ព័ត៌មាន និងព្រឹត្តិការណ៍

វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការគ្រប់គ្រងបណ្ណាល័យ

Date : 2020-07-28
Facebook Twitter Google+ LinkedIn Addthis

វគ្គបណ្តុះបណ្តាល​គ្រូបង្គោលស្តីពី​ "ការគ្រប់គ្រងបណ្ណាល័យ"​ នាថ្ងៃទី២៧-២៨ ខែកក្កដាឆ្នាំ២០២០ ត្រូវបានរៀបចំឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង ប្រកបដោយភាពជោគជ័យ ហើយមានអ្នកចូលរួមសរុបចំនួន ២០នាក់ គឺជាជាបុគ្គលិកគម្រោង ប្រធានបណ្ណាល័យមធ្យមនៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា និងមន្ត្រីការិយាល័យអប់រំមធ្យមរបស់ក្រសួងអប់រំ យុវជន និងកីឡា បណ្ណារក្ខ និងនាយករងមកពីខេត្តកោះកុង និងខេត្តព្រះសីហនុ។

 

តើ “បណ្ណាល័យ”? មានលក្ខណៈប៉ុន្មានប្រភេទ?

 

យោងទៅលើការបង្ហាញរបស់នាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា បណ្ណាល័យមានលក្ខណៈ ៤ប្រភេទ គឺ៖ ១) បណ្ណាល័យសាលារៀនដែលស្ថិតនៅក្នុងសាលារៀន បម្រើដល់ការបង្រៀន និងរៀនរបស់គ្រូ និងសិស្ស។ ២) បណ្ណាល័យឧត្តមសិក្សាដែលស្ថិតនៅតាមវិទ្យាស្ថានឧត្តមសិក្សា បម្រើនូវសេចក្តីត្រូវការនៃការបង្រៀន និងការស្រាវជ្រាវរបស់សាស្រ្តាចារ្យ និងនិស្សិត។ ៣) បណ្ណាល័យសាធារណៈគឺជាបណ្ណាល័យដែលមានធនធាន និងផ្តល់សេវាកម្មដល់អ្នកប្រើប្រាស់គ្រប់អាយុ និងគ្រប់ស្រទាប់វណ្ណៈ។ និង ៤) បណ្ណាល័យឯកទេស ជាទូទៅបម្រើបេសកម្មនៃស្ថាប័នរបស់បណ្ណាល័យនោះ បណ្ណាល័យឯកទេសរួមមានបណ្ណាល័យតាមបណ្ដាក្រសួងនានា បណ្ណាល័យរដ្ឋសភា បណ្ណាល័យព្រឹទ្ធសភា។

 

បណ្ណាល័យត្រូវបានអភិវឌ្ឍន៍ជាបណ្ណាល័យបែបបុរាណ បណ្ណាល័យបែបស្វ័យប្រវត្តិ និងបណ្ណាល័យអេឡិចត្រូនិច។ ការបង្កើតបណ្ណាល័យមានការទាក់ទងនឹងស្ថានភាព និងទីតាំង ការគាំទ្រការងារបណ្ណាល័យ ការស្វែងរកធនធានសម្រាប់បណ្ណាល័យ ការជ្រើសរើសបណ្ណារក្ខ ការរៀបចំ និងតុបតែងបណ្ណាល័យ ធនធានសម្ភារ និងឯកសារ។ បណ្ណាល័យជាអគារ ជាបន្ទប់ និងស្ថិតក្នុងទីចាត់ការ បណ្ណាល័យក្នុងថ្នាក់រៀន បណ្ណាល័យចល័ត។

 

ការងារបណ្ណាល័យត្រូវមានការគាំទ្រពីស្ថាប័នអប់រំ ដៃគូរពាក់ព័ន្ធ អាជ្ញាធរដែនដី សហគមន៍ សប្បុរសជន គ្រូបង្រៀន សិស្ស ហើយត្រូវស្វែងរកធនធានតាមរយៈការជាវ ការស្នើសុំ និងការដោះដូរ។ បណ្ណារក្ខគឺត្រូវជ្រើសរើសគ្រូដែលមានគ្របខ័ណ្ឌ មានទីលំនៅក្នុងមូលដ្ឋាន មានសុខភាពល្អ អាយុក្រោម ៥៥ឆ្នាំ មានទំនាក់ទំនងល្អ ឧស្សាព្យាយាម អត់ធ្មត់ រួសរាយ រាក់ទាក់ មានគំនិតច្នៃប្រឌិត ប៉ិនប្រសប់ក្នុងការងារ ស្រលាញ់ចូលចិត្តការងារបណ្ណាល័យ។

 

ច្បាប់៥យ៉ាងនៃវិទ្យាសាស្ត្របណ្ណាល័យ រួមមាន៖ (១) សៀវភៅសម្រាប់អ្នកប្រើប្រាស់​ (២) សៀវភៅជារបស់អ្នកអានគ្រប់គ្នា (៣) សៀវភៅត្រូវបំពេញតាមតម្រូវការអ្នកអាន (៤) សន្សំពេលវេលាអ្នកអាន និងទី (៥) ពង្រីកសមត្ថភាពបណ្ណាល័យ។ នៅក្នុងបណ្ណាល័យ សៀវភៅអានមានពីរប្រភេទ គឺសៀវភៅអក្សរសិល្ប៍ (សៀវភៅរឿង ឬសៀវភៅប្រឌិតកថា) និងសៀវភៅឯកសារ (សៀវភៅព័ត៌មាន ឬសៀវភៅពិតកថា)។ សៀវភៅមានផ្នែកទំព័រស ឫទំព័រដើម/ចុង ទំព័រចំណងជើង ទំព័រកម្មសិទ្ធិបញ្ញា ទំព័រមាតិកា ទំព័រអារម្ភកថា ឫទំព័រសេចក្តីផ្តើម ទំព័រសន្ទានុក្រម ទំព័រឧទ្ទិស។

 

ទំព័រសំខាន់ៗសម្រាប់បណ្ណារក្ខដាក់កូដសៀវភៅ រួមមាន៖ ទំព័រចំណងជើង ទំព័រកម្មសិទ្ធិបញ្ញា ទំព័រមាតិកា​ ទំព័រអារម្ភកថា/ទំព័រសេចក្តីផ្តើម និងនៅក្របក្រោយ ការចុះបញ្ជី ការដាក់កូដ (កូដដឺវេ)។

 

មធ្យោបាយទាក់ទាញសិស្សឱ្យចូលអានក្នុងបណ្ណាល័យ រួមមាន៖ ការរៀបចំសោភ័ណ្ឌ និងមានឯកសារសំបូរបែប ការជំរុញពីគ្រូ និងថ្នាក់ដឹកនាំសាលា ការបង្កើតកម្មវិធីប្រឡងប្រណាំង និងការបង្កើតភាពស្និទ្ធស្នាលជាមួយអ្នកអាន។

 

ការគ្រប់គ្រងបណ្ណាល័យត្រូវកំណត់អំពីតួនាទី និងភារកិច្ចរបស់បណ្ណារក្ខ ដើម្បីបង្កើនមូលនិធិឯកសារ ធ្វើការផ្សព្វផ្សាយ ធ្វើទំនាក់ទំនង/កិច្ចសហការខាងក្រៅខាងក្នុង និងអនុវត្តការងារបណ្ណាល័យ។

 

វគ្គនេះផ្តោតសំខាន់ទៅលើវិធីសាស្រ្តគ្រប់គ្រងបណ្ណាល័យឱ្យមានប្រសិទ្ធភាព ការកត់ត្រាសៀវភៅដោយប្រើប្រាស់លេខកូដ និងវិធីសាស្រ្តប្រមូលសិស្សចូលអាននៅបណ្ណាល័យ។ វគ្គនេះពិតជាបានផ្តល់នូវមេរៀនល្អៗសម្រាប់សម្រាប់បណ្ណារក្ខ និងនាយក/រងសាលាយកទៅប្រើប្រាស់ និងបង្កភាពងាយស្រួលដល់សិស្សចូលអានសៀវភៅនៅក្នុងបណ្តាល័យ។

 

វគ្គសិក្ខាសាលាលើកទី២ក្នុងឆ្នាំ២០២០នេះត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា អង្គការមូលនិធិអាស៊ី និងអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប)៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ