សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
ករណីសិក្សា៖ ដំណើរផ្លាស់ប្តូរពីគ្រូបង្រៀនមកជាបណ្ណារក្សល្អម្នាក់
Date : 2025-12-05







ភាពជោគជ័យរបស់អ្នកគ្រូ ទុយ ស៊ីណា ក្រោមការគាំទ្រពីគម្រោងពង្រឹងការចូលរៀន និងការសិក្សារបស់កុមារ ដើម្បីនិរន្តរភាព (CLASS) នៅសាលាបឋមសិក្សាព្រះធាតុ
នៅក្នុងបរិវេណសាលាបឋមសិក្សាព្រះធាតុ ដែលមានចម្ង៉ាយ ១១,៨គីឡូម៉ែត្រពីមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្ណាល័យមួយខ្នងបានប្រែក្លាយជាមជ្ឈមណ្ឌលនៃការស្រេកឃ្លានចំណេះដឹងសម្រាប់សិស្សានុសិស្ស។ នៅពីក្រោយភាពជោគជ័យ និងភាពរស់រវើកនៃបណ្ណាល័យនេះ គឺមានវត្តមានរបស់អ្នកគ្រូ ទុយ ស៊ីណា ដែលជាបណ្ណារក្សប្រកបដោយឆន្ទៈ និងការតស៊ូប្តូរផ្តាច់។ ចាប់តាំងពីចូលបម្រើការងារជាគ្រូបង្រៀននៅឆ្នាំ២០១៤ និងត្រូវបានបន្ថែមតួនាទីជាបណ្ណារក្សនៅឆ្នាំ២០១៦ អ្នកគ្រូបានឆ្លងកាត់ឧបសគ្គជាច្រើន ជាពិសេសក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលធ្វើឱ្យសកម្មភាពបណ្ណាល័យស្ទើរតែគាំងដំណើរការទាំងស្រុង។ ទោះជាយ៉ាងណាក៏ដោយ ឆ្នាំ២០២១ គឺជាចំណុចរបត់ថ្មីមួយ ដែលប្រែក្លាយអ្នកគ្រូពីបណ្ណារក្សធម្មតាឱ្យក្លាយជាបណ្ណារក្សដឹកនាំការផ្លាស់ប្តូរយ៉ាងពិតប្រាកដ។
ចំណុចស្នូលនៃការផ្លាស់ប្តូរនេះ កើតចេញពីកិច្ចសហការរវាងសាលារៀន និងគម្រោងពង្រឹងការចូលរៀន និងការសិក្សារបស់កុមារ ដើម្បីនិរន្តរភាព (CLASS) នៃអង្គការ ខេប។ គម្រោងនេះបានចូលរួមចំណែកថវិកាពាក់កណ្តាលជាមួយបដិភាគរបស់សាលា និងសហគមន៍ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធបណ្ណាល័យឱ្យក្លាយជា បណ្ណាល័យសតវត្សរ៍ទី២១។ ពីមុន បណ្ណាល័យគ្រាន់តែជាបន្ទប់ដែលចែករំលែកជាមួយទីចាត់ការសាលា ដែលបង្កជាសំឡេងរំខាន ប៉ុន្តែបច្ចុប្បន្ន វាបានក្លាយជាទីកន្លែងដាច់ដោយឡែក មានបរិយាកាសស្ងប់ស្ងាត់ តុបតែងដោយគ្រឿងសង្ហារឹមទំនើបៗ និងសៀវភៅសម្បូរបែប។
លើសពីការជួយផ្នែកសម្ភារៈ គម្រោង CLASS បានផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដ៏សំខាន់ដល់អ្នកគ្រូ ស៊ីណា ដូចជា៖
- ការគ្រប់គ្រងបណ្ណាល័យតាមស្តង់ដា និងការរៀបចំនិងដឹកនាំក្រុមប្រឹក្សាកុមារ។
- ការបិទលេខកូដដឺវេ (Dewey) និងការបែងចែកកម្រិតអំណានតាមពណ៌ (Color Coding)។
- ការគ្រប់គ្រងបញ្ជីសារពើភណ្ឌ និងការរៀបចំប្រព័ន្ធខ្ចី-សងសៀវភៅ។
មន្ត្រីគម្រោង CLASS ក៏បានចុះមកផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងប្រឹក្សាយោបល់ជាប្រចាំ ដែលធ្វើឱ្យអ្នកគ្រូ ស៊ីណា មានទំនុកចិត្តកាន់តែខ្លាំងក្នុងការបំពេញការងារ។
អ្វីដែលគួរឱ្យកោតសរសើរ គឺស្មារតីម្ចាស់ការរបស់អ្នកគ្រូ ស៊ីណា។ ក្រៅពីការបណ្តុះបណ្តាល អ្នកគ្រូបានចំណាយពេលផ្ទាល់ខ្លួនស្រាវជ្រាវបន្ថែមតាមរយៈ YouTube អំពីគំនិតច្នៃប្រឌិតក្នុងការតុបតែងបណ្ណាល័យ និងការរៀបចំកាលវិភាគ។ ក្រុមគ្រួសាររបស់អ្នកគ្រូក៏ជាកម្លាំងចលករដ៏សំខាន់ ដោយបានជួយឧបត្ថម្ភទិញកុំព្យូទ័រ និងទូរស័ព្ទដៃ ដើម្បីឱ្យអ្នកគ្រូប្រើប្រាស់ក្នុងការស្រាវជ្រាវ និងបំពេញការងារបណ្ណាល័យឱ្យកាន់តែរលូន។ ការលើកទឹកចិត្តពីថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក៏បានដុតបញ្ឆេះឆន្ទៈរបស់គាត់ឱ្យកាន់តែស្រឡាញ់អាជីពមួយនេះ។
បច្ចុប្បន្ន បណ្ណាល័យសាលាបឋមសិក្សាព្រះធាតុ មិនមែនត្រឹមតែជាកន្លែងអានសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលសិស្សទទួលបានការអភិវឌ្ឍជំនាញចម្រុះ។ ស្ថិតិសិស្សចូលបណ្ណាល័យបានកើនឡើងរហូតដល់ ៧០% ដែលក្នុងនោះរួមមានទាំងសិស្សបឋម និងសិស្សមធ្យមសិក្សា។ សកម្មភាពដែលអ្នកគ្រូដឹកនាំនៅបណ្ណាល័យមានដូចជា ការនិទានរឿង ការធ្វើសមាធិ ការគូរគំនូរ សិប្បកម្ម និងការត្បាញ ដែលធ្វើឱ្យសិស្សមានភាពសប្បាយរីករាយ និងកាត់បន្ថយការលេងអត់ប្រយោជន៍។ សិស្សានុសិស្សមានវិន័យល្អ ចេះតម្រង់ជួរ និងបានប្តូរទម្លាប់មកអានជាប់លាប់។
កំពុងឈរនៅក្នុងបណ្ណាល័យពេលរសៀលពោរពេញដោយអារម្មណ៍សប្បាយរីករាយ អ្នកគ្រូ ទុយ ស៊ីណា បានមានប្រសាសន៍ថា "សម្រាប់នាងខ្ញុំ បណ្ណាល័យមិនមែនគ្រាន់តែជាឃ្លាំងផ្ទុកសៀវភៅនោះទេ ប៉ុន្តែវាគឺជា 'សួនឧទ្យាននៃបញ្ញា' ដែលបណ្តុះគ្រាប់ពូជនៃក្តីស្រមៃរបស់កុមារ។ ពីមុនខ្ញុំធ្លាប់មានអារម្មណ៍ថាការងារនេះថ្មី និងស្មុគស្មាញ ប៉ុន្តែការគាំទ្រពីគម្រោង CLASS បានផ្តល់ឱ្យខ្ញុំនូវពន្លឺ និងផ្លូវដើរដ៏ច្បាស់លាស់។ នៅពេលឃើញកែវភ្នែកដ៏ភ្លឺថ្លារបស់សិស្សានុសិស្សពេលពួកគេអានសៀវភៅចប់មួយក្បាល ហើយសុំអានមួយក្បាលទៀតដោយមិនមានការបង្ខិតបង្ខំ នោះគឺជាកម្លាំងចិត្តដ៏មហិមាដែលធ្វើឱ្យខ្ញុំភ្លេចអស់នូវការនឿយហត់។ ការងារជាបណ្ណារក្ស គឺជាបេសកកម្មផ្លាស់ប្តូរជោគវាសនារបស់កុមារ តាមរយៈការផ្លាស់ប្តូរទម្លាប់ពីការលេងច្រើន មកជាការស្រឡាញ់ការអាន និងការស្រាវជ្រាវដោយខ្លួនឯង"។
អ្នកគ្រូ ទុយ ស៊ីណា បានលើកឡើងទៀតថា"នៅក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) និងឌីជីថល បច្ចេកវិទ្យាអាចផ្តល់ឱ្យយើងនូវព័ត៌មានយ៉ាងឆាប់រហ័ស ប៉ុន្តែបណ្ណាល័យគឺជាកន្លែងបង្រៀនឱ្យសិស្សចេះ 'គិត វិភាគ និងត្រិះរិះ'។ ការអានសៀវភៅផ្ទាល់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបាន ដើម្បីឱ្យកុមារមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព និងក្រមសីលធម៌នាពេលអនាគត"។
លោកស្រី នូ មាលា នាយិការងសាលាបឋមសិក្សាព្រះធាតុ បានកត់សម្គាល់ពីការផ្លាស់ប្តូរជាវិជ្ជមាននេះថា"សាលារៀនមួយដែលមានគុណភាព មិនអាចខ្វះបានឡើយនូវបណ្ណាល័យដែលរឹងមាំ និងបណ្ណារក្សដែលមានសមត្ថភាព។ អ្នកគ្រូ ស៊ីណា បានប្រែក្លាយពីភាពស្ទាក់ស្ទើរ មកជាគំរូនៃភាពតស៊ូ និងការច្នៃប្រឌិត។ បណ្ណាល័យដែលគាត់គ្រប់គ្រងបច្ចុប្បន្ន មិនត្រឹមតែជាឃ្លាំងចំណេះដឹងសម្រាប់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជា 'បេះដូង' នៃការស្រាវជ្រាវសម្រាប់លោកគ្រូអ្នកគ្រូយើងទាំងអស់គ្នា។ ការរីកចម្រើនរបស់បណ្ណាល័យក្រោមជំនួយពីគម្រោង CLASS គឺជាសក្ខីភាពបញ្ជាក់ថា នៅពេលដែលយើងដាក់ធនធានត្រូវកន្លែង គួបផ្សំជាមួយធនធានមនុស្សដែលមានឆន្ទៈ ការផ្លាស់ប្តូរពិតជាអាចកើតឡើងបាន"។
អ្នកគ្រូ ទុយ ស៊ីណា មិនបញ្ឈប់ត្រឹមនេះទេ។ គាត់មានបំណងបំពាក់បន្ថែមនូវទូរទស្សន៍វៃឆ្លាត (Smart TV) និង LCD Projector ដើម្បីធ្វើទំនើបកម្មការរៀនសូត្រក្នុងបណ្ណាល័យ ឱ្យកាន់តែស្របតាមតម្រូវការសិស្សក្នុងសម័យថ្មី។ រឿងរ៉ាវរបស់អ្នកគ្រូ គឺជាគំរូមួយដែលបង្ហាញថា ការគាំទ្របច្ចេកទេសត្រឹមត្រូវ ការចូលរួមពីគ្រួសារ និងសហគមន៍ អាចប្រែក្លាយគ្រូបង្រៀនម្នាក់ឱ្យក្លាយជាភ្នាក់ងារផ្លាស់ប្តូរដ៏អស្ចារ្យសម្រាប់អនាគតកុមារកម្ពុជា៕
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ


