អតីតភាពគម្រោង

របៀបនៃការរៀន

ចំណូលចិត្តផ្សេងៗទាក់ទងនឹងការរៀនរបស់សិស្ស

ឧទាហរណ៍ជាក់ស្ដែងសម្រាប់បង្រៀនសិស្ស

 

 

 

 

របៀបរៀនតាមការប្រើកាយវិការ ឬចលនា

សិស្សដែលមានរបៀបរៀនតាមការប្រើកាយវិការ ឬចលនា អាចរៀនបានយ៉ាងពូកែ និងឆាប់រហ័សលុះត្រាតែមានការរៀន និងបង្រៀន​​ពាក់ព័ន្ធនឹងការធ្វើសកម្មភាព ដូចជា៖ ការរំកិល ឬកាន់វត្ថុដែល​ត្រូវរៀននោះតែម្តង។ ពួកគេចូលចិត្តស្រាវជ្រាវ រៀន ឬធ្វើ នូវសកម្មភាព​ទាំងឡាយណាដែលភាគច្រើនធ្វើនៅខាងក្រៅថ្នាក់ ដោយជារឿយៗមានដូចជា៖ កីឡា និងការសម្តែងសិល្បៈ។ ភាគច្រើនពួកគេតែងបញ្ចេញអារម្មណ៍របស់ខ្លួនមកក្រៅតាមរយៈកាយវិការតែម្តង ដូចជាការអោបថើប ឬការវាយតប់។ ក្រៅពីនេះ ពួកគេចូលចិត្តរៀននូវជំនាញថ្មីៗដោយខ្លួនឯងជាងទទួលការណែនាំ ឬបង្ហាញពីអ្នកដទៃ។ ពួកគេលំបាកទ្រាំទ្រក្នុងការអង្គុយយូរមួយកន្លែងហើយប្រឹងប្រែងអាន និងប្រកប។

 

 • សូមអនុញ្ញាតឱ្យសិស្សសាកល្បងធ្វើសកម្មភាពមុននឹងផ្តល់នូវការណែនាំលម្អិតដល់ពួកគេ។
 • សូមផ្តល់នូវសម្ភារសិក្សាឱ្យបានច្រើនដូចជា ខ្មៅដៃពណ៌, បណ្ណ ឬដុំតួអក្សរ, ល្បែងតម្រៀបឬផ្តុំដុំតូចៗជារូប, ផែនទី, ដីឥដ្ឋ, ឧបករណ៍ពិសោធន៍បែបវិទ្យាសាស្ត្រ, ក្បាច់ (ឧបករណ៍គិតលេខរបស់ប្រទេសចិន), និង រូបធរណីមាត្រ។
 • មិនត្រូវកម្រិតដែនសិក្សារបស់សិស្សតែនៅលើតុរៀនតែមួយមុខនោះទេ។ សូមអនុញ្ញាតឱ្យមានសកម្មភាពសិក្សាដែលសិស្សអាចផ្លាស់ទីទៅមក រៀននៅកៀនបណ្ណាល័យ ឬរៀននៅ​កៀនអំណាន។
 • សូមប្រើសកម្មភាពនៅខាងក្រៅថ្នាក់ដើម្បីបង្កើតទៅជាឱកាសនៃការរៀនដល់សិស្ស។
 • សូមបង្រៀនមេរៀនឬបញ្ញត្ត​ថ្មីតាមរយៈការប្រើប្រាស់ល្បែងសិក្សា ឬដាក់កិច្ចការឱ្យធ្វើបែបគម្រោង។.
 • សូមឱ្យសិស្សធ្វើបទបង្ហាញពីកិច្ចការដែលឆ្លុះបញ្ចាំងពីគំនិត និងជំនាញរបស់ពួកគេ។
 • សូមជំរុញឱ្យមានសកម្មភាពមានចលនានៅអំឡុងពេលរៀន។ ឧទាហរណ៍ៈ ការលេង​ល្បែងសិក្សានៅក្នុងថ្នាក់រៀន ជាដើម។
 • សូមផុ្តល់ពេលសម្រាកដល់សិស្សឱ្យបានញឹកញាប់។

 

 

 

 

របៀបរៀនតាមរយៈការមើល

សិស្សដែលមានរបៀបរៀនតាមការមើល អាចរៀនបានយ៉ាងល្អ និងឆាប់រហ័សលុះត្រាតែមានការរៀន និងបង្រៀន​​បង្ហាញឱ្យឃើញ​នៅពីមុខពួកគេតែម្តង ហើយរូបភាពទាំងនោះត្រូវបានរក្សាទុកក្នុងខួរក្បាលតែម្តង។ ពួកគេជារឿយៗចូលចិត្តអានហើយសរសេរអក្សរស្អាត។ ពួកគេក៏ជាអ្នកដែលចូលចិត្តស្វែងយល់ពីឬសគល់នៃបញ្ហា រៀបចំចាត់ចែងច្បាស់លាស់ និងមានចំណាប់អារម្មណ៍ខ្លាំងលើពណ៌ ឬទ្រង់​ទ្រាយវត្ថុផ្សេងៗ។ ពួកគេតែងជួបការលំបាកពេលគ្រូប្រាប់ការណែនាំផ្ទាល់មាត់ និងងាយទទួលការរំខានពីសំឡេងផ្សេងៗ។ ពួកគេចំណាំមុខអ្នក​ដែលគេស្គាល់ជាងឈ្មោះ។ ពួកគេចូលចិត្តសម្លឹងមើលភ្នែក​ដៃគូ​សន្ទនាដើម្បីពង្រឹងការផ្តោតអារម្មណ៍។ 

 • ងាយយល់ទៅលើការបង្ហាញបែបក្រាហ្វិក ឬដ្យាក្រាម
 • សរសេរការណែនាំឱ្យបានច្បាស់លាស់
 • សូមប្រើប្រាស់សម្ភារៈដែលអាចបង្ហាញឱ្យមើលបាននៅពេលបង្រៀនមេរៀនដូចជា៖ រូបភាព, គំនូសស្ថិតិ, ដ្យាកាម, ផែនទី, និងបង្ហាញជាទម្រង់សង្ខេប
 • សូមប្រើកិច្ចការដែលមានសកម្មភាពបង្ហាញ
 • សូមប្រើសម្ភារៈជំនួយចក្ខុវិញ្ញាណដូចជា បណ្ណ ឬដុំតួអក្សរ
 • បង្ហាញពីគំរូប្លង់ឬរបៀបរៀនភាសាដោយការមើលឃើញជាក់ស្ដែងដើម្បីបង្រៀនការប្រកប វាក្យសព្ទ វេយ្យាករណ៍ និងវិធីប្រើវណ្ណយុត្ដិ
 • រៀបចំបញ្ជីព័ត៌មានដោយប្រើពណ៌តំណាង
 • សូមប្រាប់ទៅកាន់សិស្សដោយមើលមុខចំ និងសម្លឹងមើលភ្នែករបស់ពួកគេឱ្យបានច្រើន​តាមដែលអាចធ្វើទៅបាន
 • នៅពេលប្រាប់ការណែនាំផ្ទាល់មាត់ សូមលើកទឹកចិត្តសិស្សឱ្យសួរបញ្ជាក់នៅពេលគេ​មិនទាន់យល់ច្បាស់
 • លើកទឹកចិត្តសិស្សឱ្យសិស្សកត់ចំណាំឱ្យបានច្រើន និងរៀបចំព័ត៌មាននៅលើក្រដាស ឬវត្ថុ​ផ្សេងៗ
 • ផ្តល់នូវបរិយាកាសស្ងប់ស្ងាត់, ទីកន្លែងមានរបៀបរៀបរយសម្រាប់រៀន, និងកាត់បន្ថយ​ការរំខានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន

 

 

 

 

របៀបរៀនតាមរយៈការនិយាយ និងស្តាប់

ភាសានិយាយគឺជាទម្រង់បឋមសម្រាប់ផ្លាស់ប្តូរព័ត៌មានសម្រាប់សិស្សដែលមានរបៀបរៀនតាមរយៈការនិយាយ និងស្តាប់។ ពួកគេអាចរៀនបានល្អ និងឆាប់រហ័សតាមរយៈការស្តាប់ និងការនិយាយ។ ពួកគេតែងតែនិយាយច្រើនជាងមនុស្សទូទៅ រស់រាយរាក់ទាក់ ចូលចិត្តស្តាប់រឿងនិទាន និងរឿងកំប្លែង យល់ដឹងមេរៀនតាមរយៈការពន្យល់​ផ្ទាល់មាត់ទៅកាន់ពួកគេ។ ពួកគេភាគច្រើនមានទំនោរទៅលើសកម្មភាពតន្ត្រី និងសិស្បៈ ប៉ុន្តែអានយឺត លំបាកក្នុងការសរសេរ និងយល់ដឹងការណែនាំតាមការសរសេរការពន្យល់។ ពួកគេពុំអាចនៅស្ងៀម​ស្ងាត់បានយូរ។ ពួកគេចាំឈ្មោះ និងសំឡេងអ្នកដែលគេជូបបានយ៉ាងល្អ តែពុំសូវចាំមុខមាត់នោះឡើយ។ ពួកគេជារឿយៗចូលចិត្តច្រៀង និងអានខ្សិបៗទៅកាន់ខ្លួនឯង។

 • មានទំនោរលើការរៀនតាមរយៈការស្តាប់
 • ចូលចិត្តកិច្ចការដែលពាក់ព័ន្ធនិងការនិយាយ/ការបង្ហាញ
 • ចូលចិត្តលេងល្បែងពាក្យ និងប្រើកំណាព្យដើម្បីអនុវត្តលើការរៀនភាសា
 • អនុញ្ញាតឱ្យសិស្សអានឱ្យខ្លាំងបើទោះគេនៅម្នាក់ឯង និងប្រើម្រាមដៃចង្អុលតាមដាន​អត្ថបទដែលកំពុងអាន
 • អនុញ្ញាតឱ្យសិស្សពន្យល់ពីមេរៀនឬរាយការណ៍ផ្ទាល់មាត់
 • អនុញ្ញាតឱ្យសិស្សចងចាំព័ត៌មានដោយនិយាយឬអានសារឡើងវិញឱ្យខ្លាំងៗ
 • បែងចែកកិច្ចការដែលត្រូវធ្វើទៅជាក្រុមធំ និងក្រុមតូច
 • ជារឿយៗសូមអោយមានសកម្មភាពអានឱ្យឮៗទៅកាន់សិស្សតូចៗ
 • អនុញ្ញាតឱ្យសិស្សអាចថតសម្លេងនូវកំណត់ចំណាំ ឬសំណួរផ្សេងៗ
 • ប្រើប្រាស់ភ្លេង កំណាព្យ និងចម្រៀង ដើម្បីពង្រឹងដល់ព័ត៌មាននៃការអប់រំ (ខ្លឹមសារ មេរៀន)

របៀបនៃការរៀនខាងលើត្រូវបានប្រើប្រាស់ទាំងអស់សម្រាប់បុគ្គលគ្រប់រូប ហើយចិត្តវិទូក៏បានយល់ស្របដែថាស្ទើរតែគ្មានបុគ្គលណាម្នាក់ដែលមានរបៀបរៀនតែមួយប្រភេទនោះទេ។ ក៏ប៉ុន្តែពួកគេអាចមានទំនោរទៅកាន់របៀបរៀនមួយប្រភេទខ្ពស់ជាងគេទាំងអស់ដែលជួយឱ្យការរៀនរបស់គេកាន់តែប្រសើរ ហើយគេក៏អាចប្រើរបៀបនៃការរៀនមួយផ្សេងទៀតដើម្បីជាជំនួយផងដែរ។ ឧទារហណ៍៖ សិស្សម្នាក់មានរបៀបនៃការរៀនតាមការមើលជាចម្បង ហើយក៏មានជំនាញខ្លះ​ពាក់ព័ន្ធនឹងរបៀបនៃការៀនតាមរយៈការនិយាយ និងស្តាប់ ប៉ុន្តែពុំមានរបៀបនៃការរៀនតាមរយៈការប្រើកាយវិការ ឬចលនា។

បន្ថែមពីនេះ ចិត្តវិទូបានបញ្ជាក់ថាសម្រាប់សិស្សតូចៗ(ថ្នាក់ទី១ ដល់ថ្នាក់ទី៣) ភាគច្រើនមានទំនោរលើរបៀបរៀនតាមរយៈការប្រើកាយវិការ ឬចលនាជាចម្បង ហើយរបៀបនៃការរៀនផ្សេងៗទៀតនិងត្រូវអភិវឌ្ឍន៍ឬកើតឡើងតាមក្រោយនៅពេលការអប់រំរបស់ពួកគេកាន់តែច្បាស់លាស់ឡើង។

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ