ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីបណ្តុះបណ្តាលគរុកោសល្យ

Date : 2025-09-29
Facebook Twitter Google+ LinkedIn

ក្រុងកំពង់ចាម៖ នៅថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៥ គម្រោងកុមារកម្ពុជារីករាយ (Happy Cambodian Children - HCC) បានចាប់ដៃគូជាមួយគម្រោងពង្រឹងការចូលរៀន និងការសិក្សារបស់កុមារ ដើម្បីនិរន្តរភាព (Children’s Learning, Access to Support, and Sustainability - CLASS) ដើម្បីរៀបចំកម្មវិធីបណ្តុះបណ្តាលដ៏សំខាន់ស្តីពី ការប្រឹក្សាគរុកោសល្យ”។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅសាលប្រជុំរបស់ក្រុមហ៊ុនធនធានអប់រំ (ធធអ) ក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិក ដើម្បីរួមចំណែកលើកកម្ពស់គុណភាពអប់រំនៅសាលារៀនគោលដៅ។

 

កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានគោលបំណងច្បាស់លាស់ ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញជាក់លាក់ដល់បុគ្គលិកគម្រោង៖

  1. បំពាក់ចំណេះដឹងស្តីពីការប្រឹក្សាគរុកោសល្យ៖ ជួយឱ្យបុគ្គលិកយល់ដឹងយ៉ាងស៊ីជម្រៅអំពីធាតុផ្សំនៃវដ្តប្រឹក្សាគរុកោសល្យ និងវិធីសាស្ត្របង្រៀនប្រកបដោយប្រសិទ្ធភាព។
  2. ពង្រឹងជំនាញប្រឹក្សាគរុកោសល្យ៖ បង្កើនសមត្ថភាពបុគ្គលិកក្នុងការផ្តល់ការប្រឹក្សាដោយអនុលោមតាមក្របខណ្ឌរបស់គម្រោង HCC ដែលផ្តោតលើការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀន។
  3. ការកំណត់គោលបំណងមេរៀន (Learning Objectives - LOs)៖ បណ្តុះបណ្តាលបុគ្គលិកឱ្យចេះកំណត់គោលបំណងមេរៀនប្រកបដោយភាពច្បាស់លាស់ ដោយអនុវត្តលក្ខណៈ SMART (Specific, Measurable, Achievable, Relevant, Time-bound) និងប្រើប្រាស់វិធីសាស្ត្រសរសេរគោលបំណងមេរៀនដែលផ្តោតលើ ទស្សនៈជន (Audience) ឥរិយាបទ (Behaviour) លក្ខខណ្ឌ (Condition) និងកម្រិត (Degree)។ លើសពីនេះ ក៏ផ្តល់ចំណេះដឹងអំពី ចំណេះដឹង (Knowledge) ជំនាញ (Skill) និងអាកប្បកិរិយា (Attitude) ដែលជាសសរស្តម្ភសំខាន់នៃការរៀនសូត្រ។
  4. ការអប់រំបច្ចេកវិទ្យា (ICT)៖ បង្កើនជំនាញក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា ដូចជា Microsoft Teams, Capcut, Canva, Kahoot, Quizziz, និង Google Forms ដើម្បីបង្កើតសកម្មភាពអប់រំប្រកបដោយភាពច្នៃប្រឌិត និងអន្តរកម្ម។

 

កម្មវិធីបណ្តុះបណ្តាលនេះបានផ្តោតលើប្រធានបទជាច្រើន ដែលជួយបុគ្គលិកឱ្យទទួលបានចំណេះដឹង និងជំនាញជាក់ស្តែងសម្រាប់ការងារប្រចាំថ្ងៃ៖

  • ការយល់ដឹងពីវដ្តប្រឹក្សាគរុកោសល្យ៖ បុគ្គលិកបានស្វែងយល់អំពីធាតុផ្សំសំខាន់ៗនៃវដ្តនេះ ដែលរួមមាន៖ ការពិភាក្សាមុនសង្កេតថ្នាក់រៀន ការសង្កេតថ្នាក់រៀន ការប្រមូលទិន្នន័យ ការវិភាគទិន្នន័យ ការពិភាក្សាក្រោយសង្កេតថ្នាក់រៀន និងការឆ្លុះបញ្ចាំង។ ដំណាក់កាលនីមួយៗត្រូវបានពន្យល់យ៉ាងច្បាស់អំពីសារៈសំខាន់របស់វា។
  • បច្ចេកទេសសង្កេតថ្នាក់រៀន៖ បុគ្គលិកបានរៀនវិធីសាស្ត្រសង្កេតជាប្រព័ន្ធ ដើម្បីវាយតម្លៃយុទ្ធសាស្ត្របង្រៀន ការចូលរួមរបស់សិស្ស និងការគ្រប់គ្រងថ្នាក់រៀន។
  • ការវិភាគទិន្នន័យ និងផ្តល់មតិកែលម្អ៖ កម្មវិធីនេះបានផ្តល់ការណែនាំអំពីរបៀបវិភាគទិន្នន័យដែលប្រមូលបាន ដើម្បីកំណត់ភាពខ្លាំង ចំណុចត្រូវកែលម្អ និងឱកាសសម្រាប់ការអភិវឌ្ឍ។ បុគ្គលិកក៏បានរៀនផ្តល់មតិកែលម្អប្រកបដោយការស្ថាបនា ដើម្បីជួយគ្រូបង្រៀនឱ្យរីកចម្រើន។
  • ការឆ្លុះបញ្ចាំង និងផែនការសកម្មភាព៖ កម្មវិធីបានលើកទឹកចិត្តឱ្យគ្រូបង្រៀនឆ្លុះបញ្ចាំងលើការអនុវត្តរបស់ខ្លួន និងបង្កើតផែនការសកម្មភាពសម្រាប់ការកែលម្អ។
  • ការប្រើប្រាស់បច្ចេកវិទ្យា៖ បុគ្គលិកបានរៀនប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការងារ និងបង្កើតសកម្មភាពអន្តរកម្មសម្រាប់សិស្ស។
  • ការយល់ដឹងអំពីទ្រឹស្តីប៊្លូម (Bloom’s Taxonomy)៖ បុគ្គលិកបានស្វែងយល់ពីកម្រិតនៃសំណួរតាមទ្រឹស្តីនេះ ដើម្បីជួយបង្កើតសំណួរដែលលើកកម្ពស់ការគិតរបស់សិស្ស។

 

លោក ងីន ងឿន គ្រូប្រឹក្សាគរុកោសល្យ បានចែករំលែកនូវអារម្មណ៍ផ្ទាល់ខ្លួនដោយមានប្រាសាសន៍ថា៖ “ខ្ញុំមានក្តីសោមនស្សរីករាយយ៉ាងខ្លាំងចំពោះវគ្គបណ្តុះបណ្តាលនេះ។ វាបានជួយឱ្យខ្ញុំយល់កាន់តែច្បាស់អំពីវិធីសាស្ត្របង្រៀន ការប្រើប្រាស់បច្ចេកវិទ្យាក្នុងការអប់រំ និងយុទ្ធសាស្ត្រផ្តល់ការប្រឹក្សាគរុកោសល្យប្រកបដោយប្រសិទ្ធភាព។ ចំណេះដឹងទាំងនេះនឹងជួយឱ្យខ្ញុំអនុវត្តការងារជាមួយលោកគ្រូអ្នកគ្រូបានកាន់តែល្អ ដើម្បីលើកកម្ពស់គុណភាពអប់រំនៅសាលារៀនគោលដៅ និងនាំមកនូវផលប៉ះពាល់ជាវិជ្ជមានដល់សហគមន៍ ”។

 

ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីកម្មវិធីនេះនឹងជួយឱ្យបុគ្គលិកអភិវឌ្ឍជំនាញរបស់ខ្លួនបន្តបន្ទាប់ និងក្លាយជាភ្នាក់ងារដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវិជ្ជមាននៅសាលារៀនគោលដៅ។ តាមរយៈការអនុវត្តចំណេះដឹងទាំងនេះ គម្រោង HCC និង CLASS នឹងបន្តរួមចំណែកដល់ការផ្តល់សេវាអប់រំប្រកបដោយគុណភាព និងនិរន្តរភាពនៅក្នុងសហគមន៍។ កម្មវិធីនេះមិនត្រឹមតែជាឱកាសសម្រាប់ការអភិវឌ្ឍជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការប្តេជ្ញាចិត្តរបស់គម្រោងទាំងពីរក្នុងការកសាងអនាគតអប់រំដ៏រឹងមាំសម្រាប់កុមារកម្ពុជា។

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ