ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីសិក្ខាសាលាស្តីពី ការផ្ទេរការនូវការអនុវត្ត និងទទួលខុសត្រូវនៃគម្រោង “ងាយស្រួលរៀន” ពីអង្គការឆាលហ្វាន កម្ពុជា ទៅអង្គការខេប និងភាគីពាក់ព័ន្ធ

Date : 2023-05-30
Facebook Twitter Google+ LinkedIn

ការរៀបចំកម្មវិធីសិក្ខាសាលាឆ្លុះបញ្ចាំង និងការផ្ទេរភារកិច្ចទទួលខុសត្រូវនៃការប្រតិបត្តិគម្រោងទៅដៃគូពាក់ព័ន្ធធ្វើបន្ត គឺជាការក្សបាននូវនិរន្តរភាពសកម្មភាពគម្រោងក្នុងការជួយអភិវឌ្ឍការអប់រំកុមារនៅកម្ពុជាឱ្យនៅតែដំណើរការល្អ។ គម្រោងងាយស្រួលរៀន ឬហៅកាត់ថា E2L ដែលបានប្រតិបត្តិដោយអង្គការ ខេប ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១មក បានធ្វើឱ្យសាលារៀនគោលដៅទាំង១១នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានការរីកចម្រើនទាំងឥរិយាបទសហគមន៍ និងអាជ្ញាធរមូលដ្ឋានចូលរួមការងារសាលារៀន។ គម្រោងនេះបានផ្លាស់ប្តូរទម្លាប់បង្រៀនរបស់គ្រូ ការគ្រប់គ្រងសាលារៀនរបស់នាយក/នាយិកា បណ្ណារក្ស ហេដ្ឋារចនាសម្ព័ន្ធ សម្ភាររៀន និងបង្រៀន ការរៀបចំថ្នាក់រៀន ការជួយកុមារពិការ កម្មវិធីប្រឹក្សាកុមារី កម្មវិធីអាហារូបករណ៍ កម្មវិធីបំណិនជីវិត ការកៀរគររកប្រភពថវិកាអភិវឌ្ឍន៍សាលា កិច្ចសហការរវាងគណៈកម្មការគ្រប់គ្រងសា​លារៀន និងឪពុកម្តាយសិស្ស ជាពិសេសគម្រោងបានផ្តល់នូវវគ្គបណ្តុះបណ្តាលសមត្ថភាពដល់ក្រុមគោលដៅទាំងអស់។

 

លោក វ៉ែន ប្រណី អនុ​ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែងបានមានប្រសាសន៍ថា ពេលវេលាថ្លៃជាងមាសប្រាក់ បើចាយអស់ហើយ មិនអាចរកមកវិញបានទេ ប៉ុន្តែមាសប្រាក់ លុយកាក់ ចាយអស់ហើយ យើងអាចរកមកវិញបាន។ យើងមិនភ្លេចទេចំពោះការចំណាយពេលវេលាចំនួន៣ឆ្នាំរបស់អង្គការឆាលហ្វាន កម្ពុជា និងអង្គការ ខេប ដែលបានជួយដល់សាលាគោលដៅទាំង១១ឱ្យមានដំណើរការលឿនជាងសាលាដទៃ

 

ការធ្វើឱ្យប្រសើរឡើងនូវការចូលប្រើប្រាស់ និងរក្សាទុកកុមារី និងកុមារដែលមានអាយុចូលសាលាបឋមសិក្សាដែលមាន និងគ្មានពិការភាពនៅក្នុងសាលាគោលដៅ ដោយបានជួយគូសផែនទីសាលារៀន យុទ្ធនាការចុះឈ្មោះ និងកំណត់អាយុកុមារចូលរៀន ការឧបត្ថម្ភលើតម្រូវការកុមារងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងពិការ ការផ្តល់សេវាអប់រំដល់កុមារនៅក្នុងភូមិជាប់សាលារៀនអំឡុងពេលរាតត្បាតពីជំងឺកូវីដ-១៩ជាសកល។ ការកែលម្អបរិស្ថានសាលារៀន ការបង្រៀន និងការរៀនស្របតាមគោលនយោបាយសាលាកុមារមេត្រី បរិយាកាសសិក្សាក្នុងថ្នាក់រៀន ការលើកកម្ពស់ទម្លាប់អានតាមរយៈការបង្កើតបណ្ណាល័យជាកន្លែងសិក្សាបែបបត់បែន ការបណ្តុះបណ្តាលផ្នែក ICT ពង្រឹងប្រព័ន្ធក្នុងសាលាដើម្បីដោះស្រាយបញ្ហាសិស្សរៀនខ្សោយ និងការធ្វើតេស្តវាយតម្លៃជាប្រចាំ។ ការពង្រឹងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងសាលារៀន ដើម្បីធានាបាននូវគណនេយ្យភាព ភាពជាម្ចាស់ និងការឆ្លើយតបយេនឌ័រ ជាពិសេសការពង្រឹងសមត្ថភាពគណៈកម្មការគ្រប់គ្រងសាលាសម្រាប់ធ្វើែផនការកែលម្អសាលរៀន។

 

លោក សៅ វណ្ណា នាយកប្រតិបត្តិអង្គការ ខេប បានមានប្រសាសន៍ថា  ៉ក្រោយពេលប្រតិបត្តិគម្រោងងាយស្រួលរៀនអស់រយៈពេល៣ឆ្នាំនៅសាលារៀនគោលដៅចំនួន១១ក្នុងស្រុកកំពង់ត្របែកកន្លងមកនេះ យើងមានមោទនភាពដោយសារយើងបានធ្វើដំណើរជាមួយគ្នាតាំងពីឆ្នាំទី១រហូតដល់ឆ្នាំទី៣នេះ ជាពិសេសជាមួយលោកគ្រូអ្នកគ្រូ លោកអុំ ពូ បងទាំងអស់នៅក្នុងស្រុកកំពង់ត្របែកនេះ។ យើងពិនិត្យឃើញថាជាសមិទ្ធិផលដែលយើងពេញចិត្តក្រោយពេលអនុវត្តដោយមានការចូលរួមគាំទ្រទាំងអស់គ្នា។ ខ្ញុំសូមស្នើដ៏ទទូចថា យើងទាំងអស់គ្នាគួរតែប្រឹងប្រែង រួបរួមគ្នា ក្នុងនាមជាម្ចាស់ផ្ទះ ម្ចាស់ប្រទេស ដើម្បីស្វែងរកថវិកាពីប្រភពផ្សេងៗសម្រាប់បន្តសកម្មភាពគម្រោងងាយស្រួលរៀន ក្រោយពីអង្គការឆាលហ្វាន កម្ពុជា បញ្ចប់ការគាំទ្រថវិកាចាប់ពីខែកក្កដា ឆ្នាំ២០២៣នេះទៅ

 

ទាំងនេះតម្រូវឱ្យមានការរៀបចំកម្មវិធីសិក្ខាសាលាជួបជុំគ្នាដើម្បីជូនដំណឹង និងចែករំលែកផលប៉ះពាល់នៃគម្រោង ការវិនិយោគ ការអនុវត្តល្អបំផុត សមិទ្ធិផល មេរៀនបទពិសោធន៍ និងបញ្ហាប្រឈមនៃគម្រោងទៅកាន់ភាគីពាក់ព័ន្ធដូចជា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំ យុវជន និងកីឡាស្រុក ក្រុមប្រឹក្សាកុមារ គណៈកម្មការគ្រប់គ្រងសាលា នាយក/នាយិកាសាលា គ្រូបង្រៀន នាយករងសាលា គ្រូបង្វិកអក្ខរកម្ម ក្រុមប្រឹក្សាឃុំ និងតំណាងសហគមន៍។ ម្យ៉ាងវិញទៀត សិក្ខាសាលានេះបានប្រមូលគំនិតយោបល់ពីអ្នកចូលរួមលើផ្នែកដែលនៅតែត្រូវការការគាំទ្របន្ថែម ដើម្បីធានានិរន្តរភាពសម្រាប់ប្រើប្រាស់ផែនការយុទ្ធសាស្រ្តរបស់អង្គការ ខេប បន្ទាប់ពីគម្រោងបញ្ចប់។

 

លោក ប្រាស្សាន វើម៉ា នាយកប្រចាំប្រទេស អង្គការឆាលហ្វាន កម្ពុជាបានមានប្រសាសន៍ថា “​​ក្រោយពេលចាប់ដៃគូជាមួយអង្គការ ខេប កន្លងមក យើងផ្ទេរគម្រោងនេះជាមួយសមិទ្ធិផលជាច្រើនទៅឱ្យសាលា អង្គការ ខេប ការិយាល័យអប់រំស្រុក មន្ទីរអប់រំខេត្ត ដើម្បីបន្តកែលម្អគុណភាព និងការសិក្សាតាមរយៈគម្រោងងាយស្រួលរៀន និងចម្លងភាពជោគជ័យដែលទទួលបានទៅសាលារៀនផ្សេងៗទៀត ដើម្បីពង្រីកភាពជោគជ័យនេះឱ្យបានច្រើន។ ទាំងនេះជាហេតុដែលយើងហៅសិក្ខាសាលានៅថ្ងៃនេះថាជាសិក្ខាសាលាផ្ទេរទៅសាលា មន្ទីរ និងសហគមន៍មូលដ្ឋាន។ អង្គការឆាលហ្វាន កម្ពុជា ក្នុងនាមជាអង្គការអន្តរជាតិមិនមានចេតនានៅមួយកន្លែងយូរទេ ឬមិនមានប្តូរតំបន់គោលដៅរបស់ខ្លួនឡើង

 

លោក សូ សុវណ្ណា ប្រធានការិយាល័យអប់រំស្រុកកំពង់ត្របែក បានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងសូមថ្លែងអំណរគុណនិងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការឆាលហ្វាន កម្ពុជា ក៏ដូចជា អង្គការ ខេប ដែលបានយកចិត្តទុកដាក់ចាប់យកស្រុកកំពង់ត្របែករបស់យើងជាដៃគូសហការអភិវឌ្ឍន៍សាលារៀនឱ្យទៅជាសាលាគំរូទៅថ្ងៃអនាគត។ នៅក្នុងស្រុកកំពង់ត្របែកមានវិទ្យាល័យចំនួន៤ អនុវិទ្យាល័យចំនួន១៥ សាលាបឋមសិក្សាចំនួន៥៨រួម សាលាបឋមសិក្សាខ្មែរអុីស្លាមចំនួន១ សាលាមត្តេយ្យរដ្ឋចំនួន៤៦ មត្តេយ្យដាច់ចំនួន៤សាលា និងសាលាមត្តេយ្យសហគមន៍ចំនួន៤៦។ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០មកដល់ពេលនេះ គម្រោងងាយស្រួលរៀនបានជួយជាអគារសិក្សា បណ្ណាល័យនិងសម្ភារបណ្ណាល័យ ថាប់ប្លែត ទូរទស្សន៍ឆ្លាតវៃ ទូរដាក់សម្ភារកុំព្យូទ័រ LCD បង្គន់អនាម័យ ធុងចម្រុះទឹកស្អាត កន្លែងលាងដៃ អាកុល ទូរបាញ់អាកុល កន្លែងនោមសម្រាប់កុមារ៉ា និងសម្ភារៈជាច្រើនទៀត។ អង្គការ ខេប បានជួយបង្រៀនផលិតសម្ភារបង្រៀន កែលម្អបរិស្ថាន បណ្តុះបណ្តាលដល់លោកនាយក/នាយិកា លោកគ្រូអ្នកគ្រូ អុំៗជាគណៈកម្មការគ្រប់គ្រងសាលារៀននូវជំនាញទន់ និងជំនាញរឹងជាប្រចាំរៀងរាល់ខែ និងការបណ្តុះបណ្តាលផ្នែកបច្ចេកទេសជាដើម។ល។

 

អ្នកចូលរួមទាំងអស់ ព្រមទាំំងតំណាងក្រុមប្រឹក្សាកុមារបានចូលរួមធ្វើការងារក្រុមតំណាងពីសាលាទាំង១១ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រឈម បទពិសោធន៍អនុវត្តក្នុងពេលកន្លងមក ប្រមូលគំនិតធ្វើផែនការសកម្មភាព និងលើកទិសដៅប្រតិបត្តិបន្តក្រោយគម្រោងបញ្ចប់អាណត្តិខ្លួននៅដំណាច់ខែមិថុនានេះ។

 

លោកស្រី ប៊ុន សារ៉ាន នាយិកាសាលាបឋមសិក្សាត្មាតកាង បានមានប្រសាសន៍ថា “គម្រោង E2L បានជួយច្រើនផ្នែកដល់សាលានាងខ្ញុំឱ្យបានរីកចម្រើន រួមមាន៖ ការគាំទ្រកុមារងាយរងគ្រោះ និងកុមារពិការ បណ្តុះបណ្តាគ្រូអក្ខរកម្មថ្នាក់ដំបូង រៀបចំបរិស្ថានថ្នាក់រៀន និងបរិស្ថានសិក្សាទូទៅ ការការពារកុមារ សុខភាពរបស់កុមារ វិធីធ្វើឱ្យមានការចូលរួមពីកុមារ ការចូលរួមរបស់មាតាបិតា និងសហគមន៍ ការកសាងសមត្ថភាពគណៈកម្មការគ្រប់គ្រងសាលា (SMC) និងការបណ្ដុះបណ្ដាលគ្រូ និងនាយសាលា។ សាលានាងខ្ញុំប្ដេជ្ញាថានឹងខិតខំថែរក្សា ការពារ ឱ្យបានល្អប្រសើរនូវសមិទ្ធិផលនានាដែលគម្រោងបានជួយ។ បុគ្គលិកសាលាបឋមសិក្សាត្មាតកាងទាំងអស់នឹងយកចំណេះដឹង ជំនាញ បទពិសោធន៍ល្អៗ ដែលខាងគម្រោងផ្ដល់ឱ្យ ទៅអនុវត្ត ផ្សព្វផ្សាយ ដល់សិស្ស មាតាបិតាសិស្ស និងសហគមន៍

 

សិក្ខាសាលាក្នុងរយៈពេល១ថ្ងៃកន្លះបានបង្ហាញឱ្យឃើញថា គម្រោងងាយស្រួលរៀនពិតជាបានជួយច្រើនដល់សាលារៀនគោលដៅទាំង១១ ជាពិសេសបានជួយបន្ថយបន្ទុកចំណាយថវិការបស់ការិយាល័យអប់រំ យុវជន និងកីឡាក្នុងការដឹកនាំ និងអភិវឌ្ឍន៍សាលារៀននៅមូលដ្ឋានរបស់ខ្លួន។

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសាលប្រជុំស្រុកកំពង់ត្របែក ​ខេត្តព្រៃវែង កាលពីថ្ងៃទី២៣ ដល់ ២៤ ខែឧសភា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមប្រមាណជា៧៥នាក់ ដែលជានាយក នាយិកា គណៈកម្មការគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ បណ្ណារក្ស ក្រុមប្រឹក្សាកុមារ អាជ្ញារស្រុក ប្រធានមន្ទីរ/ការិយាល័យអប់រំ យុវជន និងកីឡា នាយកនិងបុគ្គលិកអង្គការ ខេប និងអង្គការឆាលហ្វាន កម្ពុជា ក្រុមប្រឹក្សាឃុំ មេឃុំ និងអភិបាលស្រុកកំពង់ត្របែក៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ