សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
បរិវត្តកម្មកម្មវិធីពន្លឿនល្បឿនជំនាញបច្ចេកវិទ្យាឌីជីថល (DViTSA)
Date : 2025-03-04

ស្ថិតនៅក្នុងសាលប្រជុំដ៏ល្អប្រណិតនៃវិទ្យាល័យព្រែកលៀប ដែលជាផ្នែកមួយនៃកម្មវិធីសាលារៀនជំនាន់ថ្មីក្នុងប្រទេសកម្ពុជា ជាសិស្សថ្នាក់ទី១០ម្នាក់ ដារ៉ូត បានចាប់ផ្តើមដំណើរការសិក្សាមួយដែលមិនត្រឹមតែផ្លាស់ប្តូរសក្តានុពលភាពច្នៃប្រឌិតរបស់គាត់ប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវផលជះដ៏ជ្រាលជ្រៅពីកម្មវិធីអប់រំគោលដៅរបស់យុវជន។ ដារ៉ូត ជាក្មេងជំទង់ដែលមានឆន្ទៈខ្ពស់ និងចំណង់ខ្លាំងក្នុងសិល្បៈឌីជីថល បានសុបិនចង់បង្កើតសៀវភៅជីវចលមួយ ដើម្បីលើកកម្ពស់ការអានក្នុងចំណោមកុមារកម្ពុជា ជាគម្រោងមួយដែលធ្វើឱ្យគាត់មានចំណង់ខ្លាំងក្នុងការបញ្ចូលនូវភាពច្នៃប្រឌិត និងផលប្រយោជន៍សង្គម។ នៅពេលគាត់ស្គាល់កម្មវិធីពន្លឿនល្បឿនជំនាញបច្ចេកវិទ្យាឌីជីថល (DViTSA) គាត់បានមើលឃើញវាជាឱកាសដ៏ល្អឥតខ្ចោះដើម្បីទទួលបានជំនាញចាំបាច់ក្នុងការធ្វើឱ្យចក្ខុវិស័យរបស់គាត់ក្លាយជាការពិត។ ករណីសិក្សានេះនឹងរាវរកបទពិសោធន៍របស់ ដារ៉ូត និងកម្មវិធី DViTSA ដោយបង្ហាញអំពីរបៀបដែលកម្មវិធីនេះបានបំពាក់បំប៉នគាត់នូវជំនាញបច្ចេកទេស ជួយលើកកម្ពស់ការរីកចម្រើនផ្ទាល់ខ្លួន និងពង្រីកទស្សនវិស័យរបស់គាត់ ដែលចុងក្រោយបានក្លាយជាគំរូសម្រាប់របៀបរៀនជាក់ស្តែង ដោយមានការលើកទឹកចិត្តដល់សិស្សសិក្សានៅក្នុងយុគសម័យឌីជីថល។
នាង ដារ៉ូត ធំឡើងក្នុងគ្រួសារដ៏សាមញ្ញមួយនៅតំបន់ជាយរាជធានីភ្នំពេញ ហើយការទទួលបានការអប់រំបច្ចេកវិទ្យាទំនើបនៅមានកម្រិត។ ទោះបីជាមានឧបសគ្គទាំងនេះក៏ដោយ ចំណង់ចំណូលចិត្តរបស់ ដារ៉ូត ចំពោះការបង្កើតសាច់រឿង និងសិល្បៈបានដុះដាលតាំងពីក្មេង។ គាត់បានចំណាយពេលជាច្រើនម៉ោងគូរតួអង្គ និងស្រមើស្រមៃពិភពដ៏អស្ចារ្យ ដោយប្រើឧបករណ៍សាមញ្ញ ដូចជា ខ្មៅដៃ និងក្រដាស។ នៅពេលសាលារៀនរបស់គាត់ណែនាំអំពីបន្ទប់កុំព្យូទ័រ គាត់មានចំណាប់អារម្មណ៍ផ្លាស់ប្តូរទៅប្រើទម្រង់ឌីជីថល ដែលគាត់បានចាប់ផ្តើមសាកល្បងជាមួយកម្មវិធីរចនាក្រាហ្វិកសាមញ្ញមួយ។ រៀនដល់ថ្នាក់ទី១០ គាត់បានបង្កើតគំនិតធ្វើសៀវភៅគំនូរជីវចល គឺជារឿងមានភាពរស់រវើក និងអន្តរកម្មតាមឌីជីថល ដែលមានគោលបំណងជំរុញចំណាប់អារម្មណ៍កុមារកម្ពុជាឱ្យស្រឡាញ់ការអាន នៅក្នុងប្រទេសមួយដែលអត្រាអក្ខរកម្មក្នុងចំណោមយុវជនជនបទនៅតែជាបញ្ហាប្រឈម។
ម្យ៉ាងវិញទៀត ដារ៉ូត ជាសិស្សមានការយល់លឿនរហ័យថា ជំនាញដែលគាត់រៀនដោយខ្លួនឯងមិនគ្រប់គ្រាន់សម្រាប់ទំហំគម្រោងគាត់ទេ។ ការព្យាយាមដំបូងរបស់គាត់ក្នុងការធ្វើគំនូរជីវចលមានភាពរអាក់រអួល រូបភាពមិនស្អាតល្អ និងភាពស្វាហាប់ដែលគាត់ស្រមៃ។ ទោះបីជាមានការខកចិត្ត ក៏គាត់មិនបោះបង់បំណងនេះទេ ហើយបានស្វែងរកវិធីដើម្បីបំពេញមហិច្ឆតា និងសមត្ថភាពរបស់គាត់។ ឱកាសនោះបានមកដល់តាមរយៈកម្មវិធី DViTSA ដែលជាកម្មវិធីមួយរចនាឡើងដើម្បីបង្រៀនសិស្សនូវជំនាញរចនាឌីជីថលកម្រិតខ្ពស់ រួមទាំងការធ្វើគំរូ 3D និងគំនូរជីវចល។ ដោយការសន្យាផ្តល់ការបណ្តុះបណ្តាលជាក់ស្តែង និងការណែនាំពីគ្រូជំនាញ ដារ៉ូត បានចុះឈ្មោះចូលរៀនដោយមានគោលដៅច្បាស់លាស់គឺ៖ ប្រែក្លាយសៀវភៅគំនូរជីវចលរបស់គាត់ទៅជាស្នាដៃសិល្បៈដែលមានគុណភាពវិជ្ជាជីវៈ។
កម្មវិធីពន្លឿនល្បឿនជំនាញបច្ចេកវិទ្យាឌីជីថល (DViTSA) គឺជាកម្មវិធីមួយមានភាពច្នៃប្រឌិតដែលបត្រូវបានង្កើតឡើងដោយសម្ព័ន្ធភាពអង្គការ ខេប ក្នុងគោលដៅបំពាក់បំប៉នសិស្សវិទ្យាល័យនូវជំនាញឌីជីថលទំនើប។ កម្មវិធីនេះផ្តោតលើយុវជនដែលមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាច្នៃប្រឌិត ដោយផ្តល់កម្មវិធីសិក្សារយៈពេល ៦ ខែ ដែលផ្តោតលើប្រធានបទជាច្រើន រួមមាន៖ ការធ្វើគំរូ 3D ការបន្ថែមវាយនភាព ជីវចល ការប្រើពន្លឺ និងការបង្ហាញពីឌីជីថល។ តាមរយៈការបង្រៀនក្នុងថ្នាក់ សិក្ខាសាលាជាក់ស្តែង និងគម្រោងសិក្សា កម្មវិធីនេះសង្កត់ធ្ងន់លើការរៀនបែបអនុវត្ត ដោយលើកទឹកចិត្តសិស្សឱ្យអនុវត្តជំនាញរបស់ពួកគេទៅលើគម្រោងជាក់ស្តែង។ កម្មវិធីនេះក៏រួមបញ្ចូលការអភិវឌ្ឍជំនាញទន់ ដូចជា ការដោះស្រាយបញ្ហា ការធ្វើការជាក្រុម និងការគិតប្រកបដោយភាពច្នៃប្រឌិត ដើម្បីរៀបចំខ្លួនចូលរួមបំពេញតម្រូវការកម្លាំងពលកម្មសតវត្សរ៍ទី២១។
សម្រាប់ ដារ៉ូត កម្មវិធី DViTSA មិនមែនគ្រាន់តែជាវគ្គសិក្សាបច្ចេកទេសប៉ុណ្ណោះទេ វាជាច្រកទៅកាន់ការសម្រេចសក្តានុពលច្នៃប្រឌិតរបស់គាត់ និងការរួមចំណែកដល់សហគមន៍។ ដោយមានបំណងធ្វើគម្រោងសៀវភៅគំនូរជីវចល គាត់បានចូលរួមក្នុងកម្មវិធីនេះដោយភាពរីករាយ មានការតាំងចិត្ត ដើម្បីប្រឈមនឹងការសិក្សាដ៏លំបាកខាងមុខទៀត។
បទពិសោធន៍របស់ ដារ៉ូត ក្នុងកម្មវិធី DViTSA បានចាប់ផ្តើមពីមូលដ្ឋានធ្វើគំរូ 3D ដែលជាជំនាញមួយ គាត់មិនធ្លាប់ស្គាល់ពីមុន។ ក្រោមការណែនាំពីគ្រូបង្រៀនដែលមានបទពិសោធន៍ គាត់បានចាប់ផ្តើមធ្វើរូបរាងសាមញ្ញ គឺរាងគូប ស្វ៊ែរ និងស៊ីឡាំង ដោយសិក្សារបៀបរៀបចំដោយប្រើកម្មវិធីស្តង់ដាឧស្សាហកម្ម ដូចជា កម្មវិធី Blender។ កិច្ចការដំបូងរបស់គាត់គឺបង្កើតវត្ថុសាមញ្ញមួយ គឺកៅអីឈើ ដែលតម្រូវឱ្យគាត់យល់ពីធរណីមាត្រ មាត្រដ្ឋាន និងទស្សនៈ។ ទោះបីជាដំបូងឡើយមានភាពភ័យខ្លាច ការអនុវត្តនេះបានបង្កើតមូលដ្ឋានសម្រាប់កិច្ចការស្មុគស្មាញជាងមុន។ បន្ទាប់ពីការហ្វឹកហាត់ជាច្រើនសប្តាហ៍ ដារ៉ូត បានរីកចម្រើនទៅ ការរចនាគំរូលម្អិត ដូចជា ដើមឈើជាក់ស្តែងសម្រាប់ឈុតព្រៃឈើក្នុងសៀវភៅគំនូរជីវចលរបស់គាត់។ គាត់មានជំនាញបច្ចេកទេសកាន់តែស្ទាត់ ដូចជា ការបន្ថែមរូបរាង និងរូបឆ្លាក់ ដោយរៀបចំមែកឈើ និងស្លឹកឱ្យមានភាពដូចជីវិតពិត។
បន្ទាប់មក ដារ័ត្ន បានស្វែងយល់ពីការបន្ថែមវាយនភាព និងការគូរពណ៌ ដែលជាជំនាញធ្វើឱ្យគាត់បន្ថែមភាពសម្បូរបែបផ្នែកលើគំរូរបស់គាត់។ គាត់បានរៀនរបៀបបន្ថែមវាយនភាពឌីជីថល ដូចជា សំបកឈើសម្រាប់ដើមឈើ ឬក្រណាត់សម្រាប់សម្លៀកបំពាក់តួអង្គ ដោយប្រើការផ្គូផ្គង ពន្លឺចាំង និងជក់ឌីជីថល។ ដំណើរការនេះទាមទារទាំងភាពច្បាស់លាស់ និងភាពច្នៃប្រឌិត ដែលតម្រូវឱ្យគាត់រកតុល្យភាពរវាងបច្ចេកទេស និងសិល្បៈ។ ដារ៉ូត បានសាកល្បងជាមួយពណ៌ និងលំនាំ ដើម្បីធានាថាធាតុនីមួយៗនៃសៀវភៅគំនូរជីវចលរបស់គាត់ស្របនឹងសោភ័ណភាពដែលគាត់ស្រមៃ។
ជីវចលគឺជាបញ្ហាប្រឈម និងជោគជ័យដ៏ធំបំផុតរបស់ ដារ៉ូត។ តាមរយៈមេរៀនស្តីពីការកំណត់ស៊ុមសំខាន់ៗ ការរៀបចំឆ្អឹង និងផ្លូវចលនា គាត់បានធ្វើឱ្យតួអង្គរបស់គាត់មានជីវិត។ ព្រឹត្តិការណ៍គួរឱ្យចងចាំមួយគឺការធ្វើជីវចលឱ្យតួឯកវ័យក្មេងដើរកាត់ព្រៃឈើ ជាមួយនឹងចលនាតូចៗ ដូចជា អាវបក់ និងស្លឹករំញ័រ។ ដារ៉ូត បានចំណាយពេលជាច្រើនម៉ោងកែលម្អឈុតទាំងនេះ ដោះស្រាយបញ្ហា ដូចជា ចលនាមិនបែបធម្មជាតិ ឬកំហុសផ្នែកបច្ចេកទេស។ ការតស៊ូរបស់គាត់បានទទួលផលនៅពេលគាត់ឃើញគំនូររបស់គាត់វិវត្តទៅជារឿងរ៉ាវដ៏រស់រវើក។
ចុងក្រោយ ដារ័ត្ន បានស្វែងយល់ពីការប្រើពន្លឺ និងស្រមោល ដែលជាបច្ចេកទេសបង្កើនការងារ និងស្នាដៃរបស់គាត់យ៉ាងស៊ីជម្រៅ។ គាត់បានរៀនក្លែងធ្វើពន្លឺព្រះអាទិត្យចាំងតាមដើមឈើ និងបង្កើតស្រមោលទន់ដើម្បីបង្កើនភាពជាក់ស្តែង។ តាមរយៈការកែតម្រូវមុំ និងកម្រិតពន្លឺ គាត់បានបង្កើតបរិយាកាសកក់ក្តៅ និងទាក់ទាញសម្រាប់សៀវភៅគំនូរជីវចលរបស់គាត់ ដែលទាញចំណាប់អារម្មណ៍អ្នកមើលចូលក្នុងសាច់រឿង។ ដំណាក់កាលនេះបានបញ្ជាក់ពីទំនាក់ទំនងរវាងជំនាញបច្ចេកទេស និងអព្ភន្តញ្ញាណផ្នែកសិល្បៈ ដែលជាតុល្យភាព ដារ៉ូត បានពេញចិត្តយ៉ាងជ្រាលជ្រៅ។
ដំណើរការសិក្សារបស់ ដារ៉ូត ក្នុងកម្មវិធី DViTSA មិនមែនគ្មានឧបសគ្គទេ។ នៅពេលដំបូង គាត់បានជួបការលំបាកនូវភាពស្មុគស្មាញកម្មវិធី ដោយជារឿយៗបាត់បង់ការសិក្សាច្រើនម៉ោងដោយសារមិនបានថត/រក្សាទុក ឬបញ្ហាបច្ចេកទេស។ ឧបសគ្គទាំងនេះបានសាកល្បងភាពអត់ធ្មត់របស់គាត់ ប៉ុន្តែក៏បានបង្រៀនគាត់ពីសារៈសំខាន់នៃការដោះស្រាយបញ្ហា និងភាពអត់ធន់។ គាត់បានចាប់ផ្តើមកត់ត្រាដំណើរការសិក្សារបស់គាត់ ដោយស្វែងរកដំបូន្មានពីមិត្តភក្តិ និងគ្រូ ហើយចាត់ទុកកំហុសជាឱកាសសិក្សាជាជាងការបរាជ័យ។
លើសពីបញ្ហាបច្ចេកទេស ដារ៉ូត បានប្រឈមនឹងការសង្ស័យខ្លួនឯង។ ក្នុងនាមជាអ្នកចាប់ផ្តើមថ្មីក្នុងចំណោមមិត្តរួមថ្នាក់ដែលមានទេពកោសល្យ ជួនកាល គាត់ឆ្ងល់ថាតើចក្ខុវិស័យរបស់គាត់សមនឹងការបន្តដែរឬទេ។ ទោះយ៉ាងណាក៏ដោយ ក៏បរិយាកាសគាំទ្រពីកម្មវិធី DViTSA ដែលមានការលើកទឹកចិត្តពីគ្រូបណ្តុះបណ្តាល បានជួយឱ្យគាត់បង្កើតទំនុកចិត្ត។ គំរូ ឬឈុតគំនូរជីវចលនីមួយៗដែលបញ្ចប់ បានពង្រឹងជំនឿរបស់គាត់លើសមត្ថភាពខ្លួនឯង ហើយគាត់កាន់តែស្រួលក្នុងការចែករំលែកការសិក្សានេះសម្រាប់មតិរិះគន់។ ការផ្លាស់ប្តូរផ្នត់គំនិតនេះមានតម្លៃដូចជំនាញដែលគាត់ទទួលបាន ដោយធ្វើឱ្យគាត់ក្លាយជាបុគ្គលដែលមានទំនុកចិត្ត និងសកម្មជាងមុន។
នៅចុងបញ្ចប់កម្មវិធីសិក្សារយៈពេល៦ខែមក ដារ៉ូត បានធ្វើបរិវត្តកម្មសៀវភៅគំនូរជីវចលរបស់គាត់ទៅជាបទពិសោធន៍មួយដែគួរឱ្យទាក់ទាញ និងមានអន្តរកម្ម។ ផលិតផលចុងក្រោយមានឈុតព្រៃឈើ 3D ដែលបានកែលម្អ តួអង្គជីវចលជាមួយចលនារលូន និងបរិយាកាសប្រើពន្លឺដោយយកចិត្តទុកដាក់ បានទាក់ទាញអ្នកមើល។ គាត់បានដាក់បង្ហាញស្នាដៃគម្រោងរបស់គាត់នៅក្នុងពិព័រណ៍សាលា ដែលទទួលបានការកោតសរសើរពីគ្រូបង្រៀន មិត្តភក្តិ និងសហគមន៍មូលដ្ឋាន។ សំខាន់ជាងនេះ ដារ៉ូត បានចាប់ផ្តើមចែករំលែកការងាររបស់គាត់ជាមួយសិស្សតូចៗ ដោយប្រើវាជាឧបករណ៍ដើម្បីជំរុញចំណាប់អារម្មណ៍របស់ពួកគេក្នុងការអាន ដែលសម្រេចបាននូវបេសកកម្មដើមរបស់គាត់។
ផលជះកម្មវិធី DViTSA មានលើសពីសៀវភៅគំនូរជីវចល។ ការតាំងបង្ហាញនូវឧបករណ៍ឌីជីថលកម្រិតខ្ពស់បានជំរុញចំណង់ចំណូលចិត្តរបស់ ដារ៉ូត ចំពោះវិស័យបង្កើតហ្គេម និងការបោះពុម្ពជា 3D។ គាត់បានចាប់ផ្តើមស្រាវជ្រាវឧស្សាហកម្មទាំងនេះ ដោយស្រមៃពីអនាគតដែលគាត់អាចបង្កើតហ្គេមអប់រំ ឬរចនាគំរូរូបវន្តសម្រាប់គម្រោងសហគមន៍។ អ្វីដែលជាការចាប់ផ្តើមខិតខំប្រឹងប្រែងច្នៃប្រឌិតមួយ បានវិវត្ត ដារ៉ូត ទៅជាមានមហិច្ឆតាដ៏ធំទូលាយ ដែលបច្ចុប្បន្ននេះគាត់មានបំណងសិក្សាសិល្បៈឌីជីថលនៅសាកលវិទ្យាល័យ និងបន្តអាជីពនៅក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើននៅកម្ពុជា។
រឿងជោគជ័យរបស់ ដារ៉ូត សបញ្ជាក់ពីតម្លៃកម្មវិធី ដូចជាកម្មវិធ DViTSA ក្នុងការជំរុញជំនាញសតវត្សទី២១ គឺភាពច្នៃប្រឌិត ការគិតបែបស៊ីជម្រៅ និងអក្ខរកម្មឌីជីថលនៅក្នុងចំណោមយុវជន។ នៅក្នុងប្រទេសមួយ ដូចជា ប្រទេសកម្ពុជា ដែលការអភិវឌ្ឍសេដ្ឋកិច្ចពឹងផ្អែកកាន់តែខ្លាំងលើបច្ចេកវិទ្យា និងការច្នៃប្រឌិត កម្មវិធីបែបនេះផ្តល់ការលើកទឹកចិត្តដល់សិស្សឱ្យរួមចំណែកដល់សហគមន៍របស់ពួកគេ និងប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។ បទពិសោធន៍របស់ ដារ៉ូត ក៏បង្ហាញពីប្រសិទ្ធភាពនៃការសិក្សាជាក់ស្តែងគឺ៖ សៀវភៅគំនូរជីវចលរបស់គាត់មិនត្រឹមតែជួយសម្រេចគោលដៅផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះទេ ថែមទាំងបានជំរុញអ្នកដទៃទៀត ដោយបង្ហាញពីសក្តានុពលការអប់រំក្នុងការជំរុញការផ្លាស់ប្តូរសង្គម។
ដំណើរការសិក្សារបស់ នាង ដារ៉ូត តាមរយៈកម្មវិធីពន្លឿនល្បឿនជំនាញបច្ចេកវិទ្យាឌីជីថល គឺជាសក្ខីភាពនៃឥទ្ធិពលបរិវត្កកម្មការអប់រំជាក់ស្តែងដែលមានគោលដៅច្បាស់លាស់។ ពីសិស្សដែលមានចំណង់ចំណូលចិត្តតែគ្មានជំនាញ គាត់បានក្លាយជាសិល្បករឌីជីថលដែលមានទំនុកចិត្ត ជាមួយនឹងគម្រោងដែលបានកែលម្អ និងក្តីសុបិនដ៏ធំ។ កម្មវិធី DViTSA បានផ្តល់ឧបករណ៍ដល់គាត់ដើម្បីប្រែក្លាយចក្ខុវិស័យរបស់គាត់ទៅជាការពិត ខណៈពេលដែលបើកទ្វារទៅកាន់ផ្លូវអាជីពចម្រុះនៅក្នុងឧស្សាហកម្មក្រកបដោយភាពច្នៃប្រឌិត។ រឿងរ៉ាវរបស់គាត់គឺជាករណីគួរឱ្យជឿជាក់សម្រាប់ការវិនិយោគផ្នែកបច្ចេកវិទ្យា និងការអប់រំលើយុវជន គឺជាគំរូសម្រាប់របៀបដែលកម្មវិធី ដូចជា កម្មវិធី DViTSA អាចបណ្តុះទេពកោសល្យ ពង្រឹងភាពធន់ និងរៀបចំអនាគតរបស់សិស្សម្នាក់ៗ៕
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ