ព័ត៌មាន និងព្រឹត្តិការណ៍

កិច្ចពិភាក្សាស្ដីពីការលើកកម្ពស់ អភិបាលកិច្ចល្អសម្រាប់សង្គមស៊ីវិល~

Date : 2013-09-30
Facebook Twitter Google+ LinkedIn Addthis

គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា~ (CCC) បាន​រៀប​ចំ​កិច្ច​ពិភាក្សា​មួយ​នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញាឆ្នាំ​២០១៣ ស្ដីពី​ការ​លើក​កម្ពស់​អភិបាល​កិច្ច​ល្អសម្រាប់​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា។~ ក្នុង​ពេល​ជាមួយ​គ្នាអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ត្រូវ​បាន​ប្រគល់​វិញ្ញាបនបត្រ​អភិបាល​កិច្ចនិង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ ជី.ភី.ភី (GPP) សម្រាប់​ឆ្នាំ​១០២៣។


កិច្ច​ពិភាក្សា​តុ​មូល​ពហុ​ភាគី​ពាក់ព័ន្ធស្ដីពី​អភិបាល​កិច្ច​ល្អ​សម្រាប់​អង្គការ​សង្គម​ស៊ីវិលបាន​ផ្តោត​ជា​ពិសេស​លើ​សារសំខាន់និង​ការ​រួម​ចំណែក​នៃ​វិញ្ញាបនបត្រ​អភិបាល​កិច្ចនិង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈជី.ភី.ភីក្នុង​ការ​អភិវឌ្ឍ​សង្គម​កម្ពុជា។


វិញ្ញាបនបត្រ​អភិបាល​កិច្ចនិង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជានៅ​ឆ្នាំ​២០០៤ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​ល្អគណនេយ្យ​ភាព និង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈក្នុង​អង្គការ​សង្គម​ស៊ីវិលតាម​រយៈ​ប្រព័ន្ធ​វិញ្ញាបនបត្រ​ស្ម័គ្រចិត្ត (VCS)។


ប្រព័ន្ធ​វិញ្ញាបនបត្រ​ស្ម័គ្រចិត្តគឺ​ជា​ប្រព័ន្ធ​ដែល​ប្រើប្រាស់​ក្រម​នៃ​គោលការណ៍​ជា​សីលធម៌និង​បទដ្ឋាន​អប្បបរមា​សម្រាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​កម្ពុជាដើម្បី​វាយ​តម្លៃ​ពី​អភិបាល​កិច្ច​ល្អនិង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។


ជា​គោលការណ៍ដើម្បី​អោយ​អង្គការ​មួយ​ទទួល​បាន​វិញ្ញាបនបត្រ​អភិបាល​កិច្ចនិង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈអង្គការ​នីមួយៗ​ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​ដែល​បាន​កំណត់ដូច​ជាអង្គការ​ត្រូវ​បង្ហាញ​ទស្សនៈ​វិស័យបេសកកម្ម និង​តម្លៃ​អោយ​ពិត​ប្រាកដត្រូវ​មាន​អភិបាល​កិច្ច ដូច​ជាក្រុមប្រឹក្សាភិបាល​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ផ្នែក​ខាង​ក្រៅត្រូវ​បង្ហាញ​ពី​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​អោយ​ច្បាស់​លាស់ត្រូវ​មាន​គណនេយ្យ​ភាពនិង​តម្លាភាពត្រូវ​មាន​ការ​ធានា​គុណភាពនិង​ត្រូវ​មាន​ការ​គ្រប់គ្រង​ធនធាន​មនុស្ស​អោយ​បាន​ល្អ​ជាដើម។ជា​ការ​វាយ​តម្លៃអង្គការ​ត្រូវ​ទទួល​បាន​ពិន្ទុ ៩២,៥% ឡើង​ទៅទើប​អាច​ទទួល​វិញ្ញាបនបត្រ​បាន។


ថ្លែង​ទៅ​កាន់​អ្នក​ចូល​រួម​ប្រមាណ​ជា១០០​នាក់ លោកស្រី ប៉ែន មនោរម្យសមាជិក​នៃ​គណៈកម្មាធិការ​អនុម័ត​ក្នុង​ការ​អនុវត្ត​ក្រមនិង​ជា​នាយិកា​រង​នៃ​អង្គការ​ខាណា (KHANA) និយាយ​ថាប្រព័ន្ធ​វិញ្ញាបនបត្រ​ស្ម័គ្រចិត្ត​ត្រូវ​បាន​បង្កើត​ឡើងដើម្បី​ធ្វើ​យ៉ាង​ណា​អោយ​សង្គម​ស៊ីវិល​ទាំងអស់​នៅ​កម្ពុជាមាន​ការ​ទទួល​ខុស​ត្រូវនិង​ធ្វើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈមាន​គណនេយ្យ​ភាព និង​មាន​តម្លាភាព​លើ​ការងារ​ជាដើមហើយ​ដើម្បី​អោយ​អង្គការ​ទទួល​បាន​វិញ្ញាបនបត្រ​ពី​ប្រព័ន្ធ​មួយ​នេះអង្គការ​ត្រូវ​ធ្វើ​តាម​គោលការណ៍​ដែល​បាន​កំណត់។


លោកស្រី ប៉ែនមនោរម្យ៖ «សង្គម​ស៊ីវិល​ដែល​ទទួល​វិញ្ញាបនបត្រ​ហ្នឹងក្រម​របស់​យើង​បាន​ចែង ៧-៨​ចំណុចគឺ​យើង​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​ទាំងអស់បាន​យើង​ប្រគល់​វិញ្ញាបនបត្រ​ហ្នឹង​អោយហើយ​នៅ​ក្នុង​ក្រម​ហ្នឹងយើង​បាន​ចែង​ច្បាស់​អំពី​អ្វី​ខ្លះ​ដែល​នៅ​ក្នុង​ហ្នឹងយើង​មាន​អ្នក​ទទួល​ខុស​ត្រូវហើយ​របាយការណ៍​បញ្ជាក់​ពី​អ្វី​ខ្លះហើយ​ក្រុម​គោលដៅ​របស់​យើង​ជា​នរណា ក្នុង​ហ្នឹង​យើង​មាន​ចែង​ទាំងអស់»


ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយលោកស្រី មនោរម្យបាន​ផ្ដាំ​ផ្ញើ​អង្គការ​ដែល​បាន​ទទួល​វិញ្ញាបនបត្រ​រួច​ហើយគួរ​បន្ត​អនុវត្ត​អោយ​បាន​ល្អ​បន្ថែម​ទៀតដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​អោយ​ម្ចាស់​ជំនួយនិង​ដៃគូ​អភិវឌ្ឍន៍​បាន​ឃើញហើយ​នាយក​អង្គការ​គួរ​តាម​ដាន​ការ​អនុវត្ត​របស់​បុគ្គលិក​ថ្នាក់​ក្រោម​អោយ​បាន​ខ្ជាប់ខ្ជួន។


លោក សៅ វណ្ណានាយក​អង្គការ KAPE នៅ​ខេត្ត​កំពង់ចាមដែល​បាន​ទទួល​វិញ្ញាបនបត្រ​អភិបាល​កិច្ចនិង​ការ​អនុវត្ត​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅ​ឆ្នាំ​២០១២បាន​និយាយ​ថាបន្ទាប់​ពី​អង្គការ​របស់​លោក​ទទួល​បាន​វិញ្ញាបនបត្រវា​ធ្វើ​អោយ​អង្គការ​របស់​លោក​មាន​ភាព​រឹងមាំ​ផ្ទៃ​ក្នុងដោយសារ​តែ​មាន​គោល​នយោបាយ​ល្អហើយ​បុគ្គលិក​គ្រប់​ជាន់​ថ្នាក់​យល់​ច្បាស់​ពី​គោលដៅ​របស់​អង្គការ។ហើយ​កត្តា​នេះ​ហើយទើប​នាំ​អោយ​ពួក​គេ​ប្រឹងប្រែង​ធ្វើ​ការដើម្បី​ឆ្លើយ​តប​តាម​គោលការណ៍​ដែល​បាន​កំណត់។ លោក​ថាវិញ្ញាបនបត្រ​ក៏​ចូល​រួម​ចំណែក​ច្រើន​នៅ​ពេល​អង្គការ​ដាក់​ពាក្យ​ស្នើសុំ​ថវិកា​ពី​ម្ចាស់​ជំនួយ​ផង​ដែរ។


លោក សៅ វណ្ណា៖ «យើង​ក្រឡេក​មើល​ទៅ​ខាង​ក្រៅ​ផ្នែក​ទំនាក់​ទំនង​ជាមួយ​បណ្ដា​ម្ចាស់​ជំនួយ (Donors) គេ​មាន​ចំណាប់​អារម្មណ៍​ជាមួយ​យើង​ខ្លាំងអា​ហ្នឹង​វា​ជា​ភស្តុតាង (Evidence) មួយ ពី​មុន​យើង​គ្រាន់​តែ​ប្រាប់​គេ​ថាខ្ញុំ​ខ្លាំង​ណាស់យើង​អត់​មាន​ស្អី​សម្រាប់​វាស់​វែង​ខ្លួន​ឯង​ទេតែ​បច្ចុប្បន្ន ខ្ញុំ​គិត​ថាវា​ជា​ឱកាស​មួយ​វា​អាច​វាស់​វែង​បាននៅ​ពេល​យើង​ទទួល​បាន​វិញ្ញាបនបត្រ (Certificate) ហើយ​ម្ចាស់​ជំនួយគេ​ក៏​ទទួល​ស្គាល់ វា​ក្រដាស​មួយ​សន្លឹកតែ​វា​មាន​សារសំខាន់​រៃអង្គាស​ជំនួយ (Fund) វា​មាន​សារសំខាន់តែ​កាល​ណា​យើង​ប្រគល់ (Submit) ទៅ វា​កម្រ​ធ្លាក់ Short list»


កន្លង​មកអង្គការ​សង្គម​ស៊ីវិល​តែង​ជំរុញ​អោយ​រដ្ឋាភិបាល​មាន​អភិបាល​កិច្ច​ល្អបំបាត់​អំពើ​ពុក​រលួយ មាន​គណនេយ្យ​ភាពនិង​តម្លាភាព​ជាដើម។រដ្ឋាភិបាល​ក៏​ធ្លាប់​បាន​លើក​ឡើង​ថាអង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយបក្ខពួកនិង​គ្រួសារ​និយម​ថែម​ទៀត​ផង។


លោក ប៊ុត ជិប្រធាន​ការិយាល័យ​សម្រប​សម្រួល​គម្រោង​អភិបាល​កិច្ច​ល្អ​មូលដ្ឋាននៃ​ក្រសួង​មហាផ្ទៃ បាន​អោយ​ដឹង​ថាក្រសួង​ព្យាយាម​ស្វែង​រក​ចំណុច​រួម​មួយដើម្បី​ធ្វើ​ការងារ​អភិបាល​កិច្ច​ជាមួយ​អង្គការ​សង្គម​ស៊ីវិលហើយ​ក្រសួង​មហាផ្ទៃទទួល​ស្គាល់​ពី​សារសំខាន់​នៃ​តួនាទី​របស់​អង្គការ​សង្គម​ស៊ីវិលក្នុង​ការ​ចូល​រួម​អភិវឌ្ឍ​សង្គម​កម្ពុជា។លោក​ថា អង្គការ​សង្គម​ស៊ីវិលអាច​ដើរ​តួនាទី​ជា​អ្នក​ឃ្លាំ​មើល​ការ​អនុវត្ត​របស់​អាជ្ញាធរប្រសិន​បើ​សង្គម​ស៊ីវិល​ជា​ស្ថាប័ន​ស្អាតស្អំ​ពិត​ប្រាកដ។


លោក ប៊ុត ជិ៖ «នឹង​អាច​មាន​អំណះអំណាងហើយ​អាច​អោយ​ខាង​អាជ្ញាធរ​មូលដ្ឋាន​ទទួល​យក​នោះនៅ​ពេល​ដែល​យើង​អាច​បញ្ជាក់​ថាខ្ញុំ​មក​ពី​អង្គការ​សង្គម​ស៊ីវិល​មួយដែល​មាន​ការ​វាយ​តម្លៃ​ថា ខ្ញុំ​ជា​ស្ថាប័ន​ស្អាតហើយ​ជា​ស្ថាប័ន​ដែល​បាន​គេ​គោរពហើយ​មាន​អភិបាល​កិច្ច​ល្អហើយ​គាត់​នឹង​អាច​មិន​ទទួល​យក ហើយ​ប្រសិន​បើ​គាត់​បាន​ព័ត៌មាន​ថាយើង​ជា​ស្ថាប័ន​អត់​ប្រសើរ​មួយ​ផង ហើយ​បើ​ចាំ​អង្គុយ​ថា​អោយគាត់​ពិបាក​អោយ​គាត់​ទទួល​យក»


រហូត​មក​ដល់​បច្ចុប្បន្ន​នេះមាន​អង្គការ​ចំនួន ៤៦ ហើយដែល​ទទួល​បាន​វិញ្ញាបនបត្រ ជី.ភី.ភី។ សម្រាប់​ឆ្នាំ​២០១៣មាន​អង្គការ​ចំនួន​៩ត្រូវ​ទទួល​បាន​វិញ្ញាបនបត្ររួម​មាន​អង្គការ​សកម្មភាព​ព្រះពុទ្ធ​សាសនា ដើម្បី​អភិវឌ្ឍន៍​សង្គមអង្គការ​កម្ពុជា អប់រំនិង​ថែទាំ​ជំងឺ​អេដស៍ អង្គការ​សម្ព័ន្ធភាព​សកម្មដើម្បី​កសាង​ជនបទ​ឡើង​វិញ អង្គការ វី.អែស.អូ (VSO) ប្រចាំ​ប្រទេស​កម្ពុជាអង្គការ​ភូមិ​ខ្ញុំ អង្គការ អេស៊ាន អៅរិច ខេមបូឌា (Asean Outreach Cambodia) អង្គការ​មូលនិធិ​សិទ្ធិ​កុមារអង្គការ​ទ្រទ្រង់​កសិករ​ជនបទនិង​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា។


ក្នុង​ចំណោម​អង្គការ​ទាំង​៩ នេះអង្គការ​ទ្រទ្រង់​កសិករ​ជនបទនិង​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជាបន្ត​ទទួល​បាន​វិញ្ញាបនបត្រ​ក្នុង​អាណត្តិ​បី​ឆ្នាំ​ថ្មី​នេះ៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ