ព័ត៌មាន និងព្រឹត្តិការណ៍
Training Course on Primary School Library Management
Date : 2024-12-13




គម្រោងការលើកកម្ពស់លទ្ធភាពជំនាញការងារ និងការធ្វើចំណាកស្រុកប្រកបដោយប្រសិទ្ធភាពដល់យុវជនកម្ពុជា (BMZ/REACH) បានបើកវគ្គបណ្តុះបណ្តាលមួយដ៏មានសារៈសំខាន់ និងពោរពេញទៅដោយប្រយោជន៍ជាច្រើន ស្តីពី "ការគ្រប់គ្រងបណ្ណាល័យបឋមសិក្សា" ដែលបានប្រព្រឹត្តិទៅនៅសាលប្រជុំប្រណិតនៃអាគារធនធានវិទ្យាល័យព្រះសុរាម្រឹត ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងផ្តល់នូវចំណេះដឹងជាមូលដ្ឋាន និងជំនាញជាក់ស្តែងដល់បណ្ណារក្ស គ្រូបង្រៀន និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ដើម្បីឱ្យបណ្ណាល័យនៅសាលាបឋមសិក្សាអាចដំណើរការប្រកបដោយប្រសិទ្ធភាព និងក្លាយជាបេះដូងនៃការអប់រំដែលជួយលើកកម្ពស់ចំណេះដឹង និងគុណភាពជីវិតរបស់សិស្សានុសិស្ស។
វគ្គបណ្តុះបណ្តាលនេះបានផ្តល់ជូននូវមាតិកាដ៏សម្បូរបែប ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពគ្រប់គ្រងបណ្ណាល័យ និងការលើកកម្ពស់តួនាទីរបស់បណ្ណាល័យក្នុងបរិបទអប់រំ។ ចំណុចសំខាន់ៗដែលសិក្ខាកាមបានរៀនសូត្រ រួមមាន៖
• ការគ្រប់គ្រង និងដឹកនាំបណ្ណាល័យ៖ សិក្ខាកាមត្រូវបានណែនាំអំពីបច្ចេកទេសទំនើបក្នុងការគ្រប់គ្រងបណ្ណាល័យ ចាប់ពីការរៀបចំសៀវភៅ ការបង្កើតប្រព័ន្ធខ្ចី-សង និងការរៀបចំសកម្មភាពអានដែលទាក់ទាញចំណាប់អារម្មណ៍សិស្ស។
• ការអនុវត្តជាក់ស្តែង៖ សិក្ខាកាមបានចូលរួមក្នុងសកម្មភាពអនុវត្តផ្ទាល់ ដូចជា ការរៀបចំបញ្ជីសៀវភៅ ការគ្រប់គ្រងឯកសារបណ្ណាល័យ និងការរៀបចំកម្មវិធីអានសម្រាប់សិស្ស ដើម្បីឱ្យពួកគេអាចនាំយកបទពិសោធន៍ទៅអនុវត្តនៅសាលារៀនរៀងៗខ្លួន។
• ការលើកទឹកចិត្តអនុវត្តនៅសាលាគោលដៅ៖ វគ្គនេះបានជំរុញឱ្យសិក្ខាកាមប្តេជ្ញាចិត្តនាំយកចំណេះដឹងទៅអនុវត្ត ដើម្បីធ្វើឱ្យបណ្ណាល័យនៅសាលាគោលដៅរបស់ពួកគេក្លាយជាកន្លែងអប់រំដ៏រស់រវើក និងមានផលជះជាវិជ្ជមានដល់សិស្ស។
• តួនាទី និងសារៈសំខាន់នៃបណ្ណាល័យ៖ សិក្ខាកាមបានស្វែងយល់អំពីមុខងារសំខាន់ៗរបស់បណ្ណាល័យក្នុងការជំរុញទម្លាប់អាន និងការអភិវឌ្ឍបញ្ញារបស់សិស្ស ព្រមទាំងភារកិច្ចរបស់បណ្ណារក្សក្នុងការបំផុសគំនិត និងចំណង់ចំណូលចិត្តក្នុងការសិក្សា។
• សកម្មភាពអំណានទាំង៤៖ វគ្គនេះបានណែនាំអំពីសកម្មភាពអំណានទាំង៤ ដែលជាគន្លឹះសំខាន់ក្នុងការបង្កើតបរិយាកាសអានដ៏រីករាយ ដោយសិក្ខាកាមបានអនុវត្តសម្តែងតួនាទី ដើម្បីបង្កើនភាពជឿជាក់ និងជំនាញក្នុងការដឹកនាំសកម្មភាពទាំងនេះ។
• ការរៀបចំផែនការសកម្មភាព៖ សិក្ខាកាមបានរៀនរៀបចំផែនការសកម្មភាពជាក់លាក់ ដែលមានគោលដៅច្បាស់លាស់ ដើម្បីធានាថាបណ្ណាល័យអាចដំណើរការបានយ៉ាងល្អ និងបម្រើជាប្រយោជន៍ដល់សហគមន៍សិក្សាទាំងមូល។
អ្នកគ្រូ ឈឹម ផល័ក្ខ ដែលជាបណ្ណារក្សនៅសាលាបឋមសិក្សាសុភ័ណ្ឌគិរី និងជាផ្នែកមួយនៃគម្រោង BMZ/REACH បានចែករំលែកទស្សនៈដ៏ជ្រាលជ្រៅថា៖ “បណ្ណាល័យមិនមែនគ្រាន់តែជាកន្លែងផ្ទុកសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាបេះដូងនៃការអប់រំ ដែលផ្តល់នូវបរិយាកាសសមស្របសម្រាប់ការអាន និងការសិក្សាស្រាវជ្រាវ។ ការបណ្តុះទម្លាប់អាន និងជំនាញអានគឺជាគន្លឹះដ៏សំខាន់ក្នុងការកសាងសមត្ថភាពបញ្ញារបស់សិស្សគ្រប់រូប។ តាមរយៈការគ្រប់គ្រងបណ្ណាល័យប្រកបដោយប្រសិទ្ធភាព យើងអាចជួយឱ្យសិស្សានុសិស្សពង្រីកចំណេះដឹង បង្កើតទម្លាប់ស្រឡាញ់ការអាន និងទទួលបានឱកាសអភិវឌ្ឍខ្លួនឯងសម្រាប់អនាគតដ៏ភ្លឺស្វាង។ ការងារនេះទាមទារការលើកទឹកចិត្តជាបន្តបន្ទាប់ និងការប្តេជ្ញាចិត្តពីគ្រប់ភាគីពាក់ព័ន្ធ”។
គម្រោង BMZ/REACH មានទិសដៅធំធេងក្នុងការលើកកម្ពស់គុណភាពអប់រំកម្រិតបឋមសិក្សា និងការផ្តល់ឱកាសសម្រាប់កុមារ និងយុវជនដែលងាយរងគ្រោះឱ្យទទួលបានការអប់រំប្រកបដោយគុណភាព។ គម្រោងនេះធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមាន៖ សហគមន៍មូលដ្ឋាន អាជ្ញាធរដែនដី មន្ទីរ-ការិយាល័យអប់រំ យុវជន និងកីឡាខេត្តគោលដៅ និងអង្គការដៃគូដែលធ្វើការលើវិស័យអប់រំ។ តាមរយៈកិច្ចសហការនេះ គម្រោងមានបំណងបង្កើនលទ្ធភាពទទួលបានការអប់រំ និងជំនាញវិជ្ជាជីវៈ ដែលជួយឱ្យយុវជនអាចឈានទៅរកការងារសមរម្យ និងជីវភាពរស់នៅប្រសើរឡើងនៅថ្ងៃអនាគត។
វគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសិក្ខាកាមចំនួន ៣០ នាក់ មកពីសាលារៀនគោលដៅចំនួន ១២ នៅខេត្តកំពង់ឆ្នាំង និងខេត្តពោធ៍សាត់។ គម្រោងនេះទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការវីវើល (WeWorld) អង្គការឆាលហ្វាន់អាល្លឺម៉ង់ និងក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ)។ តាមរយៈការខិតខំប្រឹងប្រែងរួមគ្នា គម្រោងនេះមានសង្ឃឹមថានឹងនាំមកនូវផលប៉ះពាល់ជាវិជ្ជមានដល់វិស័យអប់រំនៅកម្ពុជា និងជួយឱ្យកុមារជំនាន់ក្រោយទទួលបានអនាគតដ៏ភ្លឺស្វាង ពោរពេញដោយឱកាស និងសមត្ថភាព។
Link to other Website
អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ
អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
- អង្គការភាពជាដៃគូអប់រំនៃអង្គការក្រៅរដ្ឋាភិបាល (NEP)
- គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (CCC)
- អង្គការពុទ្ធិកុមារ (PKO)
ប្រព័ន្ធផ្សព្វផ្សាយ
- វិទ្យុ និងទូរទស្សន៍អាស៊ីសេរី (RFA)
- សារព័ត៌មានភ្នំពេញប៉ុស្តិ៍
- Khmer Daily News
- ទូរទស្សន៍បាយ័ន (BTV)
- ទូរទស្សន៍ជាតិកម្ពុជា (TVK)
ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា
- ក្រសួងអប់រំ យុវជន និងកីឡា
- ក្រសួងសុខាភិបាល (MoH)
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MoEF)
- ក្រសួងមហាផ្ទៃ (MoI)
គេហទំព័រដទៃៗទៀត
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ