ព័ត៌មាន និងព្រឹត្តិការណ៍

ការពង្រឹងសមត្ថភាពបណ្ណារក្សលើការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យ PMB៖ ជំរុញបណ្ណាល័យឌីជីថលក្នុងយុគសម័យថ្មី

Date : 2025-12-11
Facebook Twitter Google+ LinkedIn

រាជធានីភ្នំពេញ៖ គម្រោងលើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL) បានរៀបចំវគ្គបណ្តុះបណ្តាលដ៏សំខាន់មួយស្តីពី ការគ្រប់គ្រងបណ្ណាល័យតាមប្រព័ន្ធ (PMB) ជូនដល់បណ្ណារក្ស និងគណៈគ្រប់គ្រងសាលារៀនសរុបចំនួន ៤៣រូប ដែលអញ្ជើញមកពីសាលារៀនគោលដៅចំនួន ១២ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល។

 

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំវិទ្យាល័យព្រែកលៀប ដោយផ្តោតគោលបំណងសំខាន់លើការពង្រឹងសមត្ថភាពបណ្ណារក្សក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រងសកម្មភាពបណ្ណាល័យឱ្យកាន់តែមានប្រសិទ្ធភាព សុក្រឹតភាព និងទំនើបកម្ម។

 

គួរបញ្ជាក់ថា PMB គឺជាកម្មវិធីគ្រប់គ្រងបណ្ណាល័យបែបស្វ័យប្រវត្តិ ដែលដើរតួនាទីជាឃ្លាំងផ្ទុក និងរក្សាទុកទិន្នន័យប្រកបដោយសុវត្ថិភាពខ្ពស់។ ប្រព័ន្ធនេះជួយសម្រួលដល់បណ្ណារក្សក្នុងការគ្រប់គ្រងឯកសារ កត់ត្រា និងតាមដានការខ្ចី-សងសៀវភៅ ព្រមទាំងអាចទាញយករបាយការណ៍មកវិភាគសកម្មភាពអានរបស់សិស្សបានយ៉ាងឆាប់រហ័ស ដើម្បីរៀបចំផែនការអានឱ្យមានភាពច្បាស់លាស់សម្រាប់ពេលអនាគត។

 

លោកស្រី ហុក សាត នាយិកាសាលាបឋមសិក្សាព្រែកស្តី បានបង្ហាញក្ដីរីករាយចំពោះវគ្គបណ្តុះបណ្តាលនេះ ដោយលើកឡើងថា «ប្រព័ន្ធគ្រប់គ្រងបណ្ណាល័យនេះ ពិតជាមានសារសំខាន់ណាស់ក្នុងការជួយសម្រួលការងារបណ្ណារក្ស ទាំងការទាញទិន្នន័យ របាយការណ៍ និងការកត់ត្រា។ ក្នុងនាមសាលារៀនជាកន្លែងបណ្តុះកុមារឱ្យក្លាយជាធនធានមនុស្សពេញលេញ ការធ្វើទំនើបកម្មបណ្ណាល័យឱ្យដើរទាន់សម័យឌីជីថល គឺជាកត្តាចាំបាច់បំផុត»

 

ចំណែកឯកញ្ញា អយ មិថុនា បណ្ណារក្សនៃសាលាបឋមសិក្សារកាកោង បានកត់សម្គាល់ថា «គម្រោង IDEAL បានផ្តល់ឱកាសឱ្យបណ្ណារក្សអភិវឌ្ឍសមត្ថភាព និងប្រែក្លាយបណ្ណាល័យឱ្យមានភាពជឿនលឿន។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានេះ ជួយឱ្យយើងងាយស្រួលតាមដានសកម្មភាពអានរបស់សិស្ស និងចំណេញពេលវេលាបានយ៉ាងច្រើនក្នុងការស្វែងរកឯកសារ»

 

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមបានទទួលទាំងចំណេះដឹងទ្រឹស្តី និងបានអនុវត្តផ្ទាល់ជាមួយប្រព័ន្ធ PMB ដែលធ្វើឱ្យពួកគេមានទំនុកចិត្តខ្ពស់ក្នុងការបំពេញការងារ។ នេះគឺជាជំហាននៃការផ្លាស់ប្តូរទម្លាប់ការងារបែបប្រពៃណី ទៅជាបរិយាកាសការងារឌីជីថល ដែលជួយបង្កើតបរិយាកាសសិក្សាដែលមានអន្តរកម្មល្អប្រសើរ និងជំរុញវប្បធម៌នៃការរៀនសូត្រពេញមួយជីវិត។

 

សូមជម្រាបជូនថា កម្មវិធីនេះទទួលបានហិរញ្ញប្បទានពីអង្គការ ChorogUsan for Children ដែលបានផ្តល់កម្មវិធីប្រព័ន្ធ PMB ដល់សាលារៀនគោលដៅទាំងអស់។ នេះមិនត្រឹមតែជាការពង្រឹងសមត្ថភាពបណ្ណារក្សប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ការអប់រំបែបឌីជីថល ប្រកបដោយភាពច្នៃប្រឌិត និងបរិយាបន្ន៕

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ