សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការប្រែក្លាយគ្រូបង្រៀននៅជនបទទៅជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល

Date : 2025-11-17
Facebook Twitter Google+ LinkedIn Addthis

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ការនាំយកចំណេះដឹងផ្នែកឌីជីថលទៅកាន់តំបន់ជនបទគឺជាកត្តាដ៏សំខាន់។ លោក អាន សុខអេង គ្រូបង្រៀននៅសាលាបឋមសិក្សាថ្កូវ ភូមិថ្កូវ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានក្លាយជាបុគ្គលគំរូមួយរូបក្នុងការនាំយកការផ្លាស់ប្តូរនេះ។ ក្នុងនាមជាគ្រូបង្គោល (Master Trainer) នៃ គម្រោង AI Ready ASEAN ដែលអនុវត្តដោយអង្គការ ខេប លោកមិនត្រឹមតែបានអភិវឌ្ឍខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាស្ពានចម្លងចំណេះដឹងដ៏មានប្រសិទ្ធភាពទៅកាន់សហគមន៍គ្រូបង្រៀនរបស់គាត់ផងដែរ។

 

ចំណុចផ្លាស់ប្តូរដ៏សំខាន់របស់លោក សុខអេង បានចាប់ផ្តើមនៅពេលដែលលោកបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃ ស្ដីពី “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” របស់គម្រោង។ វគ្គនេះមិនមែនគ្រាន់តែជាការរៀនសូត្រធម្មតាទេ ប៉ុន្តែវាជាការបើកទ្វារទៅកាន់ពិភពថ្មី។

 

លោក សុខអេង បានរៀបរាប់យ៉ាងលម្អិតថា នៅពេលដែលខ្ញុំបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលចំនួន ២ថ្ងៃរួមមក វាធ្វើឱ្យខ្ញុំទទួលបានចំណេះដឹងជាច្រើនទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) ដូចជា មូលដ្ឋានគ្រឹះនៃ AI ការយល់ដឹងពីការប្រើប្រាស់ AI ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងរបៀបដែល AI ដំណើរការ”។

 

អ្វីដែលពិសេសនោះគឺ លោកបានយល់ដឹងស៊ីជម្រៅលើជំនាញបច្ចេកទេសសំខាន់ៗ ដូចជា ការសរសេរ Prompt (ពាក្យបញ្ជា) ឱ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាព និងការយល់ដឹងអំពី ក្រមសីលធម៌ក្នុងការប្រើប្រាស់ AI ដែលជាកូនសោរដ៏សំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ។

 

ក្រោយពីទទួលបានសមត្ថភាពពេញលេញ លោក សុខអេង មិនបានរក្សាចំណេះដឹងនេះទុកសម្រាប់តែខ្លួនឯងទេ។ លោកបានរៀបចំផែនការយ៉ាងច្បាស់លាស់ដើម្បីធ្វើជាគ្រូបង្គោល បន្តបណ្តុះបណ្តាលដល់លោកគ្រូអ្នកគ្រូនៅក្នុងកម្រងសាលារៀនរបស់លោក។

 

លោកបានសង្កេតឃើញពីការផ្លាស់ប្តូរឥរិយាបថយ៉ាងខ្លាំងរបស់សិក្ខាកាម។ លោកបានលើកឡើងថា សិក្ខាកាមចូលរួមទាំងអស់មានអារម្មណ៍សប្បាយរីករាយ។ ពីមុនពួកគាត់ធ្លាប់តែឮពាក្យ AI ប៉ុន្ដែគាត់មិនដឹងថា AI នឹងជាអ្វី គេប្រើប្រាស់ដើម្បីអ្វី... ប៉ុន្ដែបន្ទាប់ពីបានចូលរួម... បានធ្វើឱ្យពួកគាត់ស្គាល់ ដឹង និងអាចប្រើប្រាស់ AI បានក្នុងការងារប្រចាំថ្ងៃរបស់ពួកគាត់”។

 

នេះគឺជាភាពជោគជ័យដ៏ធំធេង ដែលលោកបានប្រែក្លាយភាពភ័យខ្លាច ឬការមិនយល់របស់គ្រូបង្រៀន ឱ្យទៅជាភាពក្លាហានក្នុងការប្រើប្រាស់បច្ចេកវិទ្យា។

 

ភាពជោគជ័យក្នុងរៀបចំបើកវគ្គបណ្តុះបណ្តាលនៃគម្រោង AI Ready ASEAN ក្រោមការសម្របសម្រួលរបស់លោក សុខអេង គឺស្តែងចេញតាមរយៈការអនុវត្តជាក់ស្តែង។ គ្រូបង្រៀននៅក្នុងកម្រងរបស់លោក ចាប់ផ្តើមប្រើប្រាស់ AI ដើម្បីកែលម្អការបង្រៀនរបស់ពួកគេ៖

 

  1. ការយល់ដឹងពីប្រព័ន្ធ AI តាមរយៈកម្មវិធី "AI for Oceans" គ្រូបង្រៀនបានយល់ច្បាស់ពីរបៀបដែលម៉ាស៊ីនរៀន (Machine Learning) ដំណើរការ។
  2. ការបង្កើតកិច្ចតែងការបង្រៀន៖ ពួកគាត់អាចប្រើប្រាស់កម្មវិធី AI មួយចំនួនដើម្បីបង្កើតផែនការមេរៀន (Lesson Plans) សម្រាប់ការរៀន និងបង្រៀន ដែលជួយសន្សំសំចៃពេលវេលា និងបង្កើនប្រសិទ្ធភាព។

 

នៅចុងបញ្ចប់នៃវគ្គ សិក្ខាកាមបានប្ដេជ្ញាចិត្ដថានឹងយកចំណេះដឹងនេះទៅអនុវត្ដ និងខិតខំស្វ័យសិក្សាបន្ថែមទៀត។

 

ក្នុងនាមជាអ្នកដឹកនាំការផ្លាស់ប្តូរមួយរូប លោក អាន សុខអេង បានប្ដេជ្ញាចិត្ដថានឹងខិតខំស្រាវជ្រាវបន្ថែមពាក់ព័ន្ធនឹង AI និងចែករំលែកបន្ដទៅកាន់អ្នកនៅជុំវិញ ដើម្បីឱ្យពួកគេអាចយក AI ទៅបម្រើសម្រាប់តម្រូវការចាំបាច់នៅក្នុងជីវភាពរស់នៅប្រកបដោយប្រសិទ្ធភាព។

 

ជាចុងក្រោយ លោកបានបង្ហាញនូវការដឹងគុណយ៉ាងជ្រាលជ្រៅ៖ ខ្ញុំបាទសូមអរគុណដល់ខាងគម្រោង AI Ready ASEAN ដែលបានផ្ដល់ឱកាស និងចំណេះដឹងដល់រូបខ្ញុំ ដើម្បីត្រៀមខ្លួនក្នុងការទទួលយកបញ្ញាសិប្បនិម្មិត AI”

 

នៅក្នុងករណីសិក្សានេះបង្ហាញថា ការផ្តល់ឱកាសត្រឹមត្រូវដល់គ្រូបង្គោលតែម្នាក់ អាចបង្កើតផលជះវិជ្ជមានដល់គ្រូបង្រៀន និងសិស្សានុសិស្សរាប់រយនាក់នៅក្នុងសហគមន៍៕

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ