សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី
សិស្សអាហារូបករណ៍ស្រីមានការផ្លាស់ប្តូរជីវិត ហើយអាចបន្តជួយអ្នកដទៃទៀតដោយមិននឹកស្មានដល់
Date : 2015-03-26

ប៉ូ ស៊ីណេង ជានិស្សិតជំនាន់ទី២ ផ្នែកគណនេយ្យ ហើយនាងរស់នៅជាមួយឳពុកម្តាយ របស់់នាងនៅក្នុងអាគារដែលចាស់ទ្រុទទ្រោមមួយមានគ្រួសារជាច្រើនរស់នៅទីនោះនៅក្នុងស្រុកកំពង់ចាម។ នាងបានបោះបង់ក្តីស្រមៃរបស់ខ្លួនចង់ក្លាយទៅជាឱសថការីពីព្រោះឳពុកម្តាយរបស់នាងមិនអាចជួយនាងឲ្យទៅរៀននៅភ្នំពេញបានទេហើយការរៀនមុខវិជ្ជាវិទ្យាសាស្ត្រគឺត្រូវចំណាយខ្ពស់ណាស់។ ជាសំណាងល្អ នាងបានទទួលអាហារូបករណ៍ពីអង្គការ ខេប ដែលបានផ្តល់ឱកាសដល់នាងបានបន្តការសិក្សានៅសាកលវិទ្យាល័យនៅក្នុងខេត្តកំពង់ចាមដែលនៅជិតផ្ទះរបស់នាង។ បច្ចុប្បន្ននេះ នាងកំពុងរៀននៅឆ្នាំទី៤ ហើយនាងក៏កំពុងធ្វើការងារជាគណនេយ្យករនៅស្ថាប័នមីក្រូហិរញ្ញវត្ថុហត្ថាកសិករនៅស្រុកស្ទឹងត្រង់ ដែលនាងអាចរកប្រាក់ចំណូលដើម្បីជួយគាំទ្រការសិក្សាប្អូនប្រុសដែលកំពុងរៀនថ្នាក់ទី១២។ ស៊ីណេង បានរៀបរាប់ថា «ការងារនៅទីនោះនាងខ្ញុំទទួលខុសត្រូវលើផ្នែកសន្សំ ផ្តល់ប្រាក់កម្ចី កត់ត្រាលើប្រតិបត្តិការផ្សេងៗ ត្រួតពិនិត្យរាល់ការងារប្រចាំថ្ងៃរបស់បេឡាករ និងធ្វើរបាយការណ៍ហិរញ្ញវត្ថុផ្ញើទៅការិយាល័យកណ្តាល។» ស៊ីណេង មានភាពរឹងម៉ាំក្នុងការនិយាយជាសាធារណៈពីព្រោះនាងធ្លាប់បានស្ម័គ្រចិត្តចូលរួមសកម្មភាពជាច្រើន ដូចជា ធ្វើជាអ្នកដឹកនាំក្រុមកិច្ចការសាលាដឹកនាំការប្រជុំប្រចាំខែ ដឹកនាំក្លឹបសិក្សាគណនី។ លើសពីនេះទៅទៀតនៅពេលដែលនាងបានចូលរួមវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាផ្សេងៗ នាងតែងតែព្យាយាមចែករំលែកអ្វីដែលនាងធ្លាប់បានដឹង និងសួរសំនួរជាច្រើនដើម្បីពង្រឹងទំនុកចិត្ត និងចំណេះដឹងរបស់ខ្លួន។ នាងបានទទួលការសរសើរជាច្រើនពីសំណាក់លោកសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ព្រមទាំងប្រធាននៅកន្លែងការងាររបស់នាងផងដែរ។ លោក ចន្ទ សុភា ប្រធានសាខាស្ថាប័នមីក្រូហិរញ្ញវត្ថុហត្ថាកសិករបានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់ថា «ស៊ីណេងជាបុគ្គលិកដែលប្រឹងប្រែងធ្វើការងារណាស់ ហើយឆាប់យល់ការងារទៀត។ ឥឡូវរាល់ការងាររបស់នាង នាងអាចធ្វើបានដោយខ្លួនឯង ហើយនាងដើរតួនាទីសំខាន់ក្នុងការបង្រៀនបុគ្គលិកថ្មីៗថែមទៀតផង។» គាត់បានបន្ថែមទៀតថា «ខ្ញុំនឹងផ្តល់អនុសាសន៍ឲ្យនាងធ្វើជាប្រធានគណនេយ្យករនៅពេលដែលសាខាថ្មីបានបង្កើតឡើងនៅឆ្នាំ២០១៦ខាងមុខនេះ។»
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ