ព័ត៌មាន និងព្រឹត្តិការណ៍

កម្មវិធីស្ដីពីឱកាសការងារសម្រាប់និស្សិតអាហាររូបករណ៍កម្រិតឧត្ដមសិក្សា

Date : 2019-07-18
Facebook Twitter Google+ LinkedIn Addthis

គម្រោងអាហារូបករណ៍និស្សិតកម្រិតឧត្ដមសិក្សា (CTSP) បានរៀចចំកម្មវិធីស្តីពីឱកាសការងារសម្រាប់និស្សិតអាហាររូបករណ៍កម្រិតឧត្ដមសិក្សា ដែលមានការអញ្ចើញចូលរួមពីសំណាក់តំណាងក្រុមហ៊ុន សហគ្រាស ធនាគារ សាលារៀន និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៣០ស្ថាប័ននៅក្នុងខេត្តកំពង់ចាម ដើម្បីធ្វើបទបង្ហាញចែករំលែកអំពីតម្រូវការការងារ និងសិក្សាអំពីបទពិសោធន៍នៃសិក្សា និងគុណសម្បត្តិរបស់និស្សិតអាហារូបករណ៍កម្រិតឧត្តមសិក្សារបស់អង្គការ ខេប នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងក្រុងកំពង់ចាម។ និស្សិតអាហារូបករណ៍បានចូលរួមធ្វើបទបង្ហាញអំពីប្រវត្តិផ្ទាល់ខ្លួនសង្ខេប ការសិក្សា ការងារស្ម័គ្រចិត្ត និងជំនាញដែលពួកគាត់ប្តេជ្ញាចិត្តខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីមានសមត្ថភាពគ្រប់គ្រាន់យកទៅចិញ្ចឹមជីវិត និងបម្រើប្រទេសជាតិ។ ក្នុងឱកាសនេះផងដែរ គ្រប់តំណាងក្រុមហ៊ុនបានធ្វើការបង្ហាញអំពីលក្ខខណ្ឌ និងភារកិច្ចទទួលខុសត្រូវដល់ប្អូនៗនិស្សិត CTSP ធ្វើជាមូលដ្ឋានគ្រឹះពង្រឹងការសិក្សាឱ្យសមស្របទៅនឹងតម្រូវការទីផ្សារការងារ។

 

អង្គការ ខេប បានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្កើតសាលាធម្មនុញ្ញក្នុងប្រព័ន្ធសាលារៀនសាធារណៈដែលផ្តល់នូវការអប់រំកំរិតខ្ពស់ពិសេសសម្រាប់យុវជនកម្ពុជា ជាពិសេសក្នុងមុខវិជ្ជា STEM តាំងពីឆ្នាំ ២០១៥ ដោយប្រើប្រាស់អង្គការ ខេប ជាអ្នកអនុវត្តន៍។ ស្ថាប័នសាលារៀនថ្មីនេះត្រូវបានគេស្គាល់ថា សាលារៀនជំនាន់ថ្មី និងមានផ្នែកសំខាន់ៗនៃកម្មវិធីកំណែទម្រង់អប់រំជាតិរបស់ក្រសួងអប់រំយុវជននិងកីឡា។ រដ្ឋមន្រ្តីក្រសួងអប់រំបានយកចិត្តទុកដាក់ជាពិសេសទៅលើស្ថាប័នទាំងនេះជាមធ្យោបាយមួយដើម្បីជំរុញកំណែទម្រង់ និងអភិបាលកិច្ចល្អប្រសើរនៅក្នុងសាលារៀនសាធារណៈធម្មតា។ ជាលទ្ធផលមានអ្នកទទួលផលផ្ទាល់ជាកុមារ និងយុវវ័យជាង៧០០០០នាក់ ពីគម្រោងចំនួន១៨នៅក្នុងខេត្តចំនួន១៤។

 

គម្រោងអាហារូបករណ៍និស្សិតកម្រិតឧត្ដមសិក្សា ឫហៅកាត់ថា CTSP បានចូលរួមជួយដោះស្រាយបញ្ហាវិសមភាពយេនឌ័រ កម្មវិធីអាហារូបករណ៍កម្រិតឧត្ដមសិក្សាដែលបានគាំទ្រដោយអង្គការមូលនិធិអាស៊ី និងក្រោមជំនួយមូលនិធិ Merali និង Lotus Circle។ គម្រោង CTSP ផ្តល់ឱកាសដល់យុវនារី មានឆន្ទៈ ប្ដេជ្ញាចិត្ត និងមកពីគ្រួសារដែលមានប្រាក់ចំណូលទាបឱ្យទទួលបានការអប់រំកម្រិតបរិញ្ញាបត្រ និងមានការងារសមរម្យបន្ទាប់ពីបញ្ចប់ការសិក្សា។

 

 

អតីតយុវនារីចំនួន ១១៦នាក់ បានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រ និងមានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុន ធនាគារ អង្គការក្រៅរដ្ឋាភិបាល និងនៅតាមស្ថាប័នរដ្ឋាភិបាលក្នុងព្រះរាជាណាចក្រកម្ពុជា។

 

តាមរយៈម្ចាស់ជំនួយដដែល ស្រ្តីវ័យក្មេងចំនួន៣០នាក់ ត្រូវបានជ្រើសរើសឱ្យសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំ នៅសាកលវិទ្យាល័យវេស្ទើនក្នុងខេត្តកំពង់ចាមក្នុងឆ្នាំសិក្សា ២០១៦-២០២០។ ពួកគាត់ទាំងនោះកំពុងសិក្សាឆ្នាំទី៣ លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងធនាគារ រដ្ឋបាលសាធារណៈ អក្សរសាស្រ្តអង់គ្លេស និងគ្រប់គ្រង។ ក្រៅពីការសិក្សានៅសាកលវិទ្យាល័យ ពួកគាត់ទទួលបានវគ្គបណ្ដុះបណ្ដាលជាច្រើន ដូចជា កុំព្យូទ័រ ភាសាអង់គ្លេស ជំនាញទន់ និងភាពជាអ្នកដឹកនាំផងដែរ។ ម្យ៉ាងវិញទៀត ពួកគាត់ក៏បានចូលរួមការងារស័្មគ្រចិត្តនៅក្នុងសង្គមដែលជាទន់សម្រាប់អាជីពការងារនៅពេលអនាគត ប្រកបដោយគុណភាព និងគុណតម្លៃ។

 

កម្មវិធីនៅថ្ងៃនេះមានគោលបំណងបង្ហាញពីគម្រោង CTSP ដល់អ្នកពាក់ព័ន្ធ បង្កើតបណ្ដាញ និងទំនាក់ទំនងល្អជាមួយ គ្រឹះស្ថានធនាគារ ក្រុមហ៊ុន និងអង្គការក្រៅរដ្ឋាភិបាល ជាពិសេសផ្តល់ឱកាសដល់និស្សិត CTSP បានយល់ដឹងពីទីផ្សារការងារ និងឱកាសហាត់ការងារ ឬការងារពេញម៉ោងរបស់ពួកគាត់ដោយមិនប៉ះពាល់ការសិក្សា។ កម្មវិធីនេះក៏លើកទឹកចិត្តដល់និស្សិតអាហារូបករណ៍បានរៀនសូត្រពីអ្នកដឹកនាំនៅក្នុងស្ថាប័ននីមួយៗផងដែរ។

 

កម្មវិធីនេះត្រូវបានគាំទ្រដោយអង្គការមូលនិធិអាស៊ីប្រចាំនៅប្រទេសកម្ពុជា និងប្រតិបត្តិការដោយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា​។ 

146

បឋមសិក្សា

19

មធ្យមសិក្សា

71000

សិក្សានុសិស្ស

1650

គ្រូបង្រៀន / នាយក

142000

ភាគីពាក់ព័ន្ធ