សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ការផ្តល់កង់ដល់កុមារក្រីក្រទៅសាលារៀន គឺជាការផ្តល់ឱកាសនូវការអប់រំដ៏ប្រសើរ

Date : 2023-06-02
Facebook Twitter Google+ LinkedIn Addthis

សែម ថុង អាយុ១៦ឆ្នាំ គឺជាសិស្សរៀនថ្នាក់ទី៦ នៅសាលាបឋមសិក្សា ជុំគ្រៀល។ ថុងជាក្មេងកំព្រាដោយសារឪពុកម្តាយបានលះលែងគ្នាតាំងពីគាត់មានអាយុជាង១ខួបមេ្លះ។  បច្ចុប្បន្ននេះ គាត់រស់នៅជាមួយជីដូនជីតាដែលជាកសិករក្រីក្រ ក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។ ថុងមានការលំបាកខ្លាំងក្នុងការធ្វើដំណើរទៅសាលារៀនដែលមានចម្ងាយប្រមាណជាង៣គីឡូម៉ែត្រ ផ្លូវលំបត់បែន និងមិនសូវមានសុវត្ថិភាពថ្មើជើងទេ។  ជីតាបានជូនគាត់ទៅសាលារៀន ពេលខ្លះទៅជាមួយមិត្តភក្រ ឬថ្មើជើង។ ជីតាគ្មានលទ្ធភាពទិញកង់ឱ្យចៅជិះទៅរៀនទេ ដែលជាហេតុធ្វើឱ្យថុងឧស្សាហ៍អវត្តមាន និងទៅសាលារៀនយឺតច្រើនដង។

 

នៅមុនពេលគម្រោងមិនទាន់ផ្តល់អាហារូបករណ៍ជាកង់ ថុងទៅសាលារៀនយឺត ត្រូវដើរកាត់ភ្លឺស្រែ មិនទៀងទាត់ ហើយជីវភាពគ្រួសារក្រលំបាក។ ក្រៅពីធ្វើស្រូវស្រែរួច​ ជីតាគាត់បានទៅធ្វើកម្មករប្រមូលអំបិលឱ្យគេ រីឯយាយជាមេផ្ទះ និងមិនអាចដើរឆ្ងាយបាន។ ដោយសារចំណូលតិចតួចស្តួចស្តើងពេក ជីតាគ្មានលទ្ធភាពផ្គត់ផ្គង់ឱ្យចៅទៅរៀនបានគ្រប់គ្រាន់នោះទេ។ ថុងរៀនខ្សោយផ្នែកភាសាខ្មែរជាងគេ និងជាប់ចំណាត់ថ្នាក់លេខ២០ ចំណែកមុខវិជ្ជាផ្សេងៗក៏មិនសូវពូកែ។ ថុងបានខកខានមកសាលារៀនញឹកញាប់ ពេលខ្លះមិនចង់មកសាលារៀនទៀតផង ដោយសារការលំបាកនៅក្នុងគ្រួសារ។ ថុងរស់នៅជាមួយជីតាប្រៀបដូចជាឪពុកម្តាយរបស់គាត់បង្កើត។

 

ក្រោយពេលថុងទទួលបានអាហារូបករណ៍ជាកង់ពីគម្រោង COSAVED នៅឆ្នាំ២០២២ ការសិក្សារបស់ថុងមានភាពល្អប្រសើរឡើងវិញ មករៀនទៀងទាត់ លទ្ធផលសិក្សាកើនឡើង រីឯចំណាត់ថ្នាក់បានហក់មកជាប់លេខ១៦។ ថុងមានការសប្បាយចិត្តយ៉ាងខ្លាំងដោយសារបានកង់ធ្វើជាមធ្យោយងាយស្រួល និងចំណាយតិចជាងមុនដើម្បីទៅសាលារៀន ជាពិសេសទទួលបានការលើកទឹកចិត្តពីគម្រោង។ ថុងបាននិយាយថា “វាប្លែកជាងមុន ខ្ញុំឃើញសាលាជួសជុលដាក់កម្រាលបេតុង រៀបចំបណ្ណាល័យ មានគ្រូចុះដល់ផ្ទះខ្ញុំ។ ឥឡូវនេះ ខ្ញុំមានកង់ជិះមកសាលាងាយស្រួល ខ្ញុំឈប់ដើរកាត់ភ្លឺស្រែទៅសាលារៀនដូចមុនទៀតហើយ។ ខ្ញុំសប្បាយចិត្ត ហើយនឹងខិតរៀនសូត្រ។ នៅថ្ងៃអនាគត ខ្ញុំចង់ក្លាយទៅជានគរបាល”។

 

លោកតារបស់ថុងបានមានប្រសាសន៍ថា “លទ្ធផលសិក្សាពីមុនបានតែ៤០%ទេ ប៉ុន្តែឥឡូវនេះបានកើនឡើងជាង៨០%។ ខ្ញុំក៏សប្បាយរីករាយដោយសារគម្រោងបានផ្តល់កង់ដល់ចៅខ្ញុំ ហើយបានជួយសម្រួលបន្ទុករបស់ខ្ញុំមួយផ្នែក។ ខ្ញុំបានក្រើនរំលឹកដាស់តឿនចៅមើលមេរៀន និងធ្វើលំហាត់បន្ថែមនៅផ្ទះពេលទំនេរ ”។

 

គ្រូបន្ទុកថ្នាក់ និងលោកនាយកតែងតែជួយជំរុញលើកទឹកចិត្តឱ្យថុងខិតខំប្រឹងប្រែងរៀនសូត្រកាន់តែប្រសើរឡើង។ លោក ឈឹម ងីវ ជានាយកសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ហ៊ុន សែន ម៉ារីកូ ជុំគ្រៀល បានមានប្រសាសន៍ថា  “បច្ចុប្បន្ននេះ ថុងបានមកសាលារៀនទៀងទាត់ពេលវេលាឡើងវិញ មិនអវត្តមានដូចមុន លទ្ធផលសិក្សាកើនឡើង។ ថុងមានការសប្បាយចិត្តច្រើន ព្រោះគាត់លែងពិបាកធ្វើដំណើរមកសាលារៀនដូចមុនទៀតហើយ ”។

 

គម្រោង COSAVED ត្រូវបានប្រតិបត្តិដោយអង្គការ ខេប ដោយសហការជាមួយអង្គការ AeA ក្រោមជំនួយហិរញ្ញប្បទានពីសហភាពអឺរ៉ុប/Educate a Child។ គម្រោង COSAVED បានផ្តល់ការបណ្តុះបណ្តាលគ្រូបង្រៀន នាយកសាលា បណ្ណារក្ស ការប្រជុំឪពុកម្តាយ គណៈកម្មការគ្រប់គ្រងសាលារៀន ប្រព័ន្ធរំលឹកទុកជាមុន សម្ភារអាហារូបករណ៍ ជួសជុលអគារសិក្សា បណ្តាល័យ ការផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់សាលាមត្តេយ្យសហគមន៍ ជួសជុលនិងកសាងបង្គន់អនាម័យ ការលើកកម្ពស់លទ្ធភាពទទួលបានការអប់រំសម្រាប់សិស្សកូនអ្នកនេសាទនៅក្នុងគម្រោង ដោយធ្វើសកម្មភាពសំខាន់ៗបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពសិក្សារបស់កុមារថ្នាក់បឋមសិក្សានៅក្នុងតំបន់ និងបង្កើនការចុះឈ្មោះចូលរៀន និងពង្រឹងគុណភាពសិក្សាសម្រាប់សិស្សអនុវិទ្យាល័យនៅក្នុងតំបន់គម្រោង CO-SAVED។ ទោះបីរស់នៅជាកុមារកំព្រារឪពុកម្តាយក៏ដោយ តែថុងមានការព្យាយាមតស៊ូខិតខំប្រឹងប្រែងរៀនសូត្រ ត្រូវការជំនួយស្មារតី សម្ភារៈសិក្សា និងមធ្យោបាយសម្រាប់ធ្វើដំណើរទៅសាលារៀន៕

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ