ព័ត៌មាន និងព្រឹត្តិការណ៍

ទិវាជួបឪពុកម្ដាយ និងពិពណ៌ស្នាដៃសិស្សនៅវិទ្យាល័យព្រែកលៀប

Date : 2023-06-12
Facebook Twitter Google+ LinkedIn

កម្មវិធីសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប បានរៀបចំ កម្មវិធីទិវាជួបឪពុកម្ដាយ  ដើម្បីដាក់តាំងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៣ ក្រោយអធិបតីភាព ឯកឧត្ដម វង ភិរុណ អនុរដ្ឋលេខាធិការ ក្រសួងអ​ប់រំ យុវជន និងកីឡា និងជាទឹប្រឹក្សាកម្មវិធីសាលារៀនជំនាន់ថ្មី ព្រមទាំងមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលសាលារៀនជំនាន់ថ្មថ្នាក់ជាតិ អង្គការ ខេប  ដៃគូសហការ មាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត។

 

កម្មវិធីនេះ រៀបចំឡើងកាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៣  មានគោលបំណងដាក់តាំងបង្ហាញអំពីសមិទ្ធផលនៃការងារគម្រោង ការងារក្លឹប និងការស្រាវជ្រាវរបស់សិស្សសម្រាប់បង្ហាញជូនដល់មាតាបិតា អាណាព្យាបាលសិស្ស បានទស្សនា និងបានបង្កើតទំនាន់ទំនងរវាងសាលារៀនជាមួយសហគមន៍កាន់តែល្អប្រសើរឡើង។

 

លោក ឆុំ សុភក្តិ នាយកវិទ្យាល័យព្រែកលៀបបានមានប្រសាសន៍ថា "សម្រាប់កម្មវិធីពិពរណ៍ស្នាដៃសិស្សក្នុងឆ្នាំនេះ សាលារៀនមានគម្រោងសរុបចំនួន៣១១គម្រោង និងមានក្លឹបសិក្សាចំនួន១៦ ដែលបានដាក់តាំងបង្ហាញស្នាដៃជូនដល់អាណាព្យាបាលសិស្ស និងសាធារណៈជនពីឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសាលារៀនជំនាន់ថ្មី និងសមត្ថភាពរបស់សិស្សដែលពួកគាត់អាចផលិតសម្ភារៈទាំងអស់នេះបាន។ ជាច្រើនថ្នាំកន្លងមកនេះ សាលារៀនសម្រេចបានសមិទ្ធផលជាច្រើន ដូចជា លទ្ធផលសិក្សារបស់សិស្សល្អ អត្រាត្រួតថ្នាក់ត្រូវបានកាត់បន្ថយ មិនសូវមានសិស្សបោះបង់ការសិក្សា ថ្នាក់រៀនមានផាសុកភាព មានសម្ភារប្រើប្រាស់គ្រប់គ្រាន់ក្នុងបង្រៀន និងពិសោធន៍ មានបណ្ណាល័យទំនើប បន្ទប់កុំព្យូទ័រសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ សាលប្រជុំ កន្លែងដាក់កង់ម៉ូតឡាន និងមានវិធីសាស្ត្របង្រៀនថ្មីៗ ដោយមានការគាំទ្របច្ចេកទេសពីខាងអង្គការ ខេប ដែលបានធ្វើការយ៉ាងជិតស្និតជាមួយក្រសួងអប់រំ យុវជន និងកីឡាដើម្បីកែលម្អគុណភាពអប់រំឱ្យកាន់តែល្អប្រសើរតាមរយៈកម្មវិធីសាលារៀនជំនាន់ថ្មី។ ទន្លឹមនឹងនេះ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ឪពុកម្តាយ អាណាព្យាបាលសិស្ស និងសហគមន៍ទាំងអស់ដែលបានចូលរួមថវិកាវិភាគទានក្នុងរូបភាពផ្សេងៗដើម្បីគាំទ្រ និងធានានិរន្តរភាពកម្មវិធីសាលារៀនជំនាន់ថ្មី"។

 

លោក ហ៊ិន ស៊ីមហួន អនុប្រធានអង្គការខេប និងជាប្រធានសម្របសម្រួលកម្មវិធីសាលារៀនជំនានថ្មីបានមានប្រសាសន៍ "កម្មវិធីសាលារៀនជំនាន់ថ្មី ជាកម្មវិធីកំណែទម្រង់មួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតសាលារៀនសាធារណស្វយ័តមួយ ដែលមានសិទ្ធិច្នៃប្រឌិត និងកែលម្អគុណភាពអប់រំ។ ក្នុងកម្មវិធីនេះ យើងតែងតែនាំយកកម្មវិធីសិក្សាល្អៗ និងមានទស្សនកិច្ចសិក្សាទៅក្រៅប្រទេសជូនដល់លោកគ្រូអ្នកគ្រូ ដើម្បីផ្តល់ឱកាសឱ្យពួកគាត់បានរៀនសូត្រនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ជំរុញឱ្យមានការគិតបែបស៊ីជម្រៅ ចេះច្នៃប្រឌិតសកម្មភាពក្នុងថ្នាក់អំពីការបង្រៀន និងរៀនជាមួយវិធីសាស្ត្រល្អៗ ដើម្បីយកមកអនុវត្តន៍នៅក្នុងថ្នាក់រៀនរបស់គាត់ ដូច្នេះហើយ ធ្វើឱ្យកម្មវិធីសាលារៀនជំនាន់ថ្មីមានភាពលេចធ្លោនៅថ្នាក់ជាតិ "។

 

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាទីប្រឹក្សាសាលារៀនជំនាន់ថ្មី បានមានប្រសាសន៍ថា កម្មវិធីសាលារៀនជំនាន់ថ្មីមានលក្ខណៈទំនើបខុសពីសាលារៀនធម្មតា ដោយសារតែលោកគ្រូអ្នកគ្រូមានវិធីសាស្ត្របង្រៀនចម្រុះដែលធ្វើឱ្យសិស្សានុសិស្សចូលរួមយ៉ាងសកម្មនៅក្នុងថ្នាក់ ដោយផ្តល់កិច្ចការឱ្យសិស្សធ្វើការក្រុម ការងារគម្រោង និងដឹកនាំក្លឹបសិក្សា ហើយលោកគ្រូអ្នកគ្រូមានតួនាទីជាអ្នកណែនាំ និងតម្រង់ទិសជួយឱ្យពួកគាត់សម្រេចបាននូវការងារទាំងនោះ ដោយធ្វើឱ្យកម្មវិធីសាលារៀនជំនាន់ថ្មីមានលក្ខណៈខុសប្លែកពីគេ។ ឯកឧត្តមបានបន្តទៀតថា វិទ្យាល័យព្រែកលៀបមានការរីកចម្រើនយ៉ាងឆាប់រហ័ស ព្រមទាំងអាចធានានិរន្តរភាពរបស់ខ្លួន ដោយសារតែកើតចេញពីការខិតខំប្រឹងប្រែងរបស់គណៈនាយក លោកគ្រូអ្នកគ្រូ និងមានការជួយជ្រោមជ្រែងពីគណៈកម្មការគ្រប់គ្រងសាលារៀន ព្រមទាំងមាតាបិតាសិស្ស និងសហគមន៍តាមរយៈការចូលរួមចំណែកនូវថវិការភាគទានដល់សាលារៀន។

 

កម្មវិធីសាលារៀនជំនាន់ថ្មីដាក់ដំណើរការក្នុងវិទ្យាល័យព្រែកលៀបក្នុងឆ្នាំសិក្សា ២០១៧-២០១៨ ដោយចាប់ផ្តើមអនុវត្តន៍ត្រឹមតែថ្នាក់ទី៧ និងទី៨ និងបានពង្រឹកថ្នាក់រហូតដល់ថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២១-២០២២ដល់បច្ចុប្បន្ន។ កម្មវិធីសាលារៀនជំនាន់ថ្មីត្រូវបានប្រតិបត្តិដោយអង្គការ ខេប ចាប់តាំងពីឆ្នាំ២០១៤មក ក្រោយជំនួយហិរញ្ញប្បទានពីក្រសួងអប់រំ យុវជន និងកីឡា៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ