ព័ត៌មាន និងព្រឹត្តិការណ៍

សិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ

Date : 2018-03-22
Facebook Twitter Google+ LinkedIn Addthis

នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ គម្រោងងាយស្រួលរៀនង (E2L) បានរៀបចំសិក្ខាឆ្លុះបញ្ចាំងស្តីពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ ដែលបានធ្វើឡើងនៅសាលប្រជុំ ផ្ទះសំណាក់កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន១១៦ ដែលអញ្ជើញមកពីការិយាល័យបឋមសិក្សានៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង អង្គការឆាលហ្វានកម្ពុជា គម្រោងងាយស្រួលរៀនអង្គការ ខេប លោកនាយក/លោកស្រីនាយិកា សាលាគោលដៅទាំង២៨ របស់គម្រោងងាយស្រួលរៀន ជាពិសេសគណៈកម្មការអាហារូបករណ៍សាលាគោលដៅទាំង២៨ របស់គម្រោង។

 

សិក្ខាសាលានេះមានគោលបំណងត្រូតពិនិត្យឡើងវិញអំពីចំនួនសិស្ស និងឈ្មោះសិស្សដែលបានទទួលអាហារូបករណ៍ ដោយធ្វើការផ្ទៀងផ្ទាត់ជាមួយទិន្នន័យដើមឆ្នាំសិក្សា ពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការត្រូតពិនិត្យ និងតាមដានទៅលើសិស្ស ដែលទទួលអាហារូបករណ៍នៅតាមសាលាគោលដៅនីមួយៗរបស់គម្រោង ពិភាក្សារៀបចំផែនការចុះតាមដានសិស្សទទួលបានអាហារូបករណ៍ ដែលជួបបញ្ហាប្រឈមផ្សេងៗ ដូចជា៖ ឈប់ច្រើន ក្រីក្រខ្លាំង ពិការ…។ល។ និងកំណត់ពីយុទ្ធសាស្ត្រ ដែលគណៈកម្មការអាហារូបករណ៍ប្រើប្រាស់ក្នុងការចុះតាមដានសិស្សទទួលអាហារូបករណ៍។

 

លោក ម៉ៅ សារិទ្ធ តំណាងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានមានប្រសាសន៍ថា “កម្មវិធីអាហារូបករណ៍របស់គម្រោងងាយស្រួលរៀនគឺជាកម្មវិធីដ៏សំខាន់មួយដែលឆ្លើយតបទៅនឹងកម្មវិធីសាលាកុមារមេត្រី។ វាបានជួយដល់កុមារក្រីក្រដែលពុំមានលទ្ធភាពរៀនសូត្រឱ្យទទួលបានការអប់រំដូចកុមារដទៃដែរ។ លើសពីនេះទៅទៀត  វាបានរួមចំណែកក្នុងការពង្រឹងគុណភាពអបរំឱ្យកាន់តែប្រសើរឡើងថែមទៀតផង។ ក្នុងនាមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការដៃគូទាំងអស់ ដូចជា៖ អង្គការ ខេប និងអង្គការឆាលហ្វានកម្ពុជា ដែលបានគាំទ្រដល់វិស័យអប់រំនៅក្នុងខេត្តស្វាយរៀង ហើយក៏សូមផ្តាំទៅគណៈគ្រប់គ្រងសាលាគោលដៅទាំងអស់ធ្វើយ៉ាងណាបន្តការសហការល្អជាមួយអង្គការដៃគូដើម្បីភាពរីកចម្រើនរបស់សាលារៀនទៅពេលអនាគត។”

 

ការចូលរួមពង្រឹងការអប់រំជាមួយអង្គការដៃគូ លោក ម៉ែន សាម៉ាក់ អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ខេត្តស្វាយរៀង បានលើកឡើងថា “ ក្នុងនាមអាជ្ញាធរអប់រំស្រុក សូមសម្តែងនូវក្តីអំណរសាទរចំពោះគម្រោង ដែលបានបង្កើតកម្មវិធីផ្តល់អាហារូបករណ៍នេះឡើង ដែលជាតម្រូវការជាចាំបាច់របស់កុមារដែលមានជីវភាពក្រីក្រលំបាក។ វាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបន្តនិរន្តរភាពនៃការសិក្សារបស់ក្រុមការងារទាំងនោះ។ ដូចនេះ ក្នុងនាមការិយាល័យអប់រំស្រុក ខ្ញុំសូមសម្តែងនូវការសហការល្អជាមួយអង្គការដៃគូ ដែលបានខិតខំប្រឹងប្រែងនៅក្នុងសកម្មភាពមួយនេះ ហើយសូមឱ្យសាលាគោលដៅទាំងអស់ខិតខំប្រឹងប្រែងបន្តទៀតក្នុងកិច្ចការនេះ”។

 

កិច្ចសហការជាមួយភាគីពាក់ព័ន្ធដើម្បីជួយដល់កុមារកម្ពុជា លោក រស់ វ៉ា បុគ្គលិកអង្គការឆាលហ្វានកម្ពុជា បានមានប្រសាសន៍ថា “ ក្នុងមានម្ចាស់ជំនួយ យើងពិតជាមានមោទនភាពជាមួយអង្គការដៃគូគឺអង្គការ ខេប ដែលជាអង្គការក្នុងស្រុកមួយ ដែលមានជំនាញក្នុងការប្រតិបត្តិលើសកម្មភាពវិស័យអប់រំប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៅទៀត វាជារឿងដែលសំខាន់មិនអាចខ្វះបាននោះគឺការសហការពីគ្រប់អ្នកពាក់ព័ន្ធ ដែលជាការបង្ហាញឱ្យឃើញពីប្រសិទ្ធភាពបណ្តាញការងារផងដែរ។”

 

ការដំណើរការគម្រោងមួយឱ្យមានប្រសិទ្ធភាព វាមានសារៈសំខាន់ណាស់ដែត្រូវមានដៃគូសហការ។ លោក ម៉ែន ធី មន្ត្រីកម្មវិធីរបស់គម្រោងងាយស្រួលរៀនអង្គការ​ ខេប បានមានប្រសាសន៍ថា ” ជួសមុខឱ្យគម្រោងងាយស្រួលរៀន ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការសហការល្អនាពេលកន្លងមករវាងគម្រោងនឹងអាជ្ញាធរអប់រំគ្រប់លំដាប់ថ្នាក់ ជាពិសេសគឺសាលាគោលដៅរបស់គម្រោងទាំងអស់។ វាជារឿងដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពជូនដល់សង្គមកម្ពុជារបស់យើង។ ខ្ញុំជឿជាក់ថា សិក្ខាសាលាថ្ងៃនេះជាកម្មវិធីមួយដែលផ្តល់ឱកាសល្អមួយក្នុងការពិភាក្សាទៅលើបញ្ហាប្រឈមមួយចំនួនដែលបានកើតមានឡើងទាក់ទងទៅនឹងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រ ដើម្បីទទួលបាននូវដំណោះស្រាយសមស្របមួយ។ លទ្ធផលនៃសិក្ខាសាលាថ្ងៃនេះ នឹងក្លាយទៅជាផែនការសម្រាប់ខែបន្ទាប់ ក៏ដូចជាសម្រាប់ឆ្នាំសិក្សាក្រោយផងដែរ”។

 

លោក សេក ម៉ុក គណៈកម្មការអាហារូបករណ៍សាលាបឋមសិក្សា ចារ បានលើកឡើងថា “ក្នុងនាមជាសហគមន៍ ខ្ញុំពិតជាមានសេចក្តីរីករាយក្នុងការចូលរួមក្នុងការជួយដល់សាលារៀន និងកុមារក្នុងមូលដ្ឋាន ជាពិសេស ការជួយដល់កុមារក្រីក្រដែលខ្វះលទ្ធភាពចូលរៀន។ ខ្ញុំគិតថា ប្រសិនជាអាចសូមឱ្យគម្រោងធ្វើការបង្កើននូវចំនួនសិស្សទទួលអាហារូបករណ៍ឱ្យបានច្រើនជាងនេះសម្រាប់ឆ្នាំសិក្សាក្រោយ ព្រោះនៅក្នុងសហគមន៍ខ្ញុំមានកុមារក្រីក្រច្រើន ដែលលើសពីចំនួនដែលត្រូវទទួលអាហារូបករណ៍”។

 

ចំណែកលោក កែវ ពិទូរ្យ គណៈកម្មការអាហារូបករណ៍សាលាបឋមសិក្សា ស្វាយទន្ទឹម ក៏បានស្នើរឡើងផងដែរថា “សូមឱ្យគម្រោង E2L បង្កើនសិស្សត្រូវទទួលអាហារូបករណ៍ឱ្យច្រើនជាងនេះ ព្រោះមិនទាន់សមស្របទៅនឹងសិស្សដែលក្រីក្រនៅក្នុងមូលដ្ឋាននៅឡើយទេ”។

 

មុនពេលទទួលអាហារូបករណ៍ សិស្សមានបញ្ហាប្រឈមជាច្រើន ដូចជា៖ ការឈប់ច្រើន បោះបង់ការសិក្សា ធ្វើចំណាកស្រុក។ ជារួមបន្ទាប់ពីសិក្ខាសាលាឆ្លុះបញ្ចាំងនេះបិទបញ្ចប់ គេបានបង្កើតនូវការធ្វើអន្តរាគមន៍មួយដល់សិស្សទទួលអាហារូបករណ៍ ដែលមានបញ្ហាប្រឈម និងធ្វើអន្តរាគមន៍ទៅលើសិស្សទាំងនោះឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ