សមិទ្ធិផលជោគជ័យ និងគំនិតផ្តួចផ្តើមថ្មី

ផលផ្លាស់ប្តូរវិជ្ជមានរបស់នាយក និងគណៈកម្មការគ្រប់គ្រងសាលារៀន

Date : 2021-09-10
Facebook Twitter Google+ LinkedIn Addthis

សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែនកន្ទួត ស្ថិតនៅក្នុងភូមិកន្ទួត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានចម្ងាយពីទីរួមខេត្ត ៦៥គីឡូម៉ែត្រ និងមានចម្ងាយពីការិយាល័យអប់រំ យុវជន និងកីឡាស្រុក ៣៩គីឡូម៉ែត្រ។ មានភូមិចំណុះសាលា ៤​ភូមិ ក​ន្ទួត ខ្ពប ព្នៅ និងភូមិសែនផល ជាមួយប្រជាជនសរុបចំនួន ២,៨២១ នាក់ និងមានចំនួន ៩២២ គ្រួសារដែលភាគច្រើនបំផុតជាកសិករ ហើយមានអ្នកចំណាកស្រុក ៥% និងគ្រួសារក្រីក្រ ៨%។

 

សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កន្ទួត ត្រូវបានកសាងឡើងនៅក្នុងឆ្នាំ១៩៩៧ មានអគារមួយខ្នង៦បន្ទប់ហើយបានដំណើរការរហូតដល់ឆ្នាំ២០១៤ដោយមានកំណើនសិស្សកើនឡើងជាបន្តបន្ទាប់ ដោយមើលឃើញការលំបាកសប្បុរសជប៉ុនបានសាងសង់អគារមួយខ្នង មានពីរបន្ទប់បន្ថែម។

ស្ថានភាពនៅមុនពេលគម្រោងកុមារកម្ពុជារីករាយ​​ (HCC) ចូលមកអន្តរាគមន៍ សាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែនកន្ទួតបានជួបប្រទះបញ្ហាប្រឈមច្រើន ដូចជា ខ្វះអគារសិក្សា ពិសេសថ្នាក់មត្តេយ្យសិក្សា អគារសិក្សាពេលនោះមានលក្ខណៈទ្រុឌទ្រោម ធ្លុះធ្លាយ ខ្វះហេដ្ឋារចនាសម្ព័ន្ធ (បង្គន់ចាស់ពិបាកប្រើប្រាស់) ខ្វះសម្ភារៈប្រើប្រាស់ (តុ ក្តារខៀន​ កៅអី)។  បញ្ហាទាំងអស់នោះ សាលារៀនមិនអាចដោះស្រាយបានទេ ដោយសារលើសពីលទ្ធភាពដែលសាលាមាន តែលោកនាយកបានស្វះស្វែងការគាំទ្រពីថ្នាក់ដឹកនាំខាងលើ តែលទ្ធផលឆ្លើយតបគឺនៅយឺតយ៉ាវ។ ដោយសារវាត្រូវការទំហំថវិកាធំធេងពេក សប្បុរជននៅក្នុងសហគមន៍មិនអាចមានលទ្ធភាព និងសមត្ថភាពជួយដោះស្រាយបាន។

 

 

ស្ថានភាពសាលារៀនមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សបន្ទាប់ពីមានអន្តរាគមន៍របស់គម្រោងកុមារកម្ពុជារីករាយ​ចាប់តាំងពីឆ្នាំ២០១៩មក។ លោក សន គង់ នាយកសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុន សែន កន្ទួត បានមានប្រសាសន៍ថា “វាជារឿងមួយមិនងាយស្រួលឡើយដើម្បីស្វែងរកការគាំទ្រពីម្ចាស់ជំនួយខាងក្រៅ ព្រោះយើងត្រូវប្តេជ្ញាចិត្តខ្ពស់លះបង់ពេលវេលា ទាំងកំលាំងកាយនិងកំលាំងចិត្តចំពោះការងារដឹកនាំអភិវឌ្ឍន៍សាលារៀន។ យើងត្រូវមានទំនាក់ទំនងល្អជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធ។ ខ្ញុំពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះការជួយរបស់គម្រោង HCC ព្រោះវាបានធ្វើឱ្យសាលារៀនរបស់ខ្ញុំមានការផ្លាស់ប្តូរមុខមាត់ ដូចជា ការជួសជុលអគារសិក្សាចាស់ៗចំនួនពីរខ្នងមាន ៨បន្ទាប់​ កសាងអគារសិក្សាថ្នាក់មត្តេយ្យថ្មី ១ខ្នងមាន​ ២បន្ទប់ និងបង្គន់អនាម័យ ១ខ្នងមាន ២បន្ទប់ ជួសជុលតុ កៅអី ជាពិសេសការផ្តល់សម្ភារៈសិក្សាបន្ថែម។​ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងដឹកនាំសាលារៀន ខ្ញុំបានទទួលបទពិសោធន៍ពីគម្រោង ហើយបានផ្លាស់ប្តូរឥរិយាបថក្នុងការគ្រប់គ្រង និងដឹកនាំសាលារៀន​ ជាពិសេសការហានប្រថុយ (នាយកសាលាត្រូវហានប្រថុយសម្រាប់កុមារ) ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ រៀបចំផ្ទាំងរូបចម្លាក់សត្វ រៀបចំសកម្មភាពរៀនរបស់កុមារតាមតម្រូវការ និងកៀរគរធនធានពីមូលដ្ឋាន។ បច្ចុប្បន្ន​នេះ ខ្ញុំបញ្ចប់ការសាងសង់របងសាលារៀនប្រវែង ១០៥ម៉្រែត ដោយមានការចូលរួមពីសហគមន៍​ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធយ៉ាងផុសផុល“

 

គម្រោង កុមារកម្ពុជារីករាយ ហៅកាត់ថា (HCC) បានជួយបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន ទាំងគ្រូក្របខណ្ឌនិងគ្រូកិច្ចសន្យាតាមរយៈសិក្ខាសាលាខ្លីៗ និងវែងក្នុងគោលបំណងកសាងធនធានមនុស្សឱ្យរឹងមាំ ធ្វើយ៉ាងណាឱ្យលោកគ្រូអ្នកគ្រូមានសមត្ថភាពគ្រប់គ្រាន់សម្រាប់បង្រៀនសិស្សប្រកបដោយភាពច្នៃប្រឌិតថ្មីៗ។ គម្រោងបានជួយអភិវឌ្ឍន៍សាលាបឋមសិក្សាប៊ុនរ៉ានី ហ៊ុន សែនកន្ទួតបន្ថែមទៀត ផ្នែកតុបតែងថ្នាក់រៀន បច្ចេកទេសផលិតសម្ភារៈសិក្សា ការធ្វើតេស្តអំណាន ការអនុវត្តមុខងារប្រកបដោយវិជ្ជាជីវៈ និងមានការផ្លាស់ប្តូរឥរិយាបបង្រៀនសិស្ស។

 

បច្ចប្បន្ន លោកគ្រូអ្នកគ្រូមកបង្រៀនទៀងទាត់ មានសមគ្គីភាពល្អ ធ្វើឱ្យសិស្សមានភាពសប្បាយរីករាយក្នុងការសិក្សា និងមកសាលារៀនជាប់លាប់។ បរិស្ថានសាលាមានការរៀបចំបែបច្នៃប្រឌិត និងទាក់ទាញសិស្ស ជាពិសេសសហគមន៍បានចាប់អារម្មណ៍យកចិត្តទុកដាក់យ៉ាងផុសផុលចូលរួមការងារអភិវឌ្ឍសាលារៀន។ ការបង្ហាញសមិទ្ធផលអភិវឌ្ឍន៍សាលារៀនរបស់គណៈគ្រប់គ្រងដល់ឪពុកម្តាយសិស្ស អាជ្ញាធរ និងសហគមន៍ បានជំរុញឱ្យមាតាបិតាតាមដានការសិក្សារបស់កូន។ សាលាមានការប្រែប្រួលទាំងបរិស្ថាន គុណភាពអប់រំ និងឥរិយាបថសិស្ស។

 

លោក ទួន ឃុនឡេង ប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន ហៅកាត់ថា​(SMC) បានមានប្រសាសន៍ថា “ខ្ញុំមានសេចក្តីរំភើបដែលមានគម្រោងកុមារកម្ពុជារីករាយចូលមកជួយអភិវឌ្ឍន៍សាលារបស់ខ្ញុំ។ គម្រោងបានបើកវគ្គបណ្តុះបណ្តាលអំពីតួនាទី និងភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងសាលារៀន របៀបរៀបចំបោះឆ្នោត ជាពិសេសការផ្សព្វផ្សាយព័ត៌មានអំពីការសិក្សាកូន និងការងារសាលាដល់ឪពុកម្តាយសិស្ស​ និងទទួលព័ត៌មានត្រឡប់ពីពួកគាត់វិញ។ ខ្ញុំបានយល់ដឹងអំពីសារៈសំខាន់នៃការអប់រំកុមារខ្លាំងជាងមុន និងរួមសហការយ៉ាងស្អិតរមួតជាមួយនាយកនិងអាជ្ញាអរ តាមដានការបង្រៀនរបស់លោកគ្រូអ្នកគ្រូ និងការសិក្សារបស់សិស្ស។ ខ្ញុំសូមឱ្យគម្រោង HCC ផ្តល់សម្ភារៈសិក្សា វគ្គបណ្តុះបណ្តាលផ្សេងៗ និងបន្តជួយសាលារៀនយើងខ្ញុំទៀត ”។

 

ចំណែកមត្តេយ្យសិក្សាវិញ លោកនាយក និងគណៈកម្មការទ្រទ្រង់សាលារៀន បានដឹកនាំប្រជុំជាមួយមាតាបិតាសិស្សទៀងទាត់ ដើម្បីផ្សព្វផ្សាយសកម្មភាពសាលារៀន និងលទ្ធផលសិក្សារបស់សិស្ស ទោះបីអាក់ខានការប្រជុំនេះដោយសារការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែលោកនាយកបានប្រើប្រាស់ប្រព័ន្ធអនឡាញ ដើម្បីឱ្យគ្រូបង្រៀនសិស្ស ផ្តល់ព័ត៌មាន និងទំនាក់ទំនងជាមួយឪពុកម្តាយ និងសហគមន៍។

 

ក្រោមការដឹកនាំរបស់លោក សន គង់ និងជំនួយបច្ចកទេសពីគម្រោង HCC សាលាបឋមសិក្សា ប៊ុនរ៉ានី ហ៊ុន សែន កន្ទួត បានផ្លាស់ប្តូរមុខមាត់ គ្រូបង្រៀនសិស្សមានលក្ខណៈច្នៃប្រឌិត បរិស្ថានស្អាត មានសម្ភារៈបង្រៀនច្រើនប្រភេទ មានអគារសិក្សាគ្រប់គ្រាន់ មានការប្រជុំផ្សព្វផ្សាយដល់អាណាព្យាបាល និងឪពុកម្តាយសិស្សទូលំទូលាយ មានកិច្ចសហការពីអ្នកពាក់ព័ន្ធ អាជ្ញាធរ និងលោកគ្រូអ្នកគ្រូទាំងអស់។ សាលារៀននេះរីកចម្រើនដោយសារការមានឆន្ទៈរឹងមាំ និងទស្សនវិស័យច្បាស់លាស់របស់ថ្នាក់ដឹកនាំសាលា និងលោកគ្រូអ្នកគ្រូ បានធ្វើឱ្យកុមារក្នុងមូលដ្ឋានទទួលបានការអប់រំប្រកបដោយគុណភាព៕

 

#HCC #kapeprojects

42

មត្តេយ្យសិក្សា

172

បឋមសិក្សា

110

មធ្យមសិក្សា

6

ឧត្តមសិក្សា

120,831

សិស្សានុសិស្ស

2,806

គ្រូបង្រៀន / នាយក

1,496

ភាគីពាក់ព័ន្ធ