ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃគម្រោង “លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL)” នៅសាលារៀនគោលដៅចំនួន១២

Date : 2024-06-17
Facebook Twitter Google+ LinkedIn

អង្គការ ខេប បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនៃគម្រោង “លើកកម្ពស់ការអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស (IDEAL)” នៅសាលារៀនគោលដៅចំនួន១២សាលានៅក្នុងរាជធានីភ្នំពេញ (៦សាលា) និងខេត្តកណ្តាល (៦សាលា) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅសាលប្រជុំសាលារៀនជំនាន់ថ្មី វិទ្យាល័យ ព្រែកលៀប ដោយមានសមាសភាពជាតំណាងមកពីសាលារៀនគោលដៅទាំង១២ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ/ការិយាល័យអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ តំណាងអង្គការឆាលហ្វានកូរ៉េខាងត្បូង លោកនាយកប្រតិបត្តិ និងបុគ្គលិកអង្គការ ខេប និងសិស្សវិទ្យាល័យ ព្រែកលៀប។

 

គម្រោង​ IDEAL មានគោលដៅលើកស្ទួយការអប់រំបែបឌីជីថលក្នុងកម្រិតមធ្យមសិក្សា បឋមភូមិ និងទុតិយភូមិនៅប្រទេសកម្ពុជា ដោយផ្តល់ឱ្យសិស្សនូវបំណិនឥរិយាបទ និងចំណេះដឹងចាំបាច់ដែលអនុញ្ញាតឱ្យពួកគេអភិវឌ្ឍខ្លួនដោយសុវត្ថិភាព និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងបរិបទឌីជីថលនេះ។

 

គម្រោង IDEAL មានរយៈពេល៣ឆ្នាំ គឺចាប់ពីខែមករា ឆ្នាំ២០២៤ ដល់ខែធ្នូ ឆ្នាំ២០២៦ ក្នុងខេត្តគោលដៅចំនួន២ គឺខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលមានសាលាគោលដៅសរុបចំនួន១២សាលា (បឋមសិក្សាមាន៥សាលា អនុវិទ្យាល័យមាន៥សាលា និងវិទ្យាល័យមាន២សាលា)។ គម្រោង IDEAL នឹងផ្តល់ផលជះជាវិជ្ជាមានដល់អ្នកទទួលផលចុងក្រោយសរុបចំនួន ២៤.៤១០នាក់ ដែលរួមមានសិស្សានុសិស្សប្រមាណជា ៨.០០០នាក់ មាតាបិតា ឬអាណាព្យាបាលសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍គោលដៅប្រមាណជា ១៦.០០០នាក់ និងលោកគ្រូអ្នកគ្រូ និងអាជ្ញធរមូលដ្ឋានប្រមាណ ៤១០នាក់។

 

ឯកឧត្តម អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា “ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណ និងសូមស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការនាំយកមកនូវគម្រោងអប់រំឌីជីថលសម្រាប់សិស្សានុសិស្ស ដែលគ្របដណ្តប់តាំងពីបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ និងគាំទ្រដោយថវិការបស់អង្គការឆាលហ្វានកូរ៉េ។ ការអប់រំឌីជីថលនេះគឺជាតម្រូវការ និងជាអទិភាពនៅក្នុងពេលបច្ចុប្បន្នរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ជាអាទិភាពរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាផងដែរ។ ការអប់រំឌីជីថលនេះក៏ជាតម្រូវការនៃការរៀន និងការបង្រៀនរបស់គ្រូបង្រៀន និងសិស្សានុសិស្សនៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ ការរៀន និងការបង្រៀនសព្វថ្ងៃនេះគឺមិនដូចការរៀន និងបង្រៀននៅពេលមុនទេ គឺការរៀនមានភាពទាក់ទាញ ការរៀនដែលមានភាពរស់រវើក ហើយការរៀនដែលអាចបើករូបភាពឱ្យគ្រូ សិស្ស និងថ្នាក់រៀនបានមើលឃើញពីប្រភពខាងក្រៅជាជាងឯកសារដែលមាននៅក្នុងសាលារៀន។ ខ្ញុំជឿថាការវិនិយោគថ្ងៃនេះពិតជានឹងទទួលផលនៅពេលដែលគម្រោងបានបញ្ចប់។ ខ្ញុំរំពឹងថា នាយកដ្ឋានជំនាញដែលនៅទីនេះ ជាពិសេសនាយកដ្ឋានមធ្យមសិក្សា នាយកដ្ឋានបដិវត្តកម្មឌីជីថល និងអង្គការ ខេប ដែលជាអង្គការដៃគូដ៏ជិតស្និតរបស់ក្រសួងអប់រំក្នុងការជំរុញការអប់រំនៅកម្ពុជា ជាយូរលុងក្នុងការទទួលស្គាល់សមត្ថភាពអនុវត្ត និងការដឹកនាំគម្រោង។ ខ្ញុំសង្ឃឹមថា លោកប្រធានទាំងពីរនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល លោកនាយក នាយិកាទាំង១២ លោកគ្រូអ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្ស។ គម្រោងមានអ្នកទទួលផលសរុបជាង២៤.០០០នាក់ បន្ទាប់ពីដាក់ឱ្យដំណើរការនៅថ្ងៃនេះ”។

 

សាលាគោលដៅទាំង១២នឹងទទួលបានកុំព្យូទ័រយួរដៃ (Laptop) បន្ទប់កុំព្យូទ័រ ថាប្លែត ឧបករណ៍បញ្ចាំងស្លាយ (LED Projectors) ទូរទស្សន៍ (Smart TVs) និងការជួសជុលបណ្ណាល័យសតវត្សរ៍ទី២១។ ក្នុងនាមជាអង្គការដៃគូប្រតិបត្តិគម្រោង អង្គការ ខេប នឹងរៀបចំវគ្គបណ្តុះបណ្តាលផ្នែក ICT និងអក្ខរកម្មឌីជីថលសម្រាប់គ្រូបង្រៀន និងអ្នកគ្រប់គ្រងសាលា ដោយប្រើប្រាស់កម្មវិធីសិក្សាអក្ខរកម្មឌីជីថលដែលមានស្រាប់ ដូចជា កញ្ចប់ឯកសារបណ្តុះបណ្តាលអក្ខរកម្មឌីជីថលខ្មែរ (KDLP) (ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុនមេតា/Meta) ឯកសារបណ្តុះបណ្តាលស្ដីពីប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងអក្ខរកម្មឌីជីថល​ (ត្រូវបានគាំទ្រដោយអង្គការយូណេស្កូ) និងឯកសារដ៏ទៃទៀតពីកម្មវិធីសាលារៀនជំនាន់ថ្មី។

 

លោក Jaekyun Rho នាយកប្រចាំប្រចាំប្រទេសនៃអង្គការឆាលហ្វានកូរ៉េ បានលើកឡើងថា “ការអនុវត្តគម្រោង IDEAL សម្រាប់លើកកម្ពស់ការអប់រំតាមរយៈ ICT ខ្ញុំរំពឹងថា នឹងជួយសិស្សានុសិស្សឱ្យមានចំណេះដឹង ជំនាញ និងឥរិយាបទ ដែលឱ្យពួកគេលូតលាស់ធំធាត់ដោយសុវត្ថិភាព និងដើម្បីបំពេញសមត្ថភាពផ្នែកឌីជីថលនៅក្នុងសតវត្សរ៍ទី២១។ លោក Jaekyun Rho បានសង្កត់ធ្ងន់ទៀតថា ការចូលរួម និងការលះបង់របស់ពួកគេគឺជាកត្តាដ៏សំខាន់បំផុតក្នុងការធ្វើឱ្យគម្រោងទទួលបានជោគជ័យ និងមានលទ្ធផលប្រកបដោយនិរន្តរភាព។ លោកបានបន្តទៀតថា “ការគាំទ្រយ៉ាងមុតមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងអប់រំ យុវជន​ និងកីឡា អង្គការឆាលហ្វានកូរ៉េ អង្គការ​ ខេប នាយក/នាយិកាសាលា លោកគ្រូអ្នកគ្រូ ឪពុកម្តាយ និងអាណាព្យាបាល ខ្ញុំមានជំនឿជាក់ថា គម្រោងនេះនឹងទទួលបានលទ្ធផលជោគជ័យ ហើយនឹងធ្វើសម្បទានដល់ការអភិវឌ្ឍយុទ្ធសាស្រ្តអប់រំឌីជីថល និងអនាគតរបស់ប្រទេសកម្ពុជា”។

 

លោកស្រី ហុក សាទ នាយិកាសាលាបឋមសិក្សាព្រៃស្ពឺ បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធនេះថា “គម្រោង IDEAL នេះគឺមានសារៈសំខាន់ខ្លាំង ​ព្រោះវាអាចជួយឱ្យសិស្សខ្ញុំស្គាល់នូវអ្វីដែលជាឌីជីថលថ្មី? ការប្រើប្រាស់កុំព្យូទ័រ ការប្រើប្រាស់នូវបណ្ណាល័យទំនើបដូចសាលារៀនជំនាន់ថ្មី ឬសាលារៀនធនធាន។ ម្យ៉ាងវិញទៀត វាអាចជួយដល់សិស្សក្រីក្រអាចចេះកុំព្យូទ័រផងដែរ ដោយសារសិស្សភាគច្រើននៅសាលារៀននាងខ្ញុំជាកូនអ្នកក្រ។ ខ្ញុំមិនចង់​ឱ្យសិស្សរបស់ខ្ញុំរៀនចាញ់សិស្សសាលារៀនឯកជននោះទេ ”។

 

អង្គការ ខេប នឹងផ្តល់ការគាំទ្រជាប្រចាំ និងធ្វើការងារយ៉ាងជិតស្និទជាមួយសាលារៀនក្នុងអំឡុងពេលប្រតិបត្តិគម្រោងដើម្បីធានាថា ការប្រតិបត្តិគម្រោង និងកិច្ចសហការបានប្រព្រឹត្តទៅដោយរលូន។

 

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ខ្ញុំពិតជារីករាយក្នុងការសហការជាមួយអង្គការ ខេប អង្គការ ឆាលហ្វានកូរ៉េ ដើម្បិប្រតិបត្តិគម្រោង IDEAL នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលឱ្យទទួលបានជោគជ័យ។ គម្រោងនេះនឹងជួយលើកកម្ពស់ការអប់រំចំណេះដឹង និងជំនាញឌីជីថលដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស”។

 

គម្រោង IDEAL នឹងត្រូវអនុវត្តនៅសាលារៀនគោលដៅទាំង១២ក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៦ ដែលគាំទ្រហិរញ្ញប្បទានវិនិយោគពីអង្គការឆាលហ្វានកូរ៉េសរុបចំនួន ១.០០០.០០០លានដុល្លារអាមេរិក៕

 

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

117

មត្តេយ្យសិក្សា

178

បឋមសិក្សា

207

មធ្យមសិក្សា

2

ឧត្តមសិក្សា

163,072

សិស្សានុសិស្ស

4,487

គ្រូបង្រៀន / នាយក

5,362

ភាគីពាក់ព័ន្ធ