានផ្លាស់ប្តូរការអប់រំជាមួយនិស្សិតថៃ ហើយនិងបានយល់ជ្រាបអំពីរបៀបដាក់ពាក្យប្រឡងយកអាហារូបករណ៍នៅប្រទេសថៃ។

 

ស្រីកែវ សុភ័ក្រត្រា ជាសិស្សមកពីវិទ្យាល័យ ព្រះស៊ីសុវត្ថិ បាននិយាយថា គាត់សប្បាយចិត្តយ៉ាងខ្លាំង និងចាប់អារម្មណ៍ក្នុងដំណើរទស្សនកិច្ចនេះ ព្រោះនិស្សិត KMITL ពិតជាបានខំធ្វើបទបង្ហាញអំពីការសិក្សាប្រើប្រាស់បច្ចេកវិទ្យាដោយគំនិតបង្កើតថ្មី និងការប្រើប្រាស់ឧបករណ៍ទំនើបៗ។ អ្នកធ្វើបទបង្ហាញទាំងអស់មានលក្ខណៈរហ័សរហួន រស់រវើក និងបត់បែន។ សុភ័ក្រត្រាបាននិយាយថា "ខ្ញុំបានរៀនសូត្រអំពីអត្ថប្រយោជន៍ស្ពីរ៉ូលីណាដែលសិស្សថៃបានបង្ហាញ ព្រោះគេប្រើប្រាស់ស្ពីរ៉ូលីណាជាអាហារ និងជាឱសថសម្រាប់ព្យាបាលជម្ងឺ"។ សុភ័ក្រត្រាបន្តថា "ខ្ញុំបានរៀនអំពីវិធីសាស្រ្តធ្វើកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ដែលបានផ្តល់នូវចំណេះដល់ខ្ញុំបន្ថែមទៀតផងដែរ។​ សិស្សថៃពន្យល់ថា គេប្រើប្រាស់ម៉ាស៊ីនទំនើបក្នុងការធ្វើកសិកម្ម។​ ម្យ៉ាងវិញទៀត សិស្សថៃប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងសិស្សនៅកម្ពុជាយើងក្នុងសិក្សានៅឧត្តមសិក្សា"។ 

 

បន្ទាប់ពីមានការអញ្ជើញពីសាកលវិទ្យាល័យ King Mongkut Institute of Technology មានប្រទេសចំនួន៦បានបញ្ជូនសិស្សរបស់ខ្លួនទៅចូលរួមកម្មវិធីបោះជំរុំវិស្សមកាល King Mongkut – ASEAN រួមមាន៖ ប្រទេសកម្ពុជា ឡាវ សិង្ហបុរី ម៉ាឡេស៊ី ភូមា និងឥណ្ឌា ដើម្បីធ្វើបទបង្ហាញចែករំលែកអំពីកម្មវិធីសិក្សា និងវប្បធម៌ទៅវិញទៅមក។ លើសពីនេះទៀត សិស្សសាលារៀនជំនាន់ថ្មីបានធ្វើទំនាក់ទំនងល្អជាមួយសិស្សដែលមកពីបណ្តាប្រទេសទាំង៥ប្រកបដោយកិច្ចសហការ និងសាមគ្គីគ្នាល្អ។ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ ពួកគេអាចទំនាក់ទំនងទៅវិញទៅមកដើម្បីផ្លាស់ប្តូរការអប់រំដ៏ប្រសើរ។

 

ដំណើរទស្សនកិច្ចសិក្សានេះត្រូវឧបត្ថម្ភគាំទ្រដោយគម្រោងសាលារៀនជំនាន់ថ្មីដោយសហការជាមួយសាលារៀនប្រទេសថៃ ដើម្បីជួយឱ្យនិស្សិតខ្មែរមានឱកាសសិក្សាអំពីអ្វីដែរថ្មីៗ និងវប្បធម៌របស់ប្រទេសអាស៊ាន។ សិស្សសាលារៀនជំនាន់ថ្មីបានពេញចិត្តយ៉ាងខ្លាំងនូវអ្វីដែលពួកបានឃើញពិភពលោកខាងក្រៅកំពុងវិវត្តរីកចម្រើន៕

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ