ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ

Date : 2023-10-23
Facebook Twitter Google+ LinkedIn

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​ ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា ក្រុមហ៊ុន Meta និងអង្គការ ខេប បានសហការគ្នារៀបចំកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) សម្រាប់ប្រើប្រាស់នៅសាលារៀនជំនាន់ថ្មី ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំ ក្រសួងអប់រំ យុវជន និងកីឡា ដោយមានសមាសភាពអ្នកចូលរួមសរុបចំនួន៥០នាក់ រួមមាន៖ ក្រុមការងារក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារបច្ចេកទេស នាយកសាលា និងគ្រូបង្គោលទាំង១២ដែលមកពីសាលារៀនជំនាន់ថ្មីទាំងប្រាំមួយ តំណាងក្រុមហ៊ុន Meta និងក្រុមការងារអង្គការ ខេប។

 

កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ(KDLP) គឺជាគំនិតផ្តួចផ្តើមមួយរបស់ WeThinkDigital ដែលបង្កើតឡើងដោយក្រុមហ៊ុន Meta (Facebook) ក្នុងឆ្នាំ 2019 ដើម្បីជួយអភិវឌ្ឍជំនាញដែលយើងត្រូវការ ដើម្បីបង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយល់ចិត្តគ្នា និងការសន្ទនាបែបឌីជីថល។ KDLP គឺ​ជា​កម្មវិធីរយៈ​ពេល​មួយ​ឆ្នាំ ​ដែល​មាន​គោល​បំណងក្នុង​ការ​ផ្តល់​សនិទានភាព និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កម្មវិធី​សិក្សា ICT សម្រាប់​កម្រិត​មធ្យមសិក្សា​បឋមភូមិ (ថ្នាក់ទី ៧-៩) នៅ​ក្នុង​សាលា​រៀនជំនាន់​ថ្មី (NGS)។ កម្មវិធីនឹងផ្តល់ឱ្យសិស្សនូវជំនាញមូលដ្ឋានគ្រឹះទាក់ទងទៅនឹងអក្ខរកម្មឌីជីថល តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាល និងសិក្ខាសាលាដោយប្រើប្រាស់កម្មវិធីសិក្សារបស់ WeThinkDigital។

 

លោក បណ្ឌិត ហេង ភក្តី ជាប្រធានគោលនយោបាយសារធាណៈប្រចាំនៅកម្ពុជា តំណាងឱ្យក្រុមហ៊ុន មេតា បានមានប្រសាសន៍ថា "ក្រុមហ៊ុនមេតាផ្តោតសំខាន់ទៅលើអក្ខរកម្មឌីជីថល ពីព្រោះវាជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងបរិបទសម័យអប់រំបែបឌីជីថល​ នាពេលបច្ចុប្បន្ននេះ។ សិស្សគួរតែទទួលបានបំណិនអក្ខរកម្មឌីជីថល រួចជាស្រេចតាំងពីកម្រិតអនុវិទ្យាទៅ ហើយគាត់អាចយកទៅអនុវត្តនៅកន្លែងការងារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។ ការសហការជាមួយអង្គការ ខេប សម្រាប់ការតាក់តែងឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ ជាផលសម្រេចបានដ៏សំខាន់មួយ ហើយយើងសង្ឈឹមថា ឯកសារដែលដាក់ឱ្យអនុវត្តសាកល្បងនេះ នឹងប្រមូលធាតុចូលសំខាន់ៗជាច្រើន ដូចជា បញ្ហាប្រឈម ផលលំបាក និងការផ្តល់មតិត្រឡប់ ដើម្បីធ្វើការកែលម្អឱ្យមានលក្ខណៈល្អប្រសើរឡើង ជាពិសេស កម្មវិធីនឹងផលិតឯកសារបន្ថែមក្នុងការពង្រីកវិសាលភាពឱ្យកាន់តែទូលំទូលាយ“។

 

លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា “ការគាំទ្រពីក្រុមហ៊ុនមេតា ពិតជាបានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មនៅក្នុងវិស័យឯកជន ដែលបានជួយគាំទ្រដល់កំណែទម្រង់វិស័យអប់រំ ដើម្បីឆ្លើយតបទៅនឹងទិសដៅសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ដូច្នេះ លោកគ្រូអ្នកគ្រូនឹងទទួលបានវិធីសាស្ត្រ និងចំណេះដឹងថ្មីៗបន្ថែមពីឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ ក្នុងការបង្រៀន និងរៀន ជាពិសេសសិស្សានុសិស្សនឹងទទួលបានចំណេះដឹងអក្ខរកម្មឌីជីថលច្បាស់លាស់មួយសម្រាប់ប្រើប្រាស់ក្នុងសម័យបច្ចេកវិទ្យានេះ”។

 

លោកជំទាវ គឹម សេដ្ឋានី  បានលើកឡើងថា “ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិស័យអប់រំត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងអប់រំបានយកចិត្តទុកដាក់ និងផ្តោតសំខាន់ទៅលើគុណភាពអប់រំចាប់ពីកម្រិតមត្តេយ្យរហូតដល់មធ្យមសិក្សា ធ្វើយ៉ាងណាបណ្តុះបាននូវបំណិនទន់ បំណិនរឹង អប់រំឥរិយាបថ សុជីវធម៌ និងសីលធម៌ ដើម្បីអាចក្លាយជាពលរដ្ឋពេញលេញ ឬមូលធនមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យា (ICT) នេះតែម្តង”។ លោកជំទាវ បានកោតសរសើរ និងអបអរសាទរ ចំពោះក្រុមការងារក្រោមការគាំទ្រដោយក្រុមហ៊ុន មេតា ដែលសម្រេចបានការងារ និងឈានដល់ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរនេះឡើង ដែលជាផ្នែកមួយក្នុងការលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជា។

 

ការដាក់ឯកសារឱ្យប្រើប្រាស់នេះ បង្កើនកិច្ចសហការល្អរវាងក្រហ៊ុន Meta ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ ខេប៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ