បច្ចុប្បន្នភាពគម្រោង
គម្រោង ការត្រៀមខ្លួនរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI RAP)
១. ប្រវត្តិគម្រោង
គម្រោង AI Ready ASEAN ដឹកនាំដោយមូលនិធិអាស៊ាន និងគាំទ្រដោយក្រុមហ៊ុន Google.org គឺជាកម្មវិធីថ្នាក់តំបន់ ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ចំណេះដឹងអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងការសរសេរកូដតាមរយៈ Hour of Code ដែលជាចលនាសកលដើម្បីណែនាំវិទ្យាសាស្ត្រកុំព្យូទ័រដល់មនុស្សគ្រប់វ័យ។ គម្រោងនេះមានគោលបំណងធ្វើឱ្យការសរសេរកូដ និង AI ក្លាយជារឿងសាមញ្ញ សប្បាយ និងអាចប្រើប្រាស់បានសម្រាប់សិស្ស គ្រូបង្រៀន ឪពុកម្តាយ និងសហគមន៍នៅទូទាំងបណ្តាប្រទេសអាស៊ាន។
២. គោលបំណងចម្បង
គោលដៅចម្បង គឺជំរុញឱ្យមនុស្សត្រៀមខ្លួនក្នុងការទទួលយកបញ្ញាសិប្បនិម្មិត (AI) ដោយបំពាក់បំប៉ននូវជំនាញមូលដ្ឋានសរសេរកូដ និងចំណេះដឹងអំពី AI។ តាមរយៈការយល់ដឹងអំពីរបៀបដំណើរការរបស់ AI និងកូដ អ្នកចូលរួមអាចធ្វើការសម្រេចចិត្តប្រកបដោយបញ្ញា ការពារឯកជនភាព ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត និងត្រៀមខ្លួនសម្រាប់អាជីពនាពេលអនាគតនៅក្នុងពិភពបច្ចេកវិទ្យា។
៣. បច្ចុប្បន្នភាពគម្រោង
គម្រោងនឹងធ្វើការផ្សព្វផ្សាយសកម្មភាព Hour of Code នៅទូទាំងប្រទេសអាស៊ាន ដោយលើកទឹកចិត្តឱ្យសាលារៀន សហគមន៍ និងអ្នករៀបចំវគ្គសិក្សាកូដរយៈពេលមួយម៉ោង។ ដោយមានការគាំទ្រពី Code.org គម្រោងនេះផ្តល់ជូននូវសកម្មភាពគួរឱ្យចាប់អារម្មណ៍ និងឯកសារងាយស្រួលយល់ បកប្រែជាង ៤៨ ភាសា ដោយផ្តោតលើការបញ្ចូលការសរសេរកូដទៅក្នុងកម្មវិធីអប់រំ និងសហគមន៍។ គម្រោងនេះនឹងសង្កត់ធ្ងន់លើការប្រមូលទិន្នន័យ និងសក្ខីកម្មដើម្បីវាយតម្លៃពីផលជះ។
៤. សកម្មភាពគម្រោងសំខាន់ៗ
- រៀបចំព្រឹត្តិការណ៍ Hour of Code៖ រៀបចំវគ្គសិក្សាកូដមួយម៉ោង (តាមអនឡាញ ដោយផ្ទាល់ ឬកូនកាត់) ជាមួយសកម្មភាពដូចជា "AI for Oceans" ឬ "Classic Maze"។
- បណ្តុះបណ្តាលគ្រូ និងសហគមន៍៖ ណែនាំគ្រូបង្រៀន និងអ្នកដឹកនាំឱ្យបង្កើតគណនី Code.org បង្កើតថ្នាក់រផន និងដាក់ការងារឱ្យសិស្ស។
- ប្រមូលទិន្នន័យ៖ ប្រមូលព័ត៌មានប្រជាសាស្ត្រ ព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ និងមតិអ្នកចូលរួមដើម្បីត្រួតពិនិត្យ តាមដាន និងវាយតម្លៃ។
- ការផ្សព្វផ្សាយ៖ ប្រើប្រាស់អ៊ីមែល ផ្ទាំងរូបភាព វីដេអូ និងបណ្តាញសង្គមដើម្បីទាក់ទាញអ្នកចូលរួម និងបង្កើនអ្នកចូលមើល។
- ការប្រមូលសក្ខីកម្ម៖ ប្រមូលសក្ខីកម្មយ៉ាងហោចណាស់ចំនួន ៥ ករណីក្នុងមួយព្រឹត្តិការណ៍ ដោយផ្តល់អាទិភាពដល់ក្រុមងាយរងគ្រោះ ដើម្បីបង្ហាញពីផលជះគម្រោង ។
៥. សកម្មភាពសង្ខេប
លក្ខណៈពិសេសនៃគម្រោង គឺការរៀបចំព្រឹត្តិការណ៍ Hour of Code ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដូចជាការណែនាំជាជំហានៗដល់គ្រូបង្រៀន។ ឧទាហរណ៍ គ្រូបង្រៀនបង្កើតគណនីនៅ Code.org បង្កើតថ្នាក់រៀនដែលអាចចូលប្រើប្រាស់បានតាមអាយុសមស្រប (ឧ. ដោយប្រើពាក្យសម្ងាត់ជារូបភាពសម្រាប់កុមារអាយុ ៤-៨ ឆ្នាំ ឬ Google Classroom សម្រាប់សិស្សធំ) និងផ្តល់កិច្ចការ ដូចជា "AI for Oceans" ដែលអ្នកចូលរួមហ្វឹកហាត់ AI ដើម្បីសម្អាតមហាសមុទ្រនិម្មិត។ ព្រឹត្តិការណ៍នេះមានរយៈពេល ៦០ នាទី៖
- ៥-១០ នាទីសម្រាប់ការស្វាគមន៍ និងការធ្វើតេស្តដើមគ្រា
- ២៥-៤៥ នាទីសម្រាប់សកម្មភាពសំខាន់
- ៥-១០ នាទីសម្រាប់ការឆ្លុះបញ្ចាំង ការធ្វើតេស្តចុងគ្រា និងការចែកវិញ្ញាបនបត្រ។ គម្រោងក៏គាំទ្រសកម្មភាពដោយផ្ទាល់សម្រាប់តំបន់ដែលមានអ៊ីនធឺណិតនៅមានកម្រិត ដើម្បីធានាការចូលរួមប្រកបដោយបរិយាបន្ន។
៦. ក្រុមគោលដៅនៃអ្នកទទួលផល
គម្រោងផ្តោតលើក្រុមអ្នកទទួលផលចំរុះគ្នា៖
- យុវជន (១៥-៣៥ ឆ្នាំ)៖ តាមរយៈសកម្មភាពសរសេរកូដសប្បាយៗ។
- ឪពុកម្តាយ៖ លើកទឹកចិត្តឱ្យគាំទ្រការរៀន AI របស់កូន ឬរៀបចំវគ្គនៅផ្ទះ។
- គ្រូបង្រៀន៖ ផ្តល់ផែនការមេរៀន និងឧបករណ៍សម្រាប់បង្រៀនកូដ។
- អ្នកបណ្តុះបណ្តាល៖ ផ្តោតលើចំណេះដឹង AI និងបច្ចេកទេសបង្រៀន។
- សហគមន៍៖ រួមទាំងក្រុមងាយរងគ្រោះ ដូចជាជនពិការ ស្ត្រី ជនជាតិដើមភាគតិច និងគ្រួសារមានប្រាក់ចំណូលទាប ដើម្បីធានាការចូលប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយសមធម៌។
៧. ទស្សនៈអនាគត
គម្រោង AI Ready ASEAN មានចក្ខុវិស័យពង្រីក Hour of Code ទៅជាចលនាមាននិរន្តរភាព ដោយបញ្ចូលចំណេះដឹងអំពីកូដ និង AI ទៅក្នុងកម្មវិធីសិក្សារបស់សាលារៀន និងកម្មវិធីសហគមន៍នៅទូទាំងប្រទេសអាស៊ាន។ គម្រោងនេះមានគោលបំណងផ្តល់អំណាចដល់មនុស្សកាន់តែច្រើនឱ្យចេះបង្កើតបច្ចេកវិទ្យា មិនមែនគ្រាន់តែប្រើប្រាស់វានោះទេ ដោយជំរុញឱ្យមានជំនាន់អ្នកគិតប្រកបដោយការវិភាគ និងបង្កើតថ្មី។ គម្រោងនឹងបន្តទាញយកអត្ថប្រយោជន៍ពីភាពជាដៃគូជាមួយ Code.org និង Google.org ក្នុងការប្រមូលសក្ខីកម្មមានឥទ្ធិពល និងលើកកម្ពស់សមធម៌ ដើម្បីត្រៀមខ្លួនប្រទេសអាស៊ានសម្រាប់អនាគតដែលដឹកនាំដោយ AI។
៨. ម្ចាស់ជំនួយ
គម្រោងនេះទទួលការគាំទ្រពី Google.org ដែលជាផ្នែកមួយនៃសកម្មភាពសប្បុរសធម៌របស់ Google ផ្តល់មូលនិធិដល់គម្រោង ការត្រៀមរបស់អាស៊ានដើម្បីទទួលយកបញ្ញាសិប្បនិម្មិត (AI RAP) ដើម្បីជំរុញការអប់រំបច្ចេកវិទ្យា និងបរិយាបន្នឌីជីថលសកល។
៩. សេចក្តីបន្ថែម
គម្រោងនេះនឹងសង្កត់ធ្ងន់លើភាពងាយស្រួលក្នុងការចូលប្រើប្រាស់ ដោយសកម្មភាពតម្រូវឱ្យមានការរៀបចំតិចតួចបំផុត (ទូរសព្ទឆ្លាតវៃ ថាប្លែត ឬមិនប្រើឧបករណ៍សម្រាប់ជម្រើសគ្មានអ៊ីនធឺណិត) និងអាចប្រើប្រាស់បានជាង ៤៨ ភាសា ដើម្បីធានាបាននូវការចូលរួមយ៉ាងទូលំទូលាយ។ ការផ្តោតលើការប្រមូលសក្ខីកម្មពីក្រុមងាយរងគ្រោះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្ហាញផលជះចំរុះ ដែលនឹងជួយជាមគ្គុទេសន៍អនុវត្តនាពេលអនាគតរបស់កម្មវិធី។
សារជំរុញទឹកចិត្តគម្រោង៖
"ចូលរួមសិក្សា Hour of Code៖ បង្ហាញនូវសក្តានុពលពីអនាគតរបស់អ្នកជាមួយបច្ចេកវិទ្យា AI!
សូមស្រមៃមើលពិភពលោកមួយដែលអ្នកបង្កើតកម្មវិធីដែលអ្នកស្រលាញ់ រចនាហ្គេមដែលជំរុញទឹកចិត្ត ឬសូម្បីតែបង្រៀនបច្ចេកវិទ្យា AI ដើម្បីដោះស្រាយបញ្ហាពិភពលោកដូចជាការសម្អាតមហាសមុទ្រ! Hour of Code ដែលត្រូវបានរៀបចំដោយមូលនិធិអាស៊ាន និង Google.org គឺជាឱកាសរបស់អ្នកដើម្បីស្វែងយល់ពីពិភពសរសេរកូដ និងបច្ចេកវិទ្យា AI ដ៏គួរឱ្យទាក់ទាញ ដែលមិនត្រូវការឱ្យអ្នកមានបទពិសោធន៍អ្វីទាំងអស់!
ចំណាយពេលត្រឹមតែមួយម៉ោង អ្នកនឹងយល់ឃើញថា ការសរសេរកូដគឺសប្បាយ និងសាមញ្ញយ៉ាងខ្លាំងតាមរយៈហ្គេម និងសកម្មភាពអន្តរកម្ម ដែលមានជាង ៤៨ភាសា។ មិនថាអ្នកជាសិស្ស ឪពុកម្តាយ ឬគ្រូបង្រៀននោះទេ ចលនាសកលនេះបានជំរុញទឹកចិត្តមនុស្សជាង ១០០លាននាក់ ទូទាំងពិភពលោកឱ្យបង្កើត ដោះស្រាយបញ្ហា និងរៀបចំអនាគត។
ហេតុអ្វីអ្នកត្រូវចូលរួមកម្មវិធីនេះ?
- ចូរបង្កើត កុំគ្រាន់តែប្រើប្រាស់៖ បង្កើតកម្មវិធី ហ្គេម ឬឧបករណ៍ AI។
- រៀបចំអនាគតអាជីពរបស់អ្នក៖ ជំនាញបច្ចេកវិទ្យាបានបើកឱកាសឱ្យអ្នកដោយគ្មានដែនកំណត់។
- ភាពសប្បាយរីករាយ៖ ការសរសេរកូដគឺមានលក្ខណៈសប្បាយរីករាយដូចសិល្បៈ ឬតន្ត្រីអញ្ចឹង!
សូមចាប់ផ្តើមនៅថ្ងៃនេះ! សូមចូលទៅកាន់ code.org ជ្រើសរើសសកម្មភាព និងរៀបចំ ឬចូលរួមព្រឹត្តិការណ៍នៅចន្លោះពីថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី១៨ ខែធ្នូនេះ។
តោះសរសេរកូដ បង្កើត និងធ្វើឱ្យកម្ពុជាត្រៀមខ្លួនទទួលយកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត/AI!"
#HourOfCode #AIReady #CodingForAll #AIReadyASEAN #ASEANFoundation #KAPEprojects
117
មត្តេយ្យសិក្សា
178
បឋមសិក្សា
207
មធ្យមសិក្សា
2
ឧត្តមសិក្សា
163,072
សិស្សានុសិស្ស
4,487
គ្រូបង្រៀន / នាយក
5,362
ភាគីពាក់ព័ន្ធ