សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

កម្មវិធីត្រីវិស័យជួយគ្រូបង្រៀន និងដឹកនាំសិស្សបង្កើតទិសដៅជីវិតប្រកបដោយប្រសិទ្ធភាព

Date : 2023-07-11
Facebook Twitter Google+ LinkedIn Addthis

អ្នកគ្រូ កៅ សុខ ជានាយិការង និងបានទទួលបន្ទុកបង្រៀនកម្មវិធីត្រីវិស័យរបស់គម្រោង CO-SAVED នៅអនុវិទ្យាល័យភ្នំលក ដែលជាសាលាគោលដៅស្ថិតក្នុងតំបន់ជនបទ និងមានចម្ងាយប្រមាណជាង ៣៨គីឡូម៉ែត្រពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។ អ្នកគ្រូ សុខ មានភាពសប្បាយរីករាយខ្លាំងក្រោយឃើញសិស្សរបស់គាត់មានការផ្លាស់ប្តូរឥរិយាបទ ចេះរៀបចំធ្វើផែនការ និងកំណត់ទិសដៅទិសដៅក្នុងការសិក្សារបស់ពួកគេ។ អ្នកគ្រូមិនសូវបារម្ភខ្លាំងដូចមុនលើការសិក្សាសិស្ស ជាពិសេសការគ្រប់គ្រងសាលា និងដឹកនាំសិស្សសិក្សា។ អនុវិទ្យាល័យភ្នំលកមានសិស្សចំនួនជាង៣០០នាក់ ជាកូនអ្នកនេសាទនៅតាមឆ្នេរសមុទ្រ។

 

មុនពេលមិនទាន់មានគម្រោង CO-SAVED ចូលមក អ្នកគ្រូ សុខ បារម្ភច្រើនលើការសិក្សាសិស្ស ព្រោះសិស្សទាំងនោះមកសិក្សាឱ្យតែបានៗតែប៉ុណ្ណោះ មិនទៀងទាត់ពេលវេលា ដោយមិនទាន់យល់ដឹងថាអ្វីទៅជាការធ្វើផែនការ និងកំណត់ទិសដៅការសិក្សា ការយល់ដឹងអំពីការស្វែងរកសាកលវិទ្យាល័យសិក្សាបន្ត ការជ្រើសរើសជំនាញ និងសិស្សខ្លះមានលទ្ធភាព ប៉ុន្តែពួកគេមិនដឹងថាតើកំណត់អនាគតបែបណា។ ម្យ៉ាងវិញទៀត សិស្សដែលគ្មានទូរសព្ទប្រើប្រាស់មួយចំនួនតូចដែលអត់យល់នោះ ក៏មានការលំបាកច្រើន និងបាក់ទឹកចិត្តផងដែរ ហើយមិនមានការតាមដានការសិក្សាពួកគាត់បានសុក្រឹតច្រើននោះទេ។ ឪពុកម្តាយសិស្សភាគច្រើនជាប្រជាជនប្រកបមុខរបរនេសាទ និងរស់នៅតាមតំបន់ឆ្នេរសមុទ្រ គ្មានពេលវេលាច្រើនសម្រាប់តាមដានអំពីការសិក្សាកូន គ្មានកម្មវិធីងាយស្រួលផ្តល់ព័ត៌មានដល់ពួកគាត់។ សិស្សសាលាអ្នកគ្រូប្រឈមនឹងការឈប់រៀនច្រើន ដោយសារសិស្សត្រូវបានទាក់ទាញទៅសិក្សាភាសាចិន ព្រោះងាយឆាប់ចេញរកងារធ្វើទទួលបានប្រាក់ខែខ្ពស់។ សិស្សនៅវិទ្យាល័យភ្នំលកនេះមិនបានជ្រួលជ្រើមស្វែងយល់អំពីចំណេះដឹងបន្ថែមដែលទាក់ទងនឹងជីវិតជាក់ស្តែង និងសម្បូរអវត្តមាន។ ពួកគាត់ផ្អាកសិក្សាដើម្បីទៅជួយលើកឈឹបនៅក្នុងសមុទ្រជាមួយឪពុកម្តាយ។

 

បន្ទាប់ពីមានគម្រោង CO-SAVED របស់អង្គការ ខេប បានដាក់បញ្ចូលកម្មវិធីត្រីវិស័យនៅអនុវិទ្យាល័យភ្នំលកឱ្យសិស្សសិក្សាមក សិស្សរបស់អ្នកគ្រូចំនួនជាង៨០% ដឹងច្បាស់​ ថាតើពួកគេត្រូវសិក្សាបែបណា? ធ្វើអ្វី? ជ្រើសរើសអ្វីទៅថ្ងៃអនាគត? កម្មវិធីត្រីវិស័យនេះមានលក្ខណៈទូលំទូលាយ។ សិស្សមានការផ្លាស់ប្តូរច្រើន ជាពិសេសតាមរយៈការសិក្សាកម្មវិធីត្រីវិស័យ (Trey Visay App)។ ពួកគាត់មានភាពជ្រួលជ្រើមចង់ដឹងអំពីជំនាញ និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើនដែលត្រូវជ្រើសរើសក្រោយបញ្ចប់ការសិក្សានៅមធ្យមសិក្សា ជាពិសេសការស្រាវជ្រាវរកប្រភពព័ត៌មានច្បាស់លាស់ និងមានភាពលឿនរហ័ស។  លោកគ្រូអ្នកគ្រូមានវិធីសាស្ត្រថ្មីល្អៗសម្រាប់តាមដានការសិក្សា និងវត្តមានរបស់សិស្ស។ អ្នកគ្រូ សុខ បង្រៀនកម្មវិធីត្រីវិស័យនេះដល់សិស្សដោយប្រើប្រាស់ទូរសព្ទដៃប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទោះបីជាយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ ក៏អ្នកគ្រូ សុខ មិនបានភ្លេចការបារម្ភចំពោះសិស្សរបស់គាត់ដែលទទួលបានការជំរុញទឹកចិត្តទៅរៀនភាសាចិនច្រើនជាងមកសិក្សាសាលាខ្មែរនោះដែរ។

 

កំពុងអង្គុយធ្វើការនៅក្នុងការិយាល័យ អ្នកគ្រូ សុខ បានមានប្រសាសន៍ថា “ការចូលរួមពីគម្រោង CO-SAVED បានជំរុញលើកទឹកចិត្តទាំងគ្រូ និងសិស្សនៅសាលារៀនរបស់នាងខ្ញុំពង្រឹងការតាមដានសិស្ស ហើយសិស្សសិក្សាបានលទ្ធផលល្អប្រសើរច្រើន។ ទោះបីសិស្សនាងខ្ញុំចង់ទៅរៀនភាសាចិន ដើម្បីរកការងារបានប្រាក់ចំណូលបានរាប់រយដុល្លារក៏ដោយ ក៏ខ្ញុំនៅតែពន្យល់បង្ហាញសិស្សខ្ញុំកុំឱ្យបាក់ទឹកចិត្តឈប់រៀន។ នាងខ្ញុំបានលើកយកឧទាហរណ៍អំពីអ្នកដែលមានជំនាញពិតមិនខ្វះការងារល្អធ្វើ។ កម្មវិធីត្រីវិស័យបានធ្វើឱ្យសិស្សនាងខ្ញុំពុះកញ្ជ្រោលចង់ចេះ ចង់ដឹងច្រើនអំពីរបៀបជ្រើសរើសជំនាញឱ្យត្រូវនឹងចំណូលចិត្ត។ ម្យ៉ាងវិញទៀត លោកគ្រូអ្នកគ្រូ និងនាងខ្ញុំព្យាយាមធ្វើយ៉ាងណា ជាពិសេសបរិស្ថានសាលារៀន ដើម្បីឱ្យសិស្សមកសិក្សាមានភាពសប្បាយរីករាយជាងនៅផ្ទះ ”។

 

នៅពេលមានអវត្តមានសិស្សច្រើន អ្នកគ្រូនិងសហការីគាត់បានចុះទៅសួរសុខទុក្ខផ្ទាល់តាមផ្ទះសិស្សដោយទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន និងឪពុកម្តាយផ្ទាល់ដើម្បីទទួលយោបល់ និងមើលអំពីបញ្ហាជាក់ស្តែង។ ក្រៅពីកម្មវិធីត្រីវិស័យ ក៏មានប្រព័ន្ធរំលឹកទុកជាមុន ឬការទប់ស្កាត់ការបោះបង់ការសិក្សារបស់សិស្សបានជួយអ្នកគ្រូពង្រឹងសមត្ថភាពតាមរយៈការបណ្តុះបណ្តាល និងប្រជុំជាមួយអ្នកបច្ចេកទេសគម្រោង។ គម្រោងបានផ្តល់ជាកញ្ចប់សម្ភារៈអាហារូបករណ៍ដល់សិស្សក្រីក្រ ដែលជាសកម្មភាពជួយកាត់បន្ថយបន្ទុកលំបាករបស់គណៈគ្រប់គ្រងសាលារៀនផងដែរ។ អ្វីដែលធ្វើឱ្យអ្នកគ្រូ សុខ ផ្លាស់ប្តូរការគ្រប់គ្រង បង្រៀន និងដឹកនាំសិស្ស​ គឺការជួបជាមួយនាយក និងគ្រូបង្រៀនមកពីសាលារៀនផ្សេងៗធ្វើការផ្លាស់ប្តូរបទពិសោធន៍គ្នា និងវិធីសាស្ត្រដោះស្រាយបញ្ហាប្រឈមទៅវិញទៅមកក្នុងពេលមានវគ្គបណ្តុះបណ្តាល។

 

លោក សុខ ទី នាយកអនុវិទ្យាល័យភ្នំលក បានមានប្រសាសន៍ថា “ខ្ញុំមើលឃើញថា អ្នកគ្រូ កៅ សុខ ដឹងអំពីវិធីដឹកនាំសិស្សល្អច្រើនជាងមុន ទោះបីអ្នកគ្រូត្រូវទទួលបន្ទុកការងារបង្រៀនកម្មវិធីត្រីវិស័យបន្ថែមក៏ដោយ។ គាត់ទទួលបានវគ្គបំប៉នសមត្ថភាពពីគម្រោងធ្វើឱ្យការងារគាត់ប្រសើរជាងមុន។ សិស្សរបស់ខ្ញុំស្ទើទាំំងអស់ទទួលបានការសិក្សាកម្មវិធីត្រីវិស័យ ដែលបានធ្វើឱ្យពួកគាត់ចេះកំណត់ទិសដៅតាមរយៈទូរសព្ទដៃ

 

គម្រោង CO-SAVED ត្រូវបានប្រតិបត្តិដោយអង្គការ ខេប ដោយសហការជាមួយអង្គការ Aide et Action (អេដ អេ អាក់ស្យុង)(AeA) ក្រោមជំនួយហិរញ្ញប្បទានសហភាពអឺរ៉ុប។ គម្រោង CO-SAVED បានផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀន នាយកសាលា បណ្ណារក្ស ការប្រជុំឪពុកម្តាយ គណៈកម្មការគ្រប់គ្រងសាលារៀន ប្រព័ន្ធរំលឹកទុកជាមុន សម្ភារៈអាហារូបករណ៍ ជួសជុលអគារសិក្សា បណ្តាល័យ ការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សាលាមត្តេយ្យសហគមន៍ ជួសជុលនិងកសាងបង្គន់អនាម័យ ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សកូនអ្នកនេសាទនៅក្នុងគម្រោង ដោយធ្វើសកម្មភាពសំខាន់ៗបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពសិក្សារបស់កុមារថ្នាក់បឋម និងមធ្យមសិក្សានៅក្នុងតំបន់ និងបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពសិក្សាសម្រាប់សិស្សអនុវិទ្យាល័យនៅក្នុងតំបន់គម្រោង CO-SAVED។ កម្មវិធីត្រីវិស័យបានជួយច្រើនដល់សិស្សនៅអនុវិទ្យាល័យភ្នំលក ឱ្យខិតខំខ្នាស់ខ្នែងសិក្សារហូតដល់ទទួលបានលទ្ធផលល្អប្រសើរជាងមុខ ជាពិសេសផ្តល់វិធីសាស្រ្តដល់លោកគ្រូអ្នកគ្រូសម្រាប់តាមដានការសិក្សា​ និងវត្តមានរបស់សិស្សផងដែរ​​៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ