អតីតភាពគម្រោង

គម្រោងលើកកម្ពស់ការអប់រំ និងការងារនៅកម្ពុជា (SEEK)

សេចក្ដីសង្ខេប

     នៅប្រទេសកម្ពុជាកម្រិតភាពក្រីក្របានធ្លាក់ចុះនៅកំឡុងជាង១០ឆ្នាំចុងក្រោយនេះ និងកំណើនសេដ្ឋកិច្ចកើនឡើងជាមធ្យមប្រមាណ ៧% ជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងនេះក្ដី ប្រជាជនប្រហែលជា៧១% រស់នៅក្រោមចំណូល៣ដុល្លារក្នុងមួយថ្ងៃនៅឡើយ។ អ្វីដែលគួរ​ឱ្យភ្ញាក់ផ្អើលអត្រាយុវជនដែលគ្មានការងារធ្វើមានត្រឹមតែ៣%ប៉ុណ្ណោះ ប៉ុនែ្តយុវជនភាពច្រើនប្រកបការងារដោយគ្មានជំនាញជាក់លាក់ និងទទួលបានប្រាក់កម្រៃទាប។ ប្រព័ន្ធគ្រប់គ្រងព័ត៌មានការអប់រំឆ្នាំ២០១៨ បានបង្ហាញពីរបាយការណ៍អត្រាបោះបង់ការសិក្សានៅកម្រិតអនុវិទ្យាល័យមានប្រមាណ១៧%-១៩%នៅក្នុងប្រទេសកម្ពុជា។

 

សិស្សបញ្ចប់ការសិក្សាកម្រិតមូលដ្ឋានទទួលបានចំណេះដឹងផ្នែកអប់រំបំណិនជីវិត និងប្រឹក្សាយោបល់អាជីពនៅតាមសាលារៀន នៅមានកម្រិតទាបដែលនាំឱ្យយុវជនខ្វះបំណិន និងបទពិសោធន៍កាន់តែខ្លាំងឡើង។ គម្រោងលើកកម្ពស់ការអប់រំ និងការងារនៅកម្ពុជា​(SEEK) បង្កើតឡើងក្នុងគោលបំណងដើម្បីបំពេញនូវសិទ្ធិសេដ្ឋកិច្ច និងសង្គមរបស់យុវជន ពិសេសការយកចិត្តទុកដាក់ទៅលើស្រ្តីមកពីសហគមន៍ជនជាតិចាម តាមរយៈទទួលបានការអប់រំប្រកបដោយគុណភភាព និងបរិយាប័ន្ន ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងការងារដែលសមរម្យ។ គម្រោងនេះគាំទ្រដោយ សហភាពអឺរ៉ុប (EU) អនុវត្តដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) អង្គការ WeWord-GVC អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA) និងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)។

 

គោលបំណង
 • កុមារ និងយុវជនទទួលបានការអប់រំប្រកបដោយបរិយាប័ន្នដែលជាមធ្យោបាយមួយក្នុងការលើកកម្ពស់លទ្ធភាពការងាររបស់ពួកគេ ជាពិសេសក្មេងស្រីដែលមកពីសហគមន៍ជនជាតិចាម។
 • សង្គមស៊ីវិលចូលរួមនិងមានសិទ្ធិអំណាចក្នុងការស្វែងរកដំណោះស្រាយនៅក្នុងសហគមន៍ ដល់យុវជនងាយរងគ្រោះទៅលើផ្នែកសេដ្ឋកិច្ចសង្គមដើម្បីទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ តម្រង់ទិសអាជីព និងឱកាសការងារ។ 
 • យុវជនបង្កើនបណ្ដាញ និងសមត្ថភាពតស៊ូមតិ។​

 

សកម្មភាពសំខាន់ៗ

លទ្ធផលទី០១

 • បង្កើតថា្នក់សិស្សរៀនយឺត ដើម្បីធានាថាពួកគេមានសមត្ថភាពគ្រប់គ្រាន់លើបំណិនអាន និងគណនាលេខ និងអាចឆ្លងភូមិសិក្សាបាន
 • បង្កើតប្រព័ន្ធរំលឹកជាមុននៅតាមសាលារៀនគោលដៅ ដើម្បីទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្ស
 • បង្កើតប្រព័ន្ធទិន្នន័យតាមដានកុមារ និងយុវជនងាយរងគ្រោះ
 • ផ្សារភ្ជាប់កម្មវិធីអប់រំបំណិនជីវិតជាមួយនឹងការផ្ដល់កញ្ចប់ថវិកាដល់អាណាព្យាបាលសិស្សអាហារូបករណ៍ ដើម្បីបង្កើនប្រាក់ចំណូល
 • ផ្ដល់អាហារូបករណ៍សិស្សងាយរងគ្រោះនៅកម្រិតអនុវិទ្យាល័យ
 • បណ្ដុះបណ្ដាលកម្មវិធីបំណិនជីវិតក្នុងសាលារៀនមានជាង៣០ម៉ូឌុល បង្កើតដោយក្រសួងអប់រំ និងអង្គការសង្គមស៊ីវិល
 • មានកម្មវិធីប្រឹក្សាអាជីពតាមរយៈអេឡិចត្រូនិច (ត្រីវិស័យ App) ។

លទ្ធផលទី០២

 • បង្កើតប្រព័ន្ធបណ្ដាញវ័យឆ្លាតជាមួយនឹងឱកាសការងារ
 • បង្កើតមណ្ឌលព័ត៌មានរបស់គម្រោងSEEKសាកល្បងចំនួន០៣កន្លែង
 • បំប៉នសមត្ថភាពសង្គមស៊ីវិល ដើម្បីពង្រឹងតួនាទីស្នូលរបស់ពួកគេ ក្នុងការយល់ដឹងពីតម្រូវការរបស់កុមារ និងយុវជន និងសកម្មភាពបញ្ជូនពួកគេទៅកាន់ស្ថាប័នពាក់ព័ន្ធ (ការងារ ឬវិជ្ជាជីវៈ)
 • បង្កើតក្រុមស្រាវជ្រាវផ្ទៃក្នុងបែបចូលរួម
 • ផ្ដល់កញ្ចប់ថវិកាដល់អង្គការសង្គមស៊ីវិល​ និងស្ថាប័នបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពង្រឹងសេវាកម្មតម្រង់ទិស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់យុវជន
 • បង្កើតឱកាសនានា។

 

លទ្ធផលទី០៣

 • បង្កើតក្រុមមិត្តជួយមិត្តនៅក្នុងមណ្ឌលព័ត៌មានរបស់គម្រោងSEEK
 • ធ្វើយុទ្ធនាការស្ដីពីសិទ្ធិសេដ្ឋកិច្ចសង្គមរបស់យុវជន និងកុមារីតាមរយៈប្រព័ន្ធផ្សព្វផ្សាយចម្រុះ និងការចូលរួមរបស់ដៃគូ។

 

 

ព័ត៌មានលម្រិតរបស់គម្រោង
 • រយៈពេលៈ ០៣ឆ្នាំ (ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១  ខែធ្នូ ឆ្នាំ២០២២)
 • ទីតាំងៈ ខេត្តចំនួន០៣ (កំពង់ចាម ត្បូងឃ្មុំ និងកំពង់ឆ្នាំង)

 

សូមទំនាក់ទំនងមកកាន់យើងខ្ញុំៈ
 • KAPE                      www.kapekh.org
 • WeWorld-GVC        www.weworld-gvc.it
 • YCC                        www.ycc.org.kh
 • BSDA                      www.bsda-cambodia.org

 

កម្មវិធីនេះ អនុវត្តដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (KAPE) អង្គការ We-World-GVC អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA) និងអង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)។ ទស្សនៈទាននៅក្នុងការបោះពុម្ពផ្សាយនេះ មិនប៉ះពាល់ទៅនឹងរូបភាពរបស់សហភាពអឺរ៉ុបទេ។

 

ឧបត្ថម្ភគាំទ្រដោយសហភាពអឺរ៉ុប (EU)

 
សហការប្រតិបត្តិជាមួយដៃគូ៖

  

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ