សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរផ្តល់ឱ្យសិស្សនូវចំណេះដឹងដែលមានប្រយោជន៍សម្រាប់ពួកគេ
Date : 2024-10-16


លោក ឈិន សុវណ្ណនីកា ជាគ្រូបង្គោលកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ និងជាគ្រូបង្រៀននៅវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញនៃសាលារៀនជំនាន់ថ្មីនៅក្នុងខេត្តកណ្តាល។ លោកបានចូលរួមជាមួយកម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងពង្រឹងចំណេះដឹងបន្ថែមអំពីអក្ខរកម្មឌីជីថល ដោយមើលឃើញថានៅក្នុងសម័យបច្ចុប្បន្ននេះ បច្ចេកវិទ្យាដើរតួនាទីយ៉ាងសំខាន់ក្នុងការរស់នៅ ជាពិសេសនៅក្នុងវិស័យអប់រំ។
លោក បានបង្រៀនសិស្សថ្នាក់ទី៩ បួនម៉ោងក្នុងមួយសប្តាហ៍។ កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ បានផ្សាភ្ជាប់ទំនាក់ទំនងទៅនឹងតម្រូវការជាក់ស្តែងប្រចាំថ្ងៃរបស់ពួកគេ។ ឧទាហរណ៍ ពិភពលោកបច្ចុប្បន្ននេះ ការចែករំលែកព័ត៌មាននៅលើបណ្តេញសង្គមជះឥទ្ធិពលយ៉ាងខ្លាំងក្នុងសង្គម ប្រសិនបើយើងចែករំលែកព័ត៌មានមិនពិត វានឹងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។ បន្ទាប់ពីសិស្សានុសិស្សបានចូលរៀនជាមួយកម្មវិធីនេះហើយ វាបានជួយតម្រង់ទិសពួកគេក្នុងការប្រើប្រាស់ឌីជីថលប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសពួកគេអាចវិភាគព័ត៌មានពិត និងមិនពិត ទៅតាមជំហានដែលពួកគេបានរៀន។
សិស្សានុសិស្សទទួលបានចំណេះដឹងជាច្រើនពីកម្មវិធីដូចជា ស្គាល់អំពីអ៊ីនធឺណិត និងអត្ថប្រយោជន៍នៃការប្រើប្រាស់ ដឹងអំពីឧបករណ៍ដែលភ្ជាប់អ៊ីនធឺណិតប្រកបដោយសុវត្ថិភាព ចេះសិក្សាស្រាវជ្រាវពីព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម( Facebook, Instagram, TikTok, និង Telegram) ជាពិសេសបានយល់អំពីក្រមសីលធម៌នៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម។
អំឡុងពេលបង្រៀនបញ្ហាដែលលោកបានជួបប្រទះ គឺនៅក្នុងស្លាយមានពាក្យបច្ចេកទេសជាច្រើនដែលសិស្សពិបាកយល់ ដូច្នេះរូបលោកក៏បានទៅសិក្សាស្រាវជ្រាវប្រភពព័ត៌មានបន្ថែមដើម្បីងាយក្នុងការបកស្រាយទៅដល់សិស្ស។ ទន្ទឹមនឹងនោះ កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ក៏បានផ្តល់ជំនួយបច្ចេកទេសក្នុងការបង្រៀនរួមមាន៖ ផែនការមេរៀន សៀវភៅសិក្សារបស់គ្រូ ស្លាយមេរៀន និងមានកិច្ចប្រជុំឆ្លុះបញ្ចាំងដើម្បីដោះស្រាយបញ្ហាផ្សេងៗ។
លោក សុវណ្ណនីកា បានមានប្រសាសន៍ថា “កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ មានសារៈសំខាន់សម្រាប់សិស្សក្នុងការសិក្សារៀនសូត្រ និងបានលើកកម្ពស់ការយល់ដឹងរបស់ពួកគេលើការប្រើប្រាស់បណ្តាញសង្គមប្រកបដោយការទទួលខុសត្រូវ និងបង្កើនការប្រុងប្រយ័ត្នក្នុងការចែកចាយព័ត៌មាននៅលើប្រព័ន្ធអនឡាញ”។ លោកបានបន្ថែមទៀតថា សិស្សានុសិស្សក៏បានយល់ដឹងពីអត្តសញ្ញាណ និងកេរ្តិ៍ឈ្មោះរបស់ពួកនៅលើឌីជីថល ហើយដើម្បីក្លាយទៅជាពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ពួកគេត្រូវចេះធ្វើការសម្រេចចិត្ត ថាតើព័ត៌មាន រូបភាព និងវីដេអូណាដែលត្រូវបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ម៉្យាងទៀត សិស្សបានស្វែងយល់ពីរបៀបបង្កើតគណនី ជាពិសេសការដាក់ពាក្យសម្ងាត់ឱ្យរឹងមាំ និងចេះការពារខ្លួននៅពេលដែលពួកគេប្រើប្រាស់Wi-Fi ឬអ៊ីនធឺណិននៅទីសាធារណៈ។
ជាចុងក្រោយ លោកសូមស្នើសុំឱ្យកម្មវិធីអក្ខរកម្មខ្មែរឌីជីថល គួរតែមានវីដេអូណែនាំ ពីរ ឬបីវីដេអូដែលគាំទ្រខ្លឹមសារមេរៀនបន្ថែមពីលើស្លាយមេរៀនបច្ចុប្បន្ន និងសូមពិនិត្យលើពាក្យបច្ចេកទេសដើម្បីជួយសម្រួលដល់ការបង្រៀនកាន់តែល្អប្រសើរឡើង។
សិស្សឈ្មោះ ហ័ង ជីងហ័រ ជាសិស្សថ្នាក់ទី៩នៃវិទ្យាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញជាអ្នកទទួលផលម្នាក់ពីគម្រោងបានលើកឡើងថា “កម្មវិធីអក្ខរកម្មឌីជីថលខ្មែរបានធ្វើឱ្យខ្ញុំដឹងច្រើនក្នុងការប្រើប្រាស់បណ្ដាញសង្គមប្រកបដោយសុវត្ថិភាព ហើយមេរៀនដែលខ្ញុំចាប់អារម្មណ៍ជាងគេទាក់ទងនឹងពាក្យសម្ងាត់ ព្រោះធ្វើឱ្យការប្រាស់គណនីរបស់ខ្ញុំមានសុវត្ថិភាព។ ពីមុន ខ្ញុំប្រើប្រាស់ការដាក់លេខសម្ងាត់សាមញ្ញៗធម្មតាៗមិនបានគិតអំពីសុវត្ថិភាពនៅលើបណ្ដាញសង្គមឌីជីថលឡើយ។ កម្មវិធីនេះ ធ្វើអោយខ្ញុំចេះរក្សាព័ត៌មានអនឡាញរបស់ខ្ញុំឱ្យកាន់តែមានសុវត្ថិភាព និងចេះវិភាគមាតិកានៅលើអនឡាញរវាងព័ត៌មានពិត និងក្លែងក្លាយ។ ជាមួយទឹកមុខស្រស់ញញឹម ជីងហ័រ បន្ដបន្ថែមទៀតថា “ខ្ញុំនឹងយកចំណេះដឹងទាំងនេះ បន្តចែករំលែកទៅកាន់មិត្តភ័ក្ដ និងសមាជិកគ្រួសាររបស់ខ្ញុំ ដើម្បីឱ្យការប្រើប្រាស់ឌីជីថលប្រកបដោយសុវត្ថិភាព ហើយខ្ញុំនឹងចែករំលែកព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ទៅកាន់ពួកគេ។”
សិស្សឈ្មោះ អ៊ូ ស៊ូយ៉ា បានលើកឡើងថា “កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ គឺសំខាន់ និងមានអត្ថប្រយោជន៍សម្រាប់ខ្ញុំ ព្រោះខ្ញុំអាចដឹងកាន់តែច្បាស់អំពីព័ត៌មានឌីជីថលផ្សេងៗដូចជា ហ្វេសប៊ុក និង Instagram ធ្វើឱ្យការប្រើប្រាស់របស់ខ្ញុំមានសុវត្ថិភាព។ ម្យ៉ាងទៀត ខ្ញុំបានដឹងថាការតភ្ជាប់បណ្ដាញអ៊ីនធឺណិតនៅទីសាធារណៈ មិនមានសុវត្ថិភាពនោះទេ ពីមុនឱ្យតែខ្ញុំអាចលេងអ៊ីនធឺណិតបាន ខ្ញុំភ្ជាប់ទាំងអស់"។
កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ ទទួលហិរញ្ញប្បទានពី ក្រុមហ៊ុន មេតា ដើម្បីជួយអភិវឌ្ឍជំនាញដែលយើងត្រូវការ ដើម្បីបង្កើតពលរដ្ឋឌីជីថលដែលមានទំនួលខុសត្រូវ ការគិតបែបស៊ីជម្រៅ ការយល់ចិត្តគ្នា និងការសន្ទនាបែបឌីជីថល។ កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ មានគោលបំណងក្នុងការផ្តល់សនិទានភាព និងការធ្វើឱ្យប្រសើរឡើងនូវកម្មវិធីសិក្សា អាយស៊ីធី(ICT) សម្រាប់កម្រិតមធ្យមសិក្សាបឋមភូមិ នៅក្នុងសាលារៀនជំនាន់ថ្មី៕
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ