ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីចុះត្រួតពិនិត្យសំណង់អគារសិក្សា និងការប្រើប្រាស់ឧបករណ៍ឌីជីថលរបស់គម្រោង IDEAL: ការរៀបចំដំណើរការសាលារៀនឆ្ពោះទៅកាន់ការអប់រំឌីជីថលដ៏ទំនើប

Date : 2025-03-17
Facebook Twitter Google+ LinkedIn

នៅក្នុងយុគសម័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើនឥតឈប់ឈរ គម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) បានក្លាយជាពន្លឺក្តីសង្ឃឹមសម្រាប់ការអប់រំកុមារ និងយុវជននៅកម្ពុជា។ គម្រោងនេះមិនត្រឹមតែផ្តោតលើការផ្តល់ហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបណ្តុះគំនិតច្នៃប្រឌិត និងសមត្ថភាពឌីជីថលដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនពួកគេឱ្យក្លាយជាអ្នកដឹកនាំល្អនាពេលអនាគត។ ក្នុងចំណោមសកម្មភាពជាច្រើន គម្រោង IDEAL បានបន្តរៀបចំកម្មវិធីចុះត្រួតពិនិត្យសំណង់អគារសិក្សា និងការប្រើប្រាស់ឧបករណ៍ឌីជីថលនៅសាលារៀនគោលដៅចំនួនបីទៀត ដែលរួមមាន៖ សាលាបឋមសិក្សារកាកោង ២ អនុវិទ្យាល័យ ព្រែកដំបង និងវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ នៅក្នុងខេត្តកណ្តាល។ កម្មវិធីចុះត្រួតពិនិត្យនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ដោយមានវត្តមានតំណាងមកពីអង្គការឆាលហ្វានកូរ៉េ (ChildFund Korea) ដែលជាម្ចាស់ជំនួយរបស់គម្រោង IDEAL រួមមាន៖ លោក Jeakyun Rho នាយកប្រចាំប្រទេសកម្ពុជា លោកស្រី ព្រុំ ផលឌីន មន្ត្រីជំនាញធានាគុណភាពកម្មវិធី និងកញ្ញា គង់ សុមណីជាតិ មន្ត្រីកម្មវិធីជាន់ខ្ពស់។ មិនតែប៉ុណ្ណោះ កម្មវិធីនេះក៏មានការចូលរួមពីក្រុមការងារគម្រោងរបស់អង្គការ ខេប ផងដែរដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួលរវាងសាលារៀនគោលដៅ និងអង្គការឆាលហ្វាន ព្រមទាំងរៀបចំរបាយការណ៍លម្អិតអំពីវឌ្ឍនភាព និងបញ្ហាប្រឈមនានា។ ការចូលរួមរបស់ភាគីទាំងអស់នេះបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាដ៏រឹងមាំក្នុងការធ្វើឱ្យការអប់រំកុមារ និងយុវជនឆ្ពោះទៅរកភាពទំនើប និងប្រកបដោយនិរន្តរភាព។


កម្មវិធីចុះត្រួតពិនិត្យនេះត្រូវបានរៀបចំឡើងដោយមានគោលបំណងចម្បងចំនួនពីរ។ ទីមួយ គឺដើម្បីពិនិត្យមើលវឌ្ឍនភាពនៃការជួសជុលអគារសិក្សា ដែលត្រូវបានបំលែងទៅជាបន្ទប់កុំព្យូទ័រទំនើប និងបណ្ណាល័យទំនើប ដែលរៀបចំតាមគំរូបណ្ណាល័យសតវត្សរ៍ទី២១ ដែលជាគំនិតផ្តួចផ្តើមដ៏ជោគជ័យរបស់កម្មវិធីសាលារៀនជំនាន់ថ្មីនៅកម្ពុជា។ បណ្ណាល័យទាំងនេះមិនត្រឹមតែជាកន្លែងសម្រាប់អានសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមជ្ឈមណ្ឌលសិក្សាដ៏ទាន់សម័យ ដែលបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបៗ ដើម្បីជួយសម្រួលដល់ការស្រាវជ្រាវ និងការរៀនសូត្ររបស់សិស្ស។ ទីពីរ កម្មវិធីនេះមានគោលដៅសិក្សាពីការប្រើប្រាស់ឧបករណ៍ឌីជីថល រួមទាំងបញ្ញាសិប្បនិម្មត (AI) នៅក្នុងការអប់រំ ដោយផ្តោតលើការបណ្តុះបណ្តាលនាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្សឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទាំងនេះប្រកបដោយប្រសិទ្ធភាព និងមានភាពទទួលខុសត្រូវខ្ពស់។

 

ដោយសារគម្រោង IDEAL ជាគម្រោងថ្មី និងមានទំហំធំ វាបាននាំមកនូវការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយចំនួនដល់សាលារៀនគោលដៅ។ ការរៀបចំបន្ទប់កុំព្យូទ័រ និងបណ្ណាល័យទំនើប មិនមែនគ្រាន់តែជាការផ្លាស់ប្តូរផ្នែកហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការបើកឱកាសថ្មីសម្រាប់សិស្សានុសិស្សឱ្យទទួលបានការអប់រំស្របតាមស្តង់ដាជាតិ និងអន្តរជាតិ។ កម្មវិធីចុះត្រួតពិនិត្យនេះក៏បានផ្តោតលើការស្វែងរកបញ្ហាប្រឈមនានា ដូចជា កង្វះខាតធនធាន ឬជំនាញបច្ចេកទេសរបស់គ្រូបង្រៀន បណ្ណារក្ស ព្រមទាំងស្វែងរកដំណោះស្រាយជាក់ស្តែង ដើម្បីធានាថាការអនុវត្តគម្រោងនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យនៅក្នុងឆ្នាំសិក្សា២០២៥ និងឆ្នាំបន្ទាប់។

 

គម្រោង IDEAL បានចាប់ផ្តើមដំណើរការប្រតិបត្តិចាប់តាំងពីខែមេសា ឆ្នាំ២០២៤មក។ ដំណើរទស្សនកិច្ចចុះត្រួតពិនិត្យនៅត្រីមាសទី១ ឆ្នាំ២០២៥ នេះ បន្តពីដំណើរទស្សនកិច្ចខែធ្នូ ឆ្នាំ២០២៤ ដែលផ្តោតលើការជួសជុលហេដ្ឋារចនាសម្ព័ន្ធបន្ទប់ ICT (កុំព្យូទ័រ) និងបណ្ណាល័យ។ ដំណើរទស្សនកិច្ចនេះក៏ប្តូរការផ្តោតការយកចិត្តទុកដាក់ទៅលើការដាក់ឱ្យដំណើរការ និងការត្រៀមខ្លួនរបស់សាលារៀនក្នុងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។

 

គម្រោង IDEAL មានរយៈពេលអនុវត្តចំនួន៣ឆ្នាំ (២០២៤-២០២៦) ដោយគ្របដណ្ដប់លើសាលារៀនគោលដៅសរុបចំនួន១២ ដែលស្ថិតនៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។ គម្រោងនេះមានទិសដៅផ្តល់អន្តរាគមន៍ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យ បន្ទប់កុំព្យូទ័រ និងការបណ្តុះបណ្តាលជំនាញឌីជីថល។ ក្នុងនោះ សាលារៀនទាំងបីនេះត្រូវបានបំពាក់ដោយបន្ទប់កុំព្យូទ័រទំនើប ដែលមានគ្រឿងសង្ហារិមទាន់សម័យ ថាប្លេតសម្រាប់សិស្សសិក្សា កុំព្យូទ័រសម្រាប់ស្រាវជ្រាវ ប្រព័ន្ធអ៊ីនធើណែតល្បឿនលឿន និងម៉ាស៊ីនត្រជាក់ដែលផ្តល់ផាសុកភាពដល់សិស្ស និងគ្រូបង្រៀន។ លើសពីនេះ បណ្ណាល័យទាំងនេះត្រូវបានរៀបចំឡើងមានសោភណភាពទាក់ទាញ និងទូរតាំងសៀវភៅរៀបចំមានសណ្តាប់ធ្នាប់ល្អបែបបច្ចេកទេសដែលអនុញ្ញាតឱ្យសិស្សចូលប្រើប្រាស់បានទាំងឯកសារឌីជីថលបានយ៉ាងងាយស្រួលផងដែរ។

 

ការផ្លាស់ប្តូរនេះបានធ្វើឱ្យសាលារៀនទាំងបី ដែលធ្លាប់តែជាកន្លែងមានហេដ្ឋារចនាសម្ព័ន្ធចាស់ ខ្វះខាតឧបករណ៍សិក្សា និងអ៊ីនធើណែត បានក្លាយទៅជាសាលារៀនមានការអភិវឌ្ឍ និងទាក់ទាញជាងមុន។ កាលពីមុន សាលាទាំងនេះគ្មានបណ្ណាល័យសមរម្យ និងគ្មានកុំព្យូទ័រ ហើយបរិស្ថានសិក្សាក៏មិនសូវផ្តល់ភាពងាយស្រួលដល់ការរៀនសូត្រនោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ តាមរយៈការគាំទ្រពីគម្រោង IDEAL សាលាទាំងនេះបានផ្លាស់ប្តូរមុខមាត់ថ្មី ដែលធ្វើឱ្យសិស្សានុសិស្សមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការសិក្សា និងស្វែងយល់ពីពិភពលោកតាមរយៈបច្ចេកវិទ្យា។

 

កម្មវិធីនេះមិនត្រឹមតែជួយលើកកម្ពស់គុណភាពអប់រំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតទំនាក់ទំនងដ៏រឹងមាំរវាងសាលារៀន អង្គការជាដៃគូ និងសហគមន៍មូលដ្ឋាន។ វាបានជួយឱ្យឪពុកម្តាយ និងអាជ្ញាធរមូលដ្ឋានយល់ឃើញពីសារៈសំខាន់នៃការអប់រំឌីជីថល ហើយបានជំរុញឱ្យពួកគេចូលរួមសហការកាន់តែសកម្ម។ ជាក់ស្តែង ការប្តេជ្ញាចិត្តរបស់នាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្សបានធ្វើឱ្យតំណាងអង្គការឆាលហ្វានកូរ៉េមានការរំភើបចិត្ត និងសរសើរយ៉ាងក្រៃលែងចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ការចូលរួមដ៏ផុសផុលនេះបានបង្កើតជាកម្លាំងចលករដ៏រឹងមាំមួយនៅក្នុងសហគមន៍ ដែលជួយឱ្យសាលារៀនទាំងបីនេះមាននិរន្តរភាពក្នុងការអភិវឌ្ឍ។

 

លោក ចាន់ សុខ នាយកសាលាបឋមសិក្សារកាកោង ២ បានមានប្រសាសន៍ថា “គម្រោង IDEAL បានជួយគាំទ្រឱ្យសាលារៀនខ្ញុំមានបណ្ណាល័យទំនើប មានថាប្លែតឱ្យសិស្សរៀនបែបអេឡិចត្រូនិក និងបំពាក់ដោយបរិក្ខាល្អៗទាន់សម័យ។ យើងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលមិននឹកស្មានថាមានអង្គការដៃគូមកជួយអភិវឌ្ឍបន្ថែម ជាពិសេសរចនាបថបទបណ្ណាល័យថ្មី ទូរទស្សន៍វៃឆ្លាត (Smart TV) កុំព្យូទ័រឱ្យសិស្សស្រាវជ្រាវ និងការបំពាក់ប្រព័ន្ធអ៊ីនធើណែត។ ”។ លោកបានបន្តទៀតថា “ក្នុងនាមខ្ញុំបាទតំណាងឱ្យគណៈគ្រប់គ្រងសាលាបឋមសិក្សារកាកោង ២ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអង្គការឆាលហ្វានកូរ៉េ តាមរយៈអង្គការ ខេប ដែលបានចុះមកត្រួតពិនិត្យ និងផ្តល់អនុសាសន៍ល្អៗនៅថ្ងៃនេះ។ យើងខ្ញុំជានាយក និងលោកគ្រូអ្នកគ្រូទាំងអស់សូមធ្វើការប្តេជ្ញាចិត្តខិតខំប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ដើម្បីអនាគតកូនចៅយើងគ្រប់គ្នា”។

 

លើសពីនេះ គម្រោង IDEAL បានផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចរៀបចំផែនការអនាគតរបស់ពួកគេបានល្អប្រសើរ តាមរយៈការបណ្តុះជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មតថ្មី ដែលជាឧបករណ៍សំខាន់នៅក្នុងសតវត្សរ៍ទី២១។ ពួកគេត្រូវបានលើកទឹកចិត្តឱ្យសិក្សាឱ្យបានពូកែ និងជ្រើសរើសជំនាញដែលសមស្របនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន ដើម្បីឱ្យពួកគេអាចប្រកួតប្រជែងបាននៅលើឆាកជាតិ និងអន្តរជាតិ។

 

មុនពេលគម្រោង IDEAL ចូលមកគាំទ្រ សាលារៀនទាំងបីនេះមានបញ្ហាប្រឈមជាច្រើន រួមមាន៖ បណ្ណាល័យគ្មានសណ្តាប់ធ្នាប់ល្អ គ្មានទូរតាំងសៀវភៅត្រឹមត្រូវ គ្មានឧបករណ៍បច្ចេកវិទ្យា ទូរទស្សន៍វៃឆ្លាត (Smart TV) ឬកុំព្យូទ័រ ហើយសូម្បីតែអ៊ីនធើណែត ក៏គ្មានសម្រាប់ប្រើប្រាស់ដែរ។ បរិស្ថាននៅក្នុងបណ្ណាល័យមិនសូវស្អាត និងគ្មានភាពទាក់ទាញ ដែលធ្វើឱ្យសិស្សខ្វះចំណាប់អារម្មណ៍ក្នុងការចូលអានសៀវភៅ។ ចំណែកបន្ទប់កុំព្យូទ័រវិញ សាលាទាំងស្ទើតែមិនធ្លាប់មាន។ ប៉ុន្តែសព្វថ្ងៃនេះ តាមរយៈការគាំទ្រពីគម្រោង IDEAL សាលាទាំងបីបានផ្លាស់ប្តូរមុខមាត់ថ្មីទាំងស្រុង។ បណ្ណាល័យត្រូវបានរៀបចំឡើងវិញឱ្យមានសោភណភាពស្រស់ស្អាត បំពាក់ដោយគ្រឿងសង្ហារិមទំនើប និងឧបករណ៍ឌីជីថល ដែលធ្វើឱ្យសិស្សមានចំណាប់អារម្មណ៍ចង់ចូលអាន និងសិក្សាស្រាវជ្រាវកាន់តែច្រើន។

 

បន្ទប់កុំព្យូទ័រទំនើបក៏បានលេចរូបរាងឡើងយ៉ាងអស្ចារ្យ ដោយមានការតំឡើងអ៊ីនធើណែតល្បឿនលឿន តុកៅអីថ្មីស្រឡាង កម្រាលឥដ្ឋការ៉ូរភ្លឺរលោង បង្អួចកញ្ចក់ថ្លាដែលអនុញ្ញាតឱ្យពន្លឺពធម្មជាតិចូលមកបំភ្លឺបន្ទប់ និងម៉ាស៊ីនត្រជាក់ដែលផ្តល់ផាសុខភាពដល់សិស្ស និងគ្រូបង្រៀន។ ការផ្លាស់ប្តូរនេះបានធ្វើឱ្យការបង្រៀន និងការរៀនកាន់តែមានប្រសិទ្ធភាព និងទាន់សម័យ ដែលជួយឱ្យសិស្សអាចទទួលបានចំណេះដឹងថ្មីៗ និងអាចសិក្សាមុខវិជ្ជា ICT ដោយងាយ។

 

លោក ខុន សុខា នាយកវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន កោះដាច់ បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដោយគម្រោង IDEAL បានជួយបង្កើតបន្ទប់កុំព្យូទ័រ ម៉ាស៊ីនកុំព្យូទ័រ មានបំពាក់ប្រព័ន្ធអ៊ីនធើណែត ក្រាលឥដ្ឋការ៉ូ កង្ហារ និងម៉ាស៊ីនត្រជាក់ផ្តល់ផាសុខភាពដល់សិស្សសិក្សា និងគ្រូបង្រៀន។ ជាពិសេសការជួសជុល និងរៀបចំបណ្ណាល័យទំនើបតាមគំរូបណ្ណាល័យសតវត្សរ៍ទី២១”។


នៅពេលដែលគម្រោង IDEAL បានជួយឱ្យសាលារៀនទាំងបីនេះមានមុខមាត់ថ្មី លោកនាយក និងគ្រូបង្រៀនបានបង្ហាញនូវអារម្មណ៍ត្រេកអរ និងក្តីសង្ឃឹមយ៉ាងខ្លាំង។ ពួកគេបានស្នើសុំឱ្យគម្រោងផ្តល់វគ្គបណ្តុះបណ្តាលបន្ថែមទៀត ដើម្បីបង្កើនជំនាញបច្ចេកទេសរបស់គ្រូបង្រៀនក្នុងការគ្រប់គ្រងបណ្ណាល័យ ការបង្រៀនតាមបែបឌីជីថល និងការតាមដានវាយតម្លៃសមត្ថភាពសិស្សទំនើបជាងមុន។ នៅពេលដែលគ្រូបង្រៀនមានជំនាញគ្រប់គ្រាន់ក្នុងការប្រើប្រាស់ឧបករណ៍ឌីជីថល ពួកគេនឹងអាចផ្ទេរចំណេះដឹងទាំងនេះទៅកាន់សិស្សជំនាន់ក្រោយ ដែលជាការចាប់ផ្តើមនៃការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងវិស័យអប់រំ។

 

ដើម្បីធានាថាបណ្ណាល័យ និងបន្ទប់កុំព្យូទ័រនៅតែមានសភាពល្អ និងប្រើប្រាស់បានយូរអង្វែង គណៈគ្រប់គ្រងសាលារៀនបានប្តេជ្ញាចិត្តថែទាំ និងអប់រំសិស្សឱ្យយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់ឧបករណ៍ទាំងនេះឱ្យមានប្រយោជន៍។ ការបណ្តុះស្មារតីទទួលខុសត្រូវចំពោះសម្បត្តិសាលារៀនតាំងពីក្មេងនេះ នឹងជួយឱ្យសិស្សក្លាយជាពលរដ្ឋល្អនាពេលអនាគត។ លើសពីនេះ ការជួសជុល និងការបំពាក់គ្រឿងបរិក្ខារពីគម្រោង IDEAL បានផ្តល់នូវរបត់ថ្មីដល់សាលាទាំងបីនេះ ដោយបានប្រែក្លាយពីសាលារៀនដែលធ្លាប់ខ្វះខាត ទៅជាកន្លែងអប់រំដ៏រស់រវើក និងពោរពេញទៅដោយសកម្មភាពសិក្សា។


ការផ្លាស់ប្តូរនេះមិនត្រឹមតែទទួលបានការកោតសរសើរពីអង្គការដៃគូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានទាក់ទាញទឹកចិត្តឪពុកម្តាយ និងអាជ្ញាធរមូលដ្ឋានឱ្យចូលរួមគាំទ្រផងដែរ។ ឪពុកម្តាយភាគច្រើនដែលបានចូលរួមក្នុងការប្រជុំរបស់សាលារៀន បានស្ម័គ្រចិត្តបង់វិភាគទានប្រចាំខែដល់សាលារៀន ដោយសង្ឃឹមថាកូនចៅរបស់ពួកគេនឹងទទួលបានការអប់រំប្រកបដោយគុណភាព និងចង់ជួយឱ្យសាលារៀនទាំងនេះរីកចម្រើនបន្ថែមទៀត។ ការចូលរួមនេះបានបង្កើតជាកម្លាំងសហគមន៍ដ៏រឹងមាំ ដែលជួយឱ្យសាលារៀនមាននិរន្តរភាព និងទទួលបានកេរ្តិ៍ឈ្មោះល្អនៅថ្នាក់មូលដ្នាន និងថ្នាក់ជាតិ។

 

គម្រោង IDEAL បានក្លាយជាក្តីសុបិនដ៏ធំមួយសម្រាប់កុមារ និងយុវជនកម្ពុជា ដោយផ្តល់ឱកាសឱ្យពួកគេឈានទៅកាន់អនាគតដ៏ភ្លឺស្វាងតាមរយៈការអប់រំឌីជីថល។ ការប្តេជ្ញាចិត្តរបស់សាលារៀនទាំងបី និងការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធបានធ្វើឱ្យគម្រោងនេះក្លាយជាគំរូដ៏ល្អមួយ ដែលអាចជំរុញឱ្យសាលារៀនផ្សេងទៀតនៅកម្ពុជាយកតម្រាប់តាម។ ជាមួយនឹងការខិតខំប្រឹងប្រែងបន្ត និងការគាំទ្រដ៏រឹងមាំ គម្រោង IDEAL នឹងបន្តជួយឱ្យប្រព័ន្ធអប់រំកម្ពុជាឈានទៅរកភាពជឿនលឿន និងប្រកបដោយគុណភាព ដើម្បីត្រៀមសិស្សានុសិស្សឱ្យក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិនាពេលអនាគត៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ