ព័ត៌មាន និងព្រឹត្តិការណ៍

ទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង

Date : 2024-03-28
Facebook Twitter Google+ LinkedIn

គម្រោងកុមារកម្ពុជារីករាយ (HCC) បានដឹកនាំសាលារៀនគោលដៅចំនួន១២ នៅខេត្តរតនគិរី ទស្សនកិច្ចសិក្សានៅសាលាបឋមសិក្សា ស្វាយជ្រំ ខេត្តស្វាយរៀង មានអ្នកចូលរួមសរុបចំនួន ៥៦ នាក់ (ស្រី ២២នាក់) រួមមាន៖ ប្រធានការិយាល័យអធិការកិច្ចនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី នាយក នាយករង បណ្ណារក្ស គ្រូបង្រៀនក្របខណ្ឌ គ្រូកិច្ចសន្យា គណៈកម្មការគ្រប់គ្រងសាលារៀន និងបុគ្គលិកគម្រោង នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤។

 

ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមបានសិក្សារៀនសូត្រ និងក្រេបយកចំណេះដឹងក៏ដូចជាបទពិសោធន៍ល្អៗពីសាលារៀនដទៃ មកអភិវឌ្ឍន៍សាលារៀនរបស់ខ្លួន។

 

តាមរយៈការធ្វើបទបង្ហាញរបស់នាយក និងលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាស្វាយជ្រំ បានបណ្តុះគំនិត និងលើកទឹកចិត្តអ្នកចូលរួមហ៊ានប្រថុយក្នុងការធ្វើអ្វីដែលថ្មីៗដើម្បីធ្វើឱ្យការដឹកនាំ ការបង្រៀន និងរៀនកាន់តែល្អប្រសើរឡើង។

 

អ្នកចូលរួមពិតជាសប្បាយរីករាយនឹងដំណើរទស្សនកិច្ចសិក្សានេះ ពីព្រោះទទួលបានការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ជាច្រើនរួមមាន៖ ការងារគ្រប់គ្រង និងដឹកនាំ, ការងារបង្រៀន និងរៀន, ការសិក្សាក្នុងបណ្ណាល័យ, ការតាមដានសិស្សអវត្តមាន, ការទទួលបដិសណ្ឋារកិច្ច, ដំណើរការក្រុមប្រឹក្សាកុមារ, វិន័យ, សណ្តាប់ធ្នាប់, អនាម័យ, បំណិនជីវិត, ការរៀបចំទីចាត់ការ បណ្ណាល័យ ថ្នាក់រៀន បរិស្ថានសាលា, ការគ្រប់គ្រងសម្រាម, ការលក់ដូរចំណីអាហារ និងការកៀរគរថវិកាមកអភិវឌ្ឍន៍សាលារៀន។

 

លោក ក្លាន ជាតិ ជាគ្រូបង្រៀនមកពីសាលាបឋមសិក្សាឡុំ មានប្រសាសន៍ថា "ខ្ញុំបានរៀនសូត្រពីដំណើរទស្សនកិច្ចនេះជាច្រើនដូចជា ការរៀបចំបរិស្ថានសាលារៀន ការតុបតែងថ្នាក់រៀន ការរៀបចំបណ្ណាល័យ ក្រុមប្រឹក្សាកុមារ ការរៀបចំសួនជីវចម្រុះ សិស្សមានវិន័យល្អចេះគោរពសំពះលោកគ្រូអ្នកគ្រូ  សិស្សមានអនាម័យស្អាត ការសាមគ្គីភាពគ្នារបស់លោកគ្រូអ្នកគ្រូនៅក្នុងអង្គភាព ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងរបស់នាយក ហើយខ្ញុំនឹងយកចំណេះដឹងដែលទទួលបាននេះទៅអនុវត្តន៍នៅសាលារបស់ខ្ញុំបន្តិចម្ដងៗដើម្បី ចូលរួមអភិវឌ្ឍសកម្មភាពសាលាបន្ថែមទៀត"។

 

លោក រចំ  ស៊ីអេន ជានាយករងសាលាបឋមសិក្សាប្លរបានមានប្រសាសន៍ថា “ខ្ញុំបានរៀនពីការគ្រប់គ្រងបុគ្គលិក ដែលមិនសូវបានចូលរួមក្នុងការអនុវត្តការងារសាលា ហើយខ្ញុំនឹងយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងនោះមកអនុត្តន៍ចំពោះបុគ្គលិកនៅក្នុងអង្គភាពរបស់ខ្ញុំ។ ក្នុងដំណើរទស្សនកិច្ចនេះ ខ្ញុំមានអារម្មណ៍រំភើប សប្បាយរីករាយជាខ្លាំង ដែលមានឱកាសស្វែងយល់ពីការបែងចែកភារកិច្ចបន្ថែមសម្រាប់បុគ្គលិកអប់រំ ក្នុងការជួយឱ្យសាលារៀនមានការប្រែប្រួលជាលំដាប់​​​​​នៅសាលាស្វាយជ្រំ”។

 

ជាលទ្ធផល លោកគ្រូអ្នកគ្រូទាំងអស់នឹងយកចិត្តទុកដាក់បន្ថែមទៅលើការងារដឹកនាំ និងគ្រប់គ្រង, ពង្រឹងសមត្ថភាព និងតួនាទី, គាំទ្រនិងទទួលខុសត្រូវដល់ក្រុមប្រឹក្សាកុមារ ព្រមទាំងចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក៕​

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ