ព័ត៌មាន និងព្រឹត្តិការណ៍

ពិធីសម្ពោធដាក់ឱ្យដំណើរការឯកសារស្ដីពី ការសិក្សាបែបគម្រោង

Date : 2023-08-17
Facebook Twitter Google+ LinkedIn

ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការឯកសារស្ដីពី ការសិក្សាបែបគម្រោង និងមានការចូលរួមសម្របសម្រួលកម្មវិធីពីអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (ខេប) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រី្តក្រសួងអប់រំយុវជននិងកីឡា នៅសាលារៀនជំនាន់ថ្មីវិទ្យាល័យព្រែកលៀប និងអមដំណើរដោយថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមកពី២៥រាជធានី-ខេត្ត ថ្នាក់ដឹកនាំជាន់ខ្ពស់អង្គការ ខេប លោកគ្រូអ្នកគ្រូ និងមន្ត្រីពាក់ព័ន្ធផ្សេងៗ។


ពិធីសម្ពោធនេះ ប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៣ ក្នុងគោលបំណងផ្សព្វផ្សាយការសិក្សាបែបគម្រោងដល់ប្រធានមន្ទីរអប់រំយុវជន និងកីឡាគ្រប់រាជធានី-ខេត្ត បានយល់ដឹងពីអត្ថប្រយោជន៍ និងរៀបចំផែនការបណ្តុះបណ្តាលការសិក្សាបែបគម្រោង ដល់មន្ត្រីអប់រំដទៃទៀតដើម្បីឱ្យការប្រើប្រាស់ឯកសារនេះកាន់តែទូលំទូលាយ ជាពិសេសលោកគ្រូអ្នកគ្រូនឹងទទួលបាននូវសមត្ថភាពបន្ថែមក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀនបែបថ្មី។ ទន្ទឹមនឹងនោះ ក៏មានការតាំងបង្ហាញស្នាដៃសិស្សានុសិស្សដែលមកពីសាលារៀនជំនាន់ថ្មីចំនួន១០ ផងដែរ។


ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងនូវវិធានការណ៍ចំនួនប្រាំបី ចំណុចរួមមាន៖ ១)ដាក់បញ្ចូលវិធីសាស្ត្របង្រៀន និងរៀនបែបថ្មី ដូចជា ការសិក្សាបែបគម្រោង ការសិក្សាបែបស្ថាបនានិយម ការសិក្សាបែបចម្រុះ ទៅក្នុងវិទ្យាស្ថានបណ្តុះបណ្តាលគ្រូ។
 ២ ដាក់ឱ្យអនុវត្តវិធីសាស្ត្របង្រៀនថ្មីដូចសាលារៀនជំនាន់ថ្មីទៅនឹងសាលារៀនគំរូ។ 
៣ អនុវត្តវិធីសាស្ត្រថ្មីនៅតាមសាលារៀនមួយចំនួនដែលនៅខាងក្រៅពីសាលារៀនជំនាន់ថ្មី សាលារៀនគំរូ និងសាលាធនធាន។
៤ រៀបចំផលិតជាវីដេអូពីវិធីសាស្ត្របង្រៀនបែបថ្មីទាំងកម្រិតបឋម និងមធ្យមសិក្សាដល់លោកគ្រូអ្នកគ្រូ។
 ៥ ចុះវាយតម្លៃលើលទ្ធផល និងលើកទឹកចិត្តគ្រូក្នុងការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មី។
៦ បន្តធ្វើការស្រាវជ្រាវគរុកោសល្យ ជាពិសេសនៅតាមសាលារៀនផ្សេង ដែលវាជាការចូលរួមចំណែក ជួយកែលម្អដល់ការអប់រំ។
៧ បង្កើតទំនាក់ទំនងរវាងអង្គការខេប និងក្រសួងក៏ដូចជាវិទ្យាស្ថានបណ្តុះបណ្តាលគ្រូដែលធ្វើការជាប្រព័ន្ធមួយស្របគ្នា។
៨ រៀបចំជាប្រព័ន្ធគ្រប់គ្រងមួយ សម្រាប់គាំទ្រដល់ការអនុវត្តវិធីសាស្ត្របង្រៀនថ្មី ។ 


ឯកឧត្តមបណ្ឌិតសភាចារ្យបាន ស្នើសូមឱ្យប្រធានមន្ទីរអប់រំយុវជន និងកីឡាទាំងអស់សាកល្បងយកវិធីសាស្ត្រថ្មីអនុវត្តនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា ព្រោះវាជាការឆ្លើយតបទៅនឹងគោលដៅនៃចិត្តសាស្ត្រអប់រំ ដើម្បីបណ្តុះសិស្សានុសិស្សឱ្យចេះរៀនខ្លួនឯងក្នុងសម័យបច្ចេកវិទ្យា ឬឌីជីថលនេះ។


ការសិក្សាបែបគម្រោង គឺជួយដល់គ្រូបឋមសិក្សា និងគ្រូមធ្យមសិក្សាទាំងអស់ក្នុងការលើកកម្ពស់វិធីសាស្ត្របង្រៀន ដោយជ្រើសរើសការបង្រៀនតាមរយៈការងារគម្រោងដែលផ្តល់ឱកាសដល់សិស្ស ក្នុងការសំយោគចំណេះដឹងពីផ្នែកផ្សេងៗនៃការសិក្សា រួចអនុវត្តនៅក្នុងសកម្មភាពប្រចាំថ្ងៃប្រកបដោយការវិភាគ និងច្នៃប្រឌិត៕

Link to other Website

អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ

អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក

ប្រព័ន្ធផ្សព្វផ្សាយ

ក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា

គេហទំព័រដទៃៗទៀត

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ